អន្តរជាតិ
មី​យ៉ាន់​ម៉ា រៀបចំ​ធ្វើ​ច្បាប់​ព័ត៌មានវិទ្យា​បង្ក្រាប​អ្នក​ប្រមាថ​មេដឹកនាំ ជាពិសេស​តាម​ហ្វេ​ស​ប៊ុ​ក​
16, Dec 2018 , 5:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ កំពុងតែ​សិក្សា និង​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​ព័ត៌មានវិទ្យា​ដើម្បី​ជា​វិធាន​ទប់ស្កាត់ និង​ប្រឆាំង​សកម្ម​ភាពមិន​គប្បី​តាម​បណ្តាញ​សង្គម ជាពិសេស​ហ្វេ​ស​ប៊ុ​ក ដែល​ក្រុង​ពិដោរ មើលឃើញថា កំពុងតែ​មានការ​កើនឡើង​។ ក្រុង​ពិដោរ មិន​ចង់​ឲ្យ​បញ្ហា​នេះ កាន់តែ​រីក​រាលដាល និង​ថែមទាំង​បង្ក​អស្ថិរភាព​ដល់​ប្រទេស​ទៀតផង​។​



« យើង កំពុងតែ​ពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ក្នុងស្រុក និង​បរទេស​ពាក់ព័ន្ធ​ទម្រង់​នៃ​ការកសាង​ច្បាប់ និង​បច្ចេកវិទ្យា ដើម្បី​ចាត់វិធានការ​ប្រឆាំង​លើ​បុគ្គល​ទាំងឡាយណា​ដែល​អាចធ្វើ​ឲ្យ​អស្ថិរភាព​ប្រទេស​, ការវាយប្រហារ​លើ​បុគ្គល​ផ្សេងទៀត​, ការប្រើប្រាស់​ពាក្យពេចន៍​មិន​គប្បី​, ឬ​ក្លែងបន្លំ​ព័ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​»​។ នេះ គឺជា​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​ផ្នែក​ទូរគមនាគមន៍​នៃ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Thar Oo នៅ​ថ្ងៃ​១៣ ធ្នូ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Myanmar Times មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដដែល​នោះ បាន​ទទួលស្គាល់ថា កម្មវិធី ហ្វេ​ស​ប៊ុ​ក គឺជា​បណ្តាញ​សង្គម​ទំនាក់ទំនង ដែលមាន​ស្តង់ដារ​សម្រាប់​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ បែបបទ​ទាំងនោះ មិនមាន​លក្ខណៈ​ផ្នែក​ច្បាប់​រឹងមាំ​ឡើយ ដែល​ចំណុច​នេះ លោក អះអាងថា ជា​ផល​លំបាក​មួយ​ក្នុងការ​ចាត់វិធានការ​ផ្នែក​ច្បាប់​។ 
 
​លោក បាន​អះអាងថា បច្ចុប្បន្ន មី​យ៉ាន់​ម៉ា មានច្បាប់​ពីរ​សម្រាប់​គ្រប់គ្រង​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បរិហារកេរ្តិ៍ និង​ក្លែងបន្លំ​តាម​អ៊ី​ន​ធើ​នែ​ត ហើយ​ប្រជាជន ក៏​អាចដាក់​បណ្តឹង​ទៅកាន់​ប៉ូលិស​បាន​ផងដែរ ប្រសិនបើ​ជួប​ករណីនេះ​។ 
 
​ដោយឡែក​សម្រាប់​ការព្យាយាម​អនុវត្ត​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ លោក បាន​បញ្ជាក់ថា ជាការ​អនុវត្ត​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​ដើម្បី​ការពារ​ទិន្ន័យ​តាម​ប្រព័ន្ធ​វិទ្យា​នោះទេ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា កន្លងមក មាន​រិះគន់​ខ្លាំង​ពី​បណ្តា​ក្រុម​អង្គការ​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច្បាប់​ដើម្បី​គ្រប់គ្រង​ព័ត៌មានវិទ្យា ដោយ​ពួកគេ យល់ឃើញថា ការធ្វើ​បែបនេះ អាចពាក់ព័ន្ធ​ដល់​សិទ្ធិ​បញ្ចេញមតិ​ជាដើម​។ ក៏ប៉ុន្តែ មិនមែន​មានតែ​មី​យ៉ាន់​ម៉ា​ឡើយ ដែល​ចង់​ធ្វើ​ច្បាប់​នេះ សូម្បីតែ​ហ្វីលីពីន និង​សិង្ហ​បុរី ជាដើម​នោះ ក៏​ចង់​មានច្បាប់​ប្រឆាំងនឹង​អ្នក​រិះគន់ និង​ប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស​តាម​បណ្តាញ​សង្គម​ផងដែរ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com