ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទ អូចា បានអំពាវនាវឲ្យប្រជាពលរដ្ឋគិត និងពិចារណាឲ្យបានល្អិតល្អន់ក្នុងការបោះឆ្នោតសភាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ ដែលរំពឹងថានឹងកើតឡើងនៅខែកុម្ភៈខាងមុខ។ ប្រមុខរបបសឹក ក៏បានថ្លែងអំណរគុណដល់ប្រជាជន ដែលទុកចិត្តលោក ក៏ដូចជាចង់ឲ្យលោក បន្តកាន់តំណែងទៅទៀត។
នាឱកាសនៃការចុះជួបប្រជាពលរដ្ឋនៅក្នុងខេត្ត Bueng Kan នៅថ្ងៃ១២ ធ្នូ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានសារភាពថា លោក បានក្លាយជាអ្នកនយោបាយពេញសិទ្ធិហើយ ខណៈកន្លងមក លោក អះអាងថា លោក គ្រាន់តែចូលកាន់តំណែងដើម្បីធានាឡើងវិញនូវសន្តិសុខ និងសណ្តាប់ថៃឡើងវិញ។
តាមការចុះផ្សាយសារព័ត៌មាន The Nation នៅចំពោះមុខប្រជាជនប្រមាណ ៥០០០នាក់ ដែលជាវេទិកាលោកជជែកដើម្បីដោះស្រាយបញ្ហាប្រឈមផងនោះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានអះអាងថា លោក ពិតជាលំបាកក្នុងការដឹកនាំប្រទេស ក៏ប៉ុន្តែ សុខចិត្តទទួលយកការលំបាកនេះ ហើយ ដាក់ចិត្តដាក់ជីវិតនៅក្នុងតួនាទីនេះដើម្បីប្រជាជន។
ជុំវិញសំណូមពររបស់ប្រជាជនមួយចំនួន ដែលចង់ឲ្យលោកបន្តតំណែងទៅមុខ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅវិញយ៉ាងដូច្នេះ៖« ខណៈពេលរៀបចំដំណេក ខ្ញុំ បានពិចារណាការណ៍ដែលប្រជាជន ផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ ហើយហេតុអ្វីបានជាពួកគេ ចង់ឲ្យខ្ញុំ ធ្វើការនេះ។ នោះ ក៏ព្រោះតែ ពួកគេ មានក្តីសង្ឃឹម ហើយ ខ្ញុំ ត្រូវតែធ្វើឲ្យក្តីប្រាថ្នារបស់ពួកគេក្លាយជាការពិត»។
ឆ្លៀតឱកាសនោះផងដែរ ប្រមុខរបបសឹករូបនេះ ក៏បានទទូចឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ពិចារណាឲ្យបានច្បាស់លាស់ ពោលគឺគួរតែត្រូវបោះឆ្នោតឲ្យបេក្ខជនណាដែលមានគោលនយោបាយដឹកនាំវែងឆ្ងាយពិតប្រាកដសម្រាប់ជាតិ។ លោកនាយករដ្ឋមន្ត្រី ជឿជាក់ថា ប្រជាជន នឹងមិនគាំទ្រឲ្យបុគ្គលទាំងឡាយណា ដឹកនាំប្រទេស ហើយបណ្តែតបណ្តោយឲ្យមានភាពរញ៉ែរញៃក្នុងប្រទេសម្តងទៀតនោះទេ។
លោកនាយករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់ប្រជាជនកុំឲ្យកុំឲ្យចេញបាតុកម្ម ឬប្រមូលផ្តុំគ្នានៅតាមដងផ្លូវដូចពេលមុនៗ ដែលលោក ចាត់ទុកថា អំពើបែបនេះ គឺជាការបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ។ លោកនាយករដ្ឋមន្ត្រី ទើបតែចេញលិខិតបង្គាប់ដកការហាមឃាត់លើការជួបជុំ ដែលលោក បានដាក់តាំងពីពេលលោក ឡើងកាន់អំណាចប៉ុន្មានថ្ងៃនេះនោះទេ។
សូមជម្រាផងដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានឡើងកាន់អំណាចជាប្រមុខដឹកនាំរាជាណាចក្រថៃនៅថ្ងៃ២២ ឧសភា ឆ្នាំ២០១៤ តាមរយៈរដ្ឋប្រហារយោធា។ កន្លងមក លោក ប្រាយុទ្ធ បានអះអាងថា វត្តមានរបស់លោក ក៏ព្រោះដើម្បីស្តារស្ថានភាពប្រទេសឡើងវិញ ក្រោយពីត្រូវបានមេដឹកនាំមុនៗធ្វើឲ្យបែកខ្ញែកនិន្នាការគ្នា។
នៅខែកុម្ភៈ ឆ្នាំក្រោយ លោក ប្រាយុទ្ធ ក៏ទំនងជាចូលប្រជែងការបោះឆ្នោតផងដែរ ក៏ប៉ុន្តែលោក មិនទាន់ជាក់ច្បាស់ ថាលោក នៅក្នុងបេក្ខភាពនៃបក្សណានៅឡើយនោះទេ ខណៈបក្សខ្លះ បានប្រកាសចង់តែងតាំងរូបលោក ជាបេក្ខភាពនាយករដ្ឋមន្ត្រីរួចទៅហើយ៕