សុខភាព
អន្តរជាតិ
សិង្ហ​បុរី​ត្រៀម​អនុវត្ត​វិធានការ​បន្ថយ​ការផឹក​ភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់ ទប់ស្កាត់​កំណើន​អ្នក​កើត​ទឹកនោមផ្អែម​
16, Dec 2018 , 2:29 pm        
រូបភាព
ក្រសួងសុខាភិបាល​រប​ស់​សិង្ហ​បុរី​កំពុង​ណែនាំ​សាធារណៈជន​សិង្ហ​បុរី​ឲ្យ​បានដឹង​ពី​វិធានការ​ថ្មី ដែលមាន​គោលដៅ​កាត់បន្ថយ​ការផឹក​ភេសជ្ជៈ​ដែល​សម្បូរ​ជាតិ​ស្ករ ដើម្បី​ធានា​សុខភាព​ប្រជាជន និង​ទប់ស្កាត់​ការកើនឡើង​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​។​



​វិធានការ​ថ្មី​របស់​សិង្ហ​បុរី​នេះ​ដែល​នឹងត្រូវ​អនុវត្ត​នោះ ផ្តោតលើ​ការបញ្ឈប់​ការលក់ និង​បន្ថែម​តម្លៃ​ពន្ធ​ទៅលើ​ផលិតផល​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ទីផ្សារ​។ នេះ​បើតាម​ការផ្សាយ​ទូរទស្សន៍ Channel News Asia នៅ​ដើមខែ​ធ្នូ​នេះ​។

​វិធានការ​នេះ​ត្រូវបាន​ដាក់ចេញ ក្រោយពី​ពេល​ក្រសួងសុខាភិបាល​រកឃើញ​ថា សិង្ហ​បុរី​បាន​ក្លាយជា​ប្រទេសមួយ​ដែល​សម្បូរ​អ្នកជំងឺ​ទឹកនោមផ្អែម​ក្នុងចំណោម​បណ្តា​ប្រទេស​អភិរ​ឌ្ឍ​។ អ្នកនាំពាក្យ​ក្រសួង បាន​លើកឡើងថា ប្រសិនបើ​វិធានការ​នេះ​មិន​ត្រូវបាន​អនុវត្ត​ទាន់ពេលវេលា​ទេនោះ គេ​ប៉ាន់​ស្មានថា ប្រជាជន​សិង្ហ​បុរី​ប្រហែល​មួយ​លាន​នាក់​នឹងមាន​ជំងឺ​ទឹកនោមផ្អែម​នៅពេល​អនាគត​ក្នុង​ឆ្នាំ ២០៥០​ខាងមុខ​។​

​ប្រជាជន​សិង្ហ​បុរី ជា​មធ្យម​បរិភោគ​ជាតិ​ស្ករ​ប្រមាណ​ជា​៦០​ក្រាម​ក្នុង​មួយថ្ងៃៗ ដែល​ភាគច្រើន​មាន​ប្រភព​មកពី​ភេសជ្ជៈ​កំប៉ុង​ដែល​ដាក់លក់​តាម​ទីផ្សារ​។ ការកាត់បន្ថយ​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​នេះ​ក៏​ត្រូវបាន​ភ្នាក់ងារ​ពាក់ព័ន្ធ​មួយចំនួន លើកឡើង​និង​ពន្យល់​ដល់​មហាជន​តាម​ទីសាធារណៈ​និង​នៅក្នុង​សាលារៀន​។​
 
​ក្រសួង​ក៏បាន​ហាម​អាជីវ​ករលក់​ភេសជ្ជៈ​ដែលមាន​បរិមាណ​ស្ករ​ខ្ពស់​នៅតាម​សាលារៀន​ដែរ ប៉ុន្តែ​អតិថិជន​អាច​ជាវនៅ​កន្លែង​ផ្សេង​បាន​។ ក្រសួង​ក៏បាន​ណែនាំ​ឲ្យ​រោងចក្រ​ផលិត​ភេសជ្ជៈ​ផ្អែមៗ​មួយចំនួនកាត់បន្ថយ​ប្រើប្រាស់បរិមាណ​ស្ករ​ក្នុង​ផលិតផល​របស់ខ្លួន​តា​ម​តែ​អាចធ្វើ​បានដែរ​។ វិធានការ​មួយ​ផ្សេងទៀត​មានដូចជា​ការកាត់បន្ថយ​ការផ្សាយពាណិជ្ជកម្ម​ភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់ ជាពិសេស​ចំពោះ​កុមារា​កុមារ​តូចៗ​។

​ការអនុវត្ត​វិធានការ​ទាំងអស់នេះ​ក៏ត្រូវ​ពឹងផ្អែក​យោបល់​របស់​ប្រជាពលរដ្ឋ​សិង្ហ​បុរី​ជាមុនសិន​ដែរ​។ ពលរដ្ឋ​សិង្ហ​បុរី​អាច​បញ្ចេញ​គំនិត​យោបល់​ផ្ទាល់ ដើម្បី​សម្រេច​ថា វិធានការ​នេះ​ពិត​ជាមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពួកគាត់​មែន​ឬក៏​យ៉ាងណា​។ ក្រសួងសុខាភិបាល​នឹង​ស្ទង់​មតិ​មហាជន​ដែរ ដើម្បី​សម្រេច​អនុវត្ត​វិធានការ​នេះ​៕




Tag:
 ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com