ជាតិ
អ្នកឯកទេស​ផ្នែក​សុខភាព​ណែនាំ​ស្ដ្រី​ឱ្យប្រើ​ប្រាស់​សំឡី​អនាម័យ​ធ្វើ​ពី​ក្រណាត់​
16, Dec 2018 , 8:39 pm        
រូបភាព
​សៀមរាប​៖ កន្លងមក​ធ្លាប់មាន​ការស្រាវជ្រាវ និង​បង្ហាញ​ពី​ផលប៉ះពាល់​ដល់​សុខភាព​ស្ដ្រី​ជាខ្លាំង ពេល​ពួកគេ​ប្រើប្រាស់​សំឡី​អនាម័យ​ធ្វើ​ពី​ប្លា​ស្ទិ​ក​។ សំឡី​អនាម័យ​ប្លា​ស្ទិ​ក អាច​បង្ក​ជា​មេរោគ​មហារីក​ស្បូន​។ កម្មវិធី​អប់រំ​សុខភាព​មួយ​ពី​ប្រទេស​ម៉ាឡេស៊ី បាន​បង្រៀន​ស្ដ្រី​កម្ពុជា​ឱ្យ​រៀន​ដេរ​ក្រណាត់​ធ្វើ​ទ្រនាប់​សំឡី ជំនួស​ការប្រើ​សំឡី​បច្ចុប្បន្ន​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ក ព្រោះ​វា​អាច​បង្ក​ជំងឺ​ច្រើនយ៉ាង​ដោយ​ស្ដ្រី​ដោយ​មិនដឹង​ខ្លួន​។

 
​កម្មវិធី​អប់រំ​ខ្លី​ស្ដីពី​សុខភាព​ស្ដ្រី សុខភាព​ផ្លូវភេទ និង​របៀប​ដេរ​សំឡី​អនាម័យ​ពី​ក្រណាត់ ត្រូវបាន​បង្រៀន​ទៅកាន់​ក្មេងស្រី​ក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ កម្មវិធី​នេះ គឺ​បង្រៀន​ដោយ​អ្នកស្ម័គ្រចិត្ត​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​គម្រោង​បាន​អនុវត្តន៍​ភាគច្រើន​នៅ​តំបន់​ដែលមាន​ការអប់រំ​តិចតួច​។ 


 
​កាលពី​ថ្ងៃទី​១១ ធ្នូ ឆ្នាំ​២០១៨ កម្មវិធី​ខាងលើ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​អង្គការ ផែ​ប​ភី ដោយមាន​យុវជន និង​យុវនារី​ប្រមាណ ៣០​នាក់​ចូលរួម ដែល​ភាគច្រើន​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​។ អ្នកគ្រូ​ពេទ្យ ឡូ​រ៉ា គឺជា​គិលានុបដ្ឋាយិកា​មកពី​ប្រទេស អូ​ស្រា្ដ​លី គឺជា​គ្រូបង្រៀន​នៅក្នុង​វគ្គ​អប់រំ​ខ្លី​ខាងលើ​។ 


 
​សម្រាប់​អ្នកគ្រូ ឡូ​រ៉ា ការអប់រំ​ផ្លូវភេទ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​យុវវ័យ ដើម្បីឱ្យ​ពួកគេ​ត្រៀមខ្លួន និង​យល់ដឹង ថា​តើ​ពេលណា​ពួកគេ​គួរ​រួមភេទ និង​មិនគួរ និង​ពេលណា​គួរ​មានកូន ឬ​មិនគួរ​។ យ៉ាងណា អ្នកគ្រូ​មើលឃើញថា ការអប់រំ​បែបនេះ​នៅ​ប្រទេស​កម្ពុជា​នៅមានកម្រិត​នៅឡើយ គឺ​មិនទាន់​ទូលំទូលាយ​ដូច​នៅ​ម​ជ្ឈឹ​ម​ប្រទេស​ទេ ដោយសារ​បរិយាកាស​ស​ង្គ​ម​នៅមាន​ភាព​ខ្មាសអៀន​ច្រើន​។ អ្នកឯកទេស​ផ្នែក​សុខភាព​មកពី​ប្រទេស​អូស្ដ្រាលី លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​និយាយ​រឿង​សុខភាព​ផ្លូវភេទ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​សារសំខាន់​សម្រាប់​ពួកគេ​។​


 
​ក្រៅពី​បង្រៀន​ពី​ការអប់រំ​ផ្លូវភេទ​ហើយ​នោះ កម្មវិធី​អប់រំ​នៅពេលនោះ​ក៏​បង្ហាញ​ពី​វិធីសាស្ដ្រ​ដេរ​សំឡី​អនាម័យ​បែប​បុរាណ​ដល់​ស្ដ្រី​ផងដែរ​។ អ្នកជំនាញ​ថា ក្រណាត់​គឺជា​ទ្រនាប់​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្ដ្រី​ពេល​មក​រដូវ ដ្បិតថា សំឡី​អនាម័យ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​សព្វថ្ងៃ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ស្ដ្រី វា​អាច​បង្ក​ជា​ជំងឺមហារីក​ផងដែរ​។​


 
​លោក តាំង វុទ្ធី ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​គម្រោង​សំឡី​អនាម័យ​កម្ពុជា និង​មិត្តភក្ដិ​ជនជាតិ​ម៉ាឡេស៊ី​៤​នាក់​ទៀត បាន​ផ្តើម​គម្រោង​នេះ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៧​។ លោក​ពន្យល់ថា ហេតុផល​ដែល​ក្រុមការងារ​លោក​រៀប​ចំគ​ម្រោ​ង​នេះ​នៅ​ខេត្តសៀមរាប ដោយសារ​បានឃើញ​តំបន់​មួយចំនួន​មាន​កង្វះ​ការអប់រំ​ទាក់ទង​នឹង​បញ្ហា​អនាម័យ ហើយ​ក្មេងស្រី​មួយចំនួន​បាន​បោះបង់​ការសិក្សា​នៅពេល​ពួកគេ​គ្រប់​អាយុ​មក​រដូវ​។ លោក​បន្ថែមថា​៖« ការស្រាវជ្រាវ​របស់ខ្ញុំ​រកឃើញថា ក្មេងស្រី​ដែល​មក​រដូវ ពួកគេ​ឈប់​មក​សាលា ដោយសារ​ការ​ខ្មាសអៀន និង​មិនចេះ​សម្អាត​ជាដើម​»​។​


 
​ទាក់ទង​នឹង​ការប្រើប្រាស់​សំឡី​អនាម័យ​ពី​ក្រណាត់ តាម​ការពន្យល់​របស់​លោក តាំង វុទ្ធី វា​បាន​ជួយ​ស្ដ្រី​ពី​ជំ​ងី​អា​ឡាក់​ស៊ី ទប់ស្កាត់​ការបង្ក​មេរោគ​មហារីក​។​ល​។ លោក​បន្ថែមថា បច្ចុប្បន្ន​នៅ​ប្រទេសមួយ​ចំនួន​បាន​ប្ដូរ​មកប្រើប្រាស់​តាមបែប​ប្រពៃណី​នេះ​វិញ ដោយបាន​យល់​ពី​ផលប៉ះពាល់​នៃ​សំឡី​ប្លា​ស្ទិ​ក​។ 
 
​អ្នកគ្រូ ឡូ​រ៉ា បាន​ពន្យល់ថា ការប្រើប្រាស់​សំឡី​បច្ចុប្បន្ន​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ជាខ្លាំង​។ អ្នកគ្រូ​គាំទ្រ​ចំពោះ​ការប្រើ​សំឡី​ពី​ក្រណាត់ ព្រោះ​វា​មាន​សារសំខាន់​ដល់​សុខភាព រួមទាំង​កាត់បន្ថយ​ការចំណាយ តែ​អ្នកគ្រូ​រំ​ឮ​ក​ឱ្យមាន​ការសម្អាត​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​


 
​យុវតី ឡា​ដា អាយុ​១៧​ឆ្នាំ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​ខាងលើ​បាន​និយាយថា វា​មាន​សារសំខាន់​មែនទែន​សម្រាប់​ខ្លួន​នាង នៅពេល​ដឹង​ពី​បញ្ហា​សុខភាព​បាន​ច្រើន​បែបនេះ​។ ឡា​ដា បន្ថែមថា នាង​គាំទ្រ និង​ទទួលយក​វិធិ​សាស្ដ្រ​ប្រើប្រាស់​សំឡី​អនាម័យ​ពី​ក្រណាត់ ព្រោះ​វា​អាច​បង្កា​រោគ​មហារីក​ស្បូន​ពី​ការប្រើ​សំឡី​ប្លា​ស្ទិ​ក​ដែល​ខ្លួន​នាង​មើលមិនឃើញ​។ ឡា​ដា អះអាងថា នឹង​ផ្តើម​ប្រើប្រាស់​វិធីសាស្ដ្រ​បុរាណ​នេះ ហើយនឹង​ណែនាំ​ដល់​បងប្អូន និង​មិត្តភក្ដិ​ឯទៀត​យល់​ពី​បញ្ហា និង​របៀប​ប្រើ​នេះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com