ជាតិ
សម្តេច ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ នេះ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង ដែលមានថាមពលអនុភាព៤០០មេហ្គាវ៉ាត់។
វារីអគ្គិសនីសេសានក្រោម២ ដែលមានថាមពលអនុភាពខ្ពស់ជាងគេនៅកម្ពុជានេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់ខ្មែរ ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ១០ភាគរយ។
វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។
ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រទេសជាតិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕
Tag:
វារីអគ្គិសនីសេសាន២
© រក្សាសិទ្ធិដោយ thmeythmey.com