ជាតិ
សម្ដេច ហ៊ុន សែន នៅតែ​មិន​ជឿថា ការសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នឹងធ្វើ​ឲ្យ​បាត់បង់​ត្រី​៧០​ភាគរយ​ឡើយ​
17, Dec 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ បើទោះជា​មានការ​ព្រួយបារម្ភ​ពី​រឿង​បាត់បង់​ត្រី​មួយចំនួន​នៅ​ទន្លេ​សា​សាន​ក្រោម​២ នាពេល​អនាគត ដោយសារតែ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ក្តី ក៏​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ជឿថា នឹងមាន​រឿង​នោះ​កើតឡើង​ដែរ​។ នោះ​ក៏​ព្រោះតែ​សម្ដេច មិន​ជឿថា ត្រី​ក្នុងប្រទេស​កម្ពុជា មក​រស់នៅ​ប្រមូលផ្ដុំ​នៅក្នុង​ទន្លេសេសាន​ក្រោម​២​នេះឡើយ​។​

 
​មូល​ហេតុដែល​សម្ដេច ហ៊ុន សែន មិន​ជឿថា កម្ពុជា​នឹង​បាត់បង់​ត្រី​៧០ ភាគរយ ដូច​ការលើកឡើង​នោះ ដោយសារតែ​សម្ដេច យល់ឃើញ​ផ្ទុយ​ពី​មតិ​ព្រួយបារម្ភ​វិញ ក្រោម​ហេតុផល​ថា ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​គឺ​រស់នៅ​ប្រមូល​ផ្ដុំគ្នា នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វីដែល​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ត្រី​ដោយសារ​ការសាងសង់​វា​រី​អគ្គិសនី​នេះ​ទេ​។​
 
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១៧ ធ្នូ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​និយាយ​ដោយ​ចំហរ​នៅថ្ងៃនេះ មាន​ជនបរទេស​ម្នាក់ បាន​ទៅ​ជួប​ខ្ញុំ​ដល់ផ្ទះ ដោយ​និយាយថា បើសិនជា​សាងសង់​វា​រី​អគ្គិសនី​សេ​សាន កម្ពុជា​នឹង​បាត់បង់​ត្រី​រហូតដល់​៧០​ភាគរយ ។ ពេលនោះ​ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​វិញ​ថា ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដោយសារ​ត្រី​នៅក្នុង​ប្រទេស​យើង​ចេះ​ឡើង​ភ្នំ ភ្ញាក់ផ្អើល​ត្រង់​ថា​ប្រទេស​យើង ត្រី​ចេះ​ឡើង​ភ្នំ​ទាំងអស់​។ តាមពិត​ត្រី​ក្នុងប្រទេស​យើង វា​ប្រមូល​ផ្ដុំគ្នា​នៅ​ទន្លេសាប និង​ទន្លេមេគង្គ វា​មិនគួរ​ឡើង​ភ្នំ​មក​នៅ​កន្លែង​(​ទន្លេសេសាន​ក្រោម​២)​ហ្នឹង​ទេ​។ ប៉ុន្តែ​ដើម្បី​ជាការ​ជំទាស់​(​តប​ទៅ​ជនបរទេស​នោះ​) ហាក់ដូចជា ហ៊ុន សែន មិន​ស្គាល់​បញ្ហា …​ខ្ញុំ​បង្ហាញ​ការភ្ញាក់ផ្អើល​ក៏​ប្រដៅ​ទៅជា​មួយ ដើម្បី​ឲ្យ​ភ្លឺភ្នែក​ថា ត្រី​វា​នៅក្នុង​ទន្លេសាប ត្រី​វា​នៅក្នុង​ទន្លេមេគង្គ ហេតុអ្វី​បានជា​ត្រី​យើង​វា​ចេះ​ឡើង​ភ្នំ​»​។​
 
​អម​ជាមួយ​ការលើកឡើង​ខាងលើនេះ សម្ដេច ហ៊ុន សែន បាន​និយាយ​ការពារ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ថា ការសម្រេច​ឲ្យ​មានការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ មិនមែនជា​ការផ្ដល់​ឱកាស​ឲ្យ​មានការ​វិនិយោគ​ទាំង​ប្រថុយប្រថាន ដោយ​មិនមាន​ការគិតគូរ​ឲ្យ​ច្បាស់​នោះទេ ពោលគឺ​រដ្ឋាភិបាល​បាន​ឲ្យ​អ្នកជំនាញ​សិក្សា​គ្រប់​ជ្រុងជ្រោយ​ហើយ មុននឹង​សម្រេច​ឲ្យ​បង្កើត​ទំនប់​វា​រី​អគ្គិសនី​មួយ​នេះ​។​
​ប្រមុខ​រដ្ឋាភិបាល ថែមទាំង​អះអាងថា ការកសាង​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេសេសាន​ក្រោម​២​នេះ គឺមាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​មួយចំនួន ប៉ុន្តែ​ពលរដ្ឋ​ខ្លះ នៅ​ជឿ​លើ​ការ​ញុះញង់​របស់​ជនបរទេស ដែលមាន​បំណង​រារាំង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​«​ត្រី​ខ្មែរ​វា​ឆ្លាត​ណាស់ វា​ឆ្លាត​នៅពេល​គេ​ប្រឆាំង​យើង​ប៉ុណ្ណោះ​»​។ នេះ​ជាការ​យល់ឃើញ​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​ដោយ​ចង់បង្ហាញ​ពី​ភាពត្រឹមត្រូវ​ខ្លួន ក្នុងការ​បើកផ្លូវ​ឲ្យ​មានការ​វិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បន្ត​លើកយក​ទំនប់​វា​រី​អគ្គិសនី​ណាំ​ងឹ​ម នៅក្នុង​ប្រទេស​ឡាវ និង​អតីត​សហភាពសូវៀត ដែល​ទប់​ទំនប់​កាត់​ទន្លេ​វ៉ុល​ហ្កា​ក្រា បានក្លាយ​ទៅជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត និង​ជា​កន្លែង​សម្រាប់​ស្ទួ​ច​ត្រី​ផងដែរ​។

តាមរយៈ​បទពិសោធន៍​នៃ​វា​រី​អគ្គិសនី​នៅ​ប្រទេស​ទាំងពីរ​នេះហើយ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​សម្ដេច ហ៊ុន សែន ពិចារណា ហើយ​ឈានដល់​ការសម្រេចចិត្ត ឲ្យ​មានការ​សាងសង់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ​ឡើង​។​
 
​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែលមាន​ថាមពល​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​នេះ  ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ចំនួន​បី រួមមាន​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន ៥១​ភាគរយ ក្រុមហ៊ុន Royal Group របស់​ខ្មែរ ៣៩​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ១០​ភាគរយ​។ 
 
​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ប្រើ​ទុនវិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ សម្រាប់ធ្វើ​អាជីវកម្ម​៕
 

Tag:
 ហ៊ុន សែន​
  វា​រី​អគ្គិសនី​
  សេ​សាន​ក្រោម​២
© រក្សាសិទ្ធិដោយ thmeythmey.com