អន្តរជាតិ
ចិន​មានឱកាស​វិនិយោគ​ក្នុងប្រទេស​វៀតណាម ទោះ​ជាមាន​ជម្លោះ​នយោបាយ​ក៏ដោយ​
18, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ហូជីមិញ ៖ ក្រុម​អ្នកវិនិយោគ​ចិន​កំពុងតែ​ទិញ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ពាណិជ្ជកម្ម ហូជីមិញ ហើយ​ចាប់ពី​ឆ្នាំក្រោយ​ទៅ​ប្រហែលជា​អាចមាន​ឱកាស ដើម្បី​ជួល​ដី​ដល់​ទៅ​រយៈពេល​៩៩​ឆ្នាំ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៣ កន្លែង ។ សភា​វៀតណាម នឹង​ពិនិត្យមើល​សេចក្តីព្រៀងច្បាប់​មួយ​ដើម្បី​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ នៅ​ដើមឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវ បាន​ពន្យារពេល​អស់​២​លើក នៅ​ឆ្នាំនេះ​ដោយសារ​មានការ​តវ៉ា​ពី​សំណាក់​សាធារណជន​វៀតណាម​។

 
​ការដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន​ដោយសារ​ការតំឡើង​ពន្ធគយ​របស់​សរ​អា កំពុង​រុញច្រាន​ឲ្យ​ក្រុមហ៊ុន​ខ្លះ ចូលទៅ​ប្រទេស​វៀតណាម ដែល​មិន​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចាត់ទុកថា​ជា​គូប្រជែង​ពាណិជ្ជកម្ម​ទេនោះ​។ លើសពីនេះទៅទៀត នៅមាន​កម្មវិធី​ផ្លូវ​ក្រវ៉ាត់​ចិន ដែល​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​ឯទៀត សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ជំវិញ​តំបន់​អាស៊ី​អឺរ៉ុប​។​
 
​ទោះជា​ជនជាតិ​វៀតណាម​ជាច្រើន មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រទេស​ចិន ខាង​វិស័យ​នយោបាយ​ក៏ដោយ ក៏​ពួកគេ​នឹង​សុខចិត្ត​ទទួល យក​ការវិនិយោគ​របស់​ចិន​ដែរ បើសិនជា​រឿងនេះ ជួយ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​វៀតណាម នេះ​បើតាម​ការរំពឹង​របស់​ក្រុមអ្នកវិភាគ​នៅក្នុង​ទីក្រុង​ហូជីមិញ ។ លោក Trung Nguyen ជា​ព្រឹទ្ធបុរស ដេ​ប៉ា​តឺ​ម៉​ង់ ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម នៃ​ទីក្រុង​ហូជីមិញ​។​
 
«​យើង​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ជនជាតិ​វៀតណាម ប្រហែលជា​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​ចិន​ជាពិសេស​នៅក្នុង​វិស័យ អចលនទ្រព្យ ពីព្រោះ​វិស័យនេះ​អាចជួយ​បង្កើត​ការងារ ក្នុង​វិស័យ​ផ្សេងទៀត​ជាច្រើន​។ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ ការវិនិយោគ​ទាំងនេះ​ក៏​អាចធ្វើ​ឲ្យ ក្រុមហ៊ុន​តូចៗ​ជាច្រើន ដួលរលំ​ផងដែរ​»​។​
 
​ការ​អាក់អន់ចិត្ត​រប​ស់​ពលរដ្ឋ​វៀតណាម ជាមួយ​ប្រទេស​ចិន ស្តីពី​ជម្លោះ​ដែនដី កើតឡើង​ក្នុង​អតីតកាល ជាច្រើន​សតវត្សរ៍​កន្ល​ង​មកហើយ ដែលមាន​រួមទាំង​សង្គ្រាម​នៅ​ទល់ដែន​មួយ កាលពី​អំឡុង​ទសវត្សរ៍​១៩៧០ និង ជម្លោះដែនសមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ​ផងដែរ​។ កាលពី​ឆ្នាំ​២០១៤ ពលរដ្ឋ​វៀតណាម​រាប់ម៉ឺន​នាក់ បានធ្វើ​ការបះបោរ​ប្រឆាំង​និង​ក្រុមហ៊ុន​ជំនួញ​របស់​ចិន ក្រោយពី​មានការ​ផ្ទុះ​ជម្លោះ​ក្នុង​ដែល​សមុទ្រ​មួយ​។​
 
​ក៏ប៉ុន្តែ​វៀតណាម​ពឹង​ផ្អែកលើ​ប្រទេស​ចិន លើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ទំនិញ​នាំចេញ ដែល​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម កើនឡើង​រវាង​៦​ទៅ​៧ ភាគរយ​ក្នុង​មួយឆ្នាំ​។​
 
​ឥឡូវនេះ​ក្រុមមន្ត្រី​ចិន ចង់​ជួយផ្តល់​មូលនិធិ ឲ្យ​ប្រទេស​វៀតណាម សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ក្រវ៉ា​ត់របស់​ចិន ដែលមាន​ទឹកប្រាក់​១​ពាន់​លាន​លាន​ដុល្លារ​។ គម្រោង​នេះ​ផ្តោតទៅលើ​ការបើកផ្លូវ​ពាណិជ្ជកម្ម​ជុំវិញ​តំបន់​អឺរ៉ុប​អាស៊ី​។​
 
​ទោះជា​វៀតណាម​មិន​ស្វាគមន៍​ចិន ដូច​ប្រទេសជិតខាង​របស់ខ្លួន គឺ​កម្ពុជា និង​ប្រទេស​លាវ ក៏ដោយ ក៏​វៀតណាម ទទួល​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន និង​កុងត្រា​សំណង់​មួយ សម្រាប់​សង់​ផ្លូវអាកាស​សម្រាប់​រទេះភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​ដែល​បាន​បើក​ឲ្យ​ប្រើប្រាស់​ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ឆ្នាំនេះ​។​
 
​ក្រៅពីនេះ បណ្តា​ក្រុមហ៊ុន​ចិន​ក៏​កំពុងតែ​ស្វែងរក​មូលដ្ឋាន​ផលិត​ទំនិញ នៅ​ខាងក្រៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹកទំនិញ​នាំចេញ​ទៅកាន់​សរ​អា​ដោយ​មិនចាំបាច់​បង់ពន្ធ​គយ ដែល​បាន​កើនឡើង​នៅ​ឆ្នាំនេះ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សរ​អា​។​
 
​ក្រុមហ៊ុន​ចិន​ដូចជា​ក្រុមហ៊ុន​ផលិត​កាស់​ទូរស័ព្ទ​គ្មាន​ខ្សែ ឈ្មោះ​ក្រុមហ៊ុន GoerTek ជាដើម បាន​សម្តែង​នូវ​ការចង់​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​ប្រទេស វៀតណាម​ដែលមាន​តម្លៃថោក​ជាង​និង​ក្បែរ​ប្រទេស​ចិន​ខណៈដែល​រដ្ឋបាល លោក​ត្រាំ តំឡើង​ពន្ធគយ​លើ​ទំនិញ​មកពី​ប្រទេស​ចិន​ដែលមាន​ទឹកប្រាក់​២៥០​ពាន់​លាន​ដុល្លារ​។​
 
​តាំងពី​ឆ្នាំ​ទៅមក ការវិនិយោគ​របស់​ចិន លើផ្ទះ​សម្បែង​ដែលមាន​តម្លៃ​ថ្លៃៗ ក្នុង​ទីក្រុង ហូជីមិញ បាន​កើន​ពី​២​ភាគរយ ទៅដល់ ៣១​ភាគរយ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ​ពាណិជ្ជកម្ម ឈ្មោះ CBRE​។ ក្នុង​វិស័យសេដ្ឋកិច្ច​មួយទៀត គឺ​វិស័យ​ទេសចរ ចំនួន​ទេសចរ​ចិន បាន​កើនឡើង​៤៩​ភាគរយ ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧​។​
 
​រដ្ឋាភិបាល​វៀតណាម​ស្វាគមន៍​វិនិយោគ​របស់​ចិន ប៉ុន្តែ​ដោយសារ​ជនជាតិ​វៀតណាម មានការ​មន្ទិលសង្ស័យ​លើ​គោលបំណង​របស់​ចិន​ជាទូទៅ វៀតណាម នឹងមិន​បង្ហាញ​នូវ​ការរីករាយ ដែល​ខ្លួន​បង្ហាញ​ចំពោះ​ប្រទេស ឯទៀត​នោះទេ នេះ​បើតាម​ជំនឿ​របស់​ក្រុម​អ្នកជំនាញ​។​
 
​ប្រទេស​វៀតណាម ស្វាគមន៍​វិនិយោគទុន​របស់​ចិន ប៉ុន្តែ​មានការ​ប្រុងប្រយ័ត្ន​អំពី​ហានិភ័យ ដូចជា​ការបំពុល​បរិស្ថាន និង ការនាំ​ពលករ​ចិន​ចូលមក​ប្រទេស​វៀតណាម នេះ​បើតាម​គេហទំព័រ VietNamNews​។ គេហទំព័រ​នេះ​កត់សម្គាល់​អំពី​ការហូរចូល​យ៉ាងច្រើន នូវ​គម្រោង​ខ្នាត​ធំ ដូចជា​គម្រោង​រោងចក្រ​ថាមពល​មួយ​ដែលមាន​ទឹកប្រាក់​ចំនួន ២​ពាន់​លាន​ដុល្លារ ហើយ​និង រោងចក្រ​ផលិត​ផ្លា​ស្ទីក​មួយ ដែលមាន​ទឹកប្រាក់​ចំនួន ១៥០​លាន​ដុល្លារ​ជាដើម​។​
 
​លោក Maxfield Brown នៃ​ក្រុមហ៊ុន​ប្រឹក្សា Dezan Shira & Associates ក្នុង​ទីក្រុង​ហូជីមិញ ថ្លែងថា វិនិយោគ​របស់​ចិន​ក្នុងប្រទេស​វៀតណាម នឹង​កើនឡើង​យ៉ាងច្រើន ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ ខណៈដែល​មានការ​ចាប់​អារម្មណ៍​ច្រើនឡើង​ថែមទៀត ទៅលើ​អឺរ៉ុប​និង តំបន់​ប៉ាស៊ីហ្វិក​។​
 
«​រដ្ឋាភិបាល​វៀតណាម នឹងមិន​ចេញមុខ ថ្កោលទោស​ការធ្វើ​វិនិយោគទុន​របស់​ចិន​ក្នុងប្រទេស​វៀតណាម​ទេ​។ នរណា​ក៏​ដឹងថា​ប្រទេស​ទាំងពីរ​នេះ​មាន​ភាព​តានតឹង​ជាមួយគ្នា ក្នុង​ប្រវត្តិសាស្ត្រ​នោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម បានជ្រើសរើស​យក​ការចាត់ទុក​ប្រទេស​ទាំងអស់​ជា​មិត្ត​របស់ខ្លួន​។​
 
​ប្រទេស​វៀតណាម បាន​បង្កើន​ការចាប់អារម្មណ៍​ក្នុង​ទ្វិ​ប​អឺរ៉ុប និង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក តាមរយៈ​ការស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​
 
​ក្រុមមន្ត្រី​វៀតណាម​អាច​បញ្ជៀ​ស​ការស្តីបន្ទោស អំពី​ការហូរចូល​នូវ​លុយ​របស់​ចិន ថែមទៀត ដោយ​ធានារ៉ាប់រង​ថា លុយ​ទាំងនោះ នឹង​ជួយ ច្រើនជាង ការធ្វើ​ឲ្យ​ការខូចខាត នេះ​បើតាម​សម្តី​របស់​អ្នកស្រី Phuong Hong នាយិការ​ផ្នែក​ទូរគមនាគមន៍ នៃ​ក្រុម​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​មួយ នៅក្នុង​ទីក្រុង​ហូជីមិញ​។​
 
«​យើង​មិនអាច​បញ្ឈប់​វិនិយោគទុន​មកពី​ប្រទេស​ចិន និង​ពី​ជនជាតិ​ចិន បានទេ​។ ពួកគេ​វិនិយោគ​ក្នុង​តំបន់ឧស្សាហកម្ម ក្នុង​វិស័យ​ជំនួញ ក្នុង​វិស័យ​អចលនទ្រព្យ និង​សូម្បីតែ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ក៏មានដែរ ដូចដែល​យើង​ឃើញ​មាន​គ្លីនិក​ចិន​ស្រាប់​ហើយ​។ រដ្ឋាភិបាល​ត្រូវ​គិតគូរ​អំពី​វិធី​គ្រប់គ្រង​គុណភាព​នៃ​វិនិយោគ​របស់​ចិន​»​។​

© រក្សាសិទ្ធិដោយ thmeythmey.com