ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធាន​សភា​បារាំង សន្យា​ជួយ​តស៊ូ​មតិ​រឿង​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ក្នុង​កិច្ចប្រជុំសភា​អឺរ៉ុប​
19, Dec 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ បារាំង​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការជួយ​តស៊ូ​មតិ​រឿង​អនុគ្រោះ​ពន្ធ​(Everything But Arms) ដល់​កម្ពុជា ក្នុង​កិច្ចប្រជុំសភា​អឺរ៉ុប​ខាងមុខនេះ​។ ការសន្យា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក Sylvain WASERMAN អនុប្រធាន​បារាំង និង​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី​១៧ ធ្នូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​AKP​។​

 
​លោក Sylvain WASERMAN បាន​និយាយថា សកម្មភាព​ដែល​កម្ពុជា​កំពុង​ធ្វើ រួមទាំង​ការបកស្រាយ​របស់​គណៈ​ប្រតិភូ​កម្ពុជា​កន្លងមក បានឮ​ទៅដល់​សភា​បារាំង​ហើយ​។ តាមរយៈ​ការទទួលបាន​ព័ត៌មាន​មួយចំនួន​នេះ សភា​បារាំង​នឹង​ត្រៀម​ក្រុម​តាម​គណៈកម្មការ​នានា ដើម្បី​ជួយផ្ដល់​មតិ​នៅក្នុង​កិច្ចប្រជុំសភា​អឺរ៉ុប ទាក់ទង​នឹង​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​។ បារាំង​នឹង​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា មុន​ពេលដែល​ប្រធានសភា​អឺរ៉ុប នឹងត្រូវ​ចប់​អាណត្តិ នៅ​ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ​។ នេះ​បើតាម​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភារ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ស្រង់​សម្តី​របស់លោក Sylvain ក្នុងជំនួប​ជាមួយ​ប្រធានរដ្ឋសភា​។​
 
​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​AKP ដែល​ស្រង់​សម្តី​បន្ត​ពី​លោក ឈាង វុន បាន​សរសេរ​ដូច្នេះ​ថា​៖«​អនុប្រធាន​សភា​បារាំង​លើកឡើងថា បារាំង​នឹង​ជួយ​កម្ពុជា ដើម្បី​តស៊ូ​រឿង​អនុគ្រោះ​ពន្ធ​(EBA) ព្រោះ​បារាំង​យល់ឃើញថា កម្ពុជា​មិន​ដូច​ការចោទប្រកាន់​»​។​
 
​អនុប្រធានរដ្ឋសភា​បារាំង មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ជាពិសេស​ទំនាក់ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Sylvain បាន​ជួប​ជាមួយ​ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន , លោក​ឧបនាយករដ្ឋមន្ត្រី  ហោ ណាំហុង​, លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​កម្ពុជា រួមទាំង​អភិបាលខេត្ត​សៀមរាប​ផងដែរ​។​
 
​លោក ឈាង វុន បាន​ប្រាប់​អនុប្រធានរដ្ឋសភា​បារាំង​ថា កម្ពុជា​មិនដែល​ទទួលយក​ការដាក់​សម្ពាធ​ពី​ខាងក្រៅ​ទេ ហើយ​កម្ពុជា ក៏​មិន​យក​អធិបតេយ្យភាព ឯករាជ្យ​ជាតិ​ទៅ​ដូរ​នឹង​ជំនួយ ឬ​សម្ពាធ​ដែរ​។​
 
 
​សភា​អឺរ៉ុប នឹង​បើក​កិច្ចប្រជុំ​ទាក់ទង​ដំណោះស្រាយ​លើ​បញ្ហា​ប្រទេស​នានា នៅ​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០១៩​នេះ​។ ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នេះ សហភាព​អឺរ៉ុប កំពុង​បន្ត​ដំណើរការ​នីតិវិធី​ខ្លួន រយៈពេល​១​ឆ្នាំ ក្នុងការ​ប្រមូល​ព័ត៌មាន និង​តាមដាន​ត្រួតពិនិត្យ​លើ​បញ្ហា​ស្ថានការណ៍​ប្រទេស​កម្ពុជា មុននឹង​ឈានដល់​ការសម្រេច​ចុងក្រោយ​ថា បន្ត ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ។​
 
EBA (Everything But Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។ កម្ពុជា​បាន​ចំណេញ​ពី​ការអនុគ្រោះ​ពន្ធ​នេះ ជាង​៦០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ សម្រាប់​ទំនិញ​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។​
 

Tag:
 ហេង សំរិន​
  ឈាន វុន​
  EBA
  EU
© រក្សាសិទ្ធិដោយ thmeythmey.com