ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ឱ្យមាន​ការបញ្ជូន​ពលក​រ​ខ្មែរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​ស្របច្បាប់​
20, Dec 2018 , 7:59 pm        
រូបភាព
អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ
អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ
ដោយ: VOA
មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា នឹងមាន​ការពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​អំពី​ការបញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) ដែលជា​ផ្នែក​មួយ​នៃ​សហភាព​អារ៉ាប់ និង​ជាទី​ដែល​មិនទាន់មាន​វត្តមាន​ពល​ករ​ខ្មែរ​ច្រើន​នៅឡើយ​។

 
​ក៏ប៉ុន្តែ​អ្នកការពារ​សិទ្ធិ​ពលករ​យល់ថា វា​ជាការ​ប្រថុយប្រថាន​សម្រាប់​កម្ពុជា​ក្នុងការ​បញ្ជូន​ពលករ​របស់ខ្លួន​ឲ្យ​ទៅ​បម្រើ​ការងារ​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ប្រទេស ដោយសារតែ​ក​ត្កា​វប្បធម៌ និង​មានការ​រំលោភសិទ្ធិ​ការងារ​ជាច្រើន​។​
 
​អ្នកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​មនុស្ស និង​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ដែល​ទើបតែ​បានបញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ា​រ៉ុ​ក (Morocco) មានប្រសាសន៍ប្រាប់ VOA កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា សហភាព​អារ៉ាប់​បាន​លើកឡើងថា កម្ពុជា​ពុំទាន់​បាន​បញ្ជូន​ពលករ​ចំនួន​ច្រើន​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​អារ៉ាប់​នោះទេ​។​
 
​អ្នកស្រី​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖
 
«​ក្នុង​អាស៊ី​មាន​អ្នក​ទៅហើយ ប៉ុន្តែ​គេ​ថា គេច​ង់​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​កម្ពុជា ដោយសារ​ថា កន្លងមក​ហ្នឹង​មិនទាន់​ឃើញ​មាន​កម្ពុជា​ទៅ គេ​ហៅ​សហភាព​អារ៉ាប់​ហ្នឹង​ច្រើន​ទេ ហើយ​ក្នុង​ហ្នឹង ខ្ញុំ​បាន​ជម្រាបសួរ​ដែរ​ថា តើ​ត្រូវការ​ក្នុង​វិស័យ​អី​? គាត់​ថា វិស័យ​គឺអាច មាន​គ្រប់​កម្រិត បើសិនជា​យើង​អាច​ត្រៀមលក្ខណៈ ជា​ធនធានមនុស្ស​ក្នុង​កម្រិត​ជា​អ្នកមាន​ជំនាញ​ខ្ពស់ ឬ​ជំនាញ​មធ្យម ឬ​ជំនាញ​ទាប​យ៉ាងណា​ហ្នឹង អាហ្នឹង​ស៊ីសង យើង​ធ្វើ​កិច្ចសហការ​ជាមួយគ្នា មាន MOU ឬមួយ​ក៏មាន​តម្រូវការ ដែល​នឹងធ្វើ​ទំនាក់ទំនង​គ្នា​ក្រោយ​ទៀត​»​។​
 
​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​មានប្រសាសន៍​បន្ថែមថា ការពិភាក្សា​កម្រិត​អន្តរក្រសួង​នឹង​ធ្វើឡើង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ តាម​អនុស្សរណៈ​យោគយល់​មួយ ដែល​ភាសា​អង់គ្លេស​ហៅថា Memorandum of Understanding ឬ MOU​។​
 
«​ខ្ញុំ​នឹងមាន​កិច្ចប្រជុំ​មួយទៀត ព្រោះ​ខ្ញុំ​ទើប​មកដល់​ប្រទេស​វិញ​ទេ​។ យើង​នឹងមាន​កិច្ចប្រជុំ​ដើម្បី​ពិភាក្សាគ្នា ដែល​មិនមែន​តែ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេ​។ ក្រសួង​អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​ក៏​នឹងត្រូវ​ការពិគ្រោះ​គ្នា​ដែរ ហើយ​ក្នុង​ហ្នឹង យើង​នឹង​ជជែក​តែ​រឿង MOU ហ្នឹង​។ ដំណើរការ អាចជា​ក្នុង​ដើមឆ្នាំ​២០១៩​ហ្នឹង ទៅតាម​ដែល​ខាង​សំណើសុំ​របស់គាត់ ហើយ​យើង​ក៏បាន​រាយការណ៍​ជូន​ទៅខាង​ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ហើយ​»​។​
 
​ខណៈដែល​កម្ពុជា​មិនទាន់មាន​ការចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅឡើយ តែ​ប្រទេស​នេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​កាតា​ដែល​ស្ថិតក្នុង​ប្លុក​នៃ​ប្រទេស​អារ៉ាប់​។ 
 
​រដ្ឋសភា​កម្ពុជា​បានអនុម័ត​យល់ព្រម​កា​លពី​ឆ្នាំ​២០១២​ឱ្យ​កម្ពុជា​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​កាតា​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​និង​ប្រទេស​កាតា​។​
 
​ប្រទេស​កាតា​បាន​សម្តែង​ការចាប់អារម្មណ៍​ក្នុងការ​ទទួល​ពលករ​ខ្មែរ​ចំនួន​៣៣០០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (Central)​។​
 
​រហូតមកដល់​ពេលនេះ លោក​ឌី ថេ​ហូ​យ៉ា មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​បញ្ជាក់​ពី​ការបញ្ជូន​ពលករ​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កាតា​នោះទេ​។ ក៏ប៉ុន្តែ មន្ត្រី​ការពារ​សិទ្ធិ​ពលករ​រូបនេះ​បាន​ព្រមាន​ពី​ហានិភ័យ​ជាច្រើន ដែល​អាច​កើតមាន​ដល់​ពលករ​ខ្មែរ ប្រសិនបើ​ពួកគេ​ស្ម័គ្រចិត្ត​ទៅធ្វើ​ការ​ក្នុងប្រទេស​ស្ថិតក្នុង​តំបន់​អារ៉ាប់​។​
 
«​ការ​បញ្ជូនទៅ​ម្តុំ​អារ៉ាប់​នេះ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ព្រួយបារម្ភ​ត្រង់​ថា ទីមួយ​បើ​យើង​និយាយ​ពី​ភូមិសាស្ត្រ​រៀង​ឆ្ងាយ តំបន់​ឆ្ងាយ​។ ទី​ពីរ ទាក់ទង​នឹង​រឿង​វប្បធម៌​គឺ​ការរស់នៅ យើង​ដឹង​ហើយ ពលរដ្ឋ​យើង ប្រពៃណី​វប្បធម៌​យើង របៀប​ពុទ្ធសាសនា របៀប​អី​ផ្សេង​អ៊ីចឹងទៅ ខាង​អារ៉ាប់​គឺជា​របៀប​ឥ​សា្ល​ម​។ អ៊ីចឹង វប្បធម៌​ប្រពៃណី វា​ខុសគ្នា​។ ទី​បី​គឺ​ទាក់ទង​នឹង​រឿង យន្តការ​ការពារ​នៅក្នុង​ប្រទេស​អារ៉ាប់​ហ្នឹង​តែម្តង​។ យើង​ឃើញថា ជា​ប្រទេស​សង្គមនិយម ជា​ប្រទេស​ផ្តាច់ការ​អ៊ីចឹង  អ៊ីចឹង​អាការ​គោរព​សិទ្ធិមនុស្ស​អី​ទាំងអស់នេះ វា​ជា​រឿង​មួយ​ដែល​យើង​ព្រួយបារម្ភ ក្នុង​លក្ខណៈ​ដែល​ប្រសិនបើ​ពលរដ្ឋ​យើង​ត្រូវបាន​គេ​រំលោភសិទ្ធិ​អ៊ីចឹង ជាដើម​នេះ គឺ​វា​ពិបាក​ក្នុងការ​ជួយសង្គ្រោះ​»​។​


 រូបឯកសារ៖ លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ចូលរួម​ពិភាក្សា​អំពី​«‍ការ​បង្ការ​ពី​ការ​ធ្វើបាប និង​ការ​កេង​ប្រវ័ញ្ច​ពលករ​ខ្មែរ​នៅ​ប្រទេសកាតា» នៅក្នុង​កម្មវិធី Hello VOA​កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។ (លឹម សុធី/VOA

​លោក​ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ Central បាន​ឲ្យ​ដឹង​ពី​ករណី​នៃ​ស្ត្រី​ខ្មែរ​មួយរូប ដែល​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​ប្រទេសមួយ​ស្ថិតនៅ​ប៉ែក​អារ៉ាប់​នេះ ហើយ​បាន​ប្រឈម​នឹង​ភាពមិនប្រក្រតី​នៃ​ការធ្វើទំនាក់ទំនង​ជាមួយ​គ្រួសារ បន្ទាប់ពី​ប្រាំ​មួយខែ​ដំបូង​នៃ​ការ​ទៅ​បំពេញការងារ​។​
 
«​ខាង​គ្រួសារ​ជា​ប្តី​ហ្នឹង​គឺ​ទាក់ទង​មក​ឲ្យ​អង្គការ Central ជួយសង្គ្រោះ​ប្រពន្ធ​គាត់ ដោយសារតែ​ទៅ​រយៈពេល​ប្រាំ​មួយខែ​។ បី​ខែ​ដំបូង​អ៊ីចឹងទៅ គេ​ឲ្យ​មានការ​ទំនាក់ទំនង​មក​ផ្ទះ បន្ទាប់ពី​ហ្នឹង​ទៅ បាត់​ដំណឹង​ឈឹង អ៊ីចឹង​។ អាហ្នឹង​យើង​មាន​ករណី​អ៊ីចឹង​! ទៅ​អារ៉ាប់​! ហើយ​តែ​បាត់​ដំណឹង​ឈឹង​អ៊ីចឹង​។ ម្តុំ​ហ្នឹង យើង​ហាក់ដូច​ជាមាន​ស្ថានទូត​តែ​នៅ​គុយ​វ៉េ​ត​ទេ​។​អ៊ីចឹង យើង​គ្រាន់តែ​ចង់​និយាយថា សូម្បី​ប្រទេស​មួយចំនួន​ដែល​យើង​មាន​ស្ថានទូត​នៅ​ហ្នឹងហើយ ក៏​ពិបាក​ជួយ​ផង ចុះ​ទម្រាំ​នៅ​ម្តុំ​ហ្នឹង យើង​អត់​មាន​ស្ថានទូត​ទៀត​? តើ​ការជួយ​សង្គ្រោះ​ទាំងអស់​ហ្នឹង វា​របៀប​ម៉េច​? អ៊ីចឹង​កន្លងមក យើង​ឃើញ​បាទ យើង​ឃើញស្រាប់​ហើយ​បាទ​»​។​
 
​អ្នកស្រី ជូ ប៊ុន​អេង  រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការសិក្សា​អំពី​ហានិភ័យ​នានា តែងតែ​ត្រូវបាន​ធ្វើឡើង នៅមុន​ការបញ្ជូន​ពលករ​ខ្មែរ​ទៅ​ក្រៅប្រទេស​។​
 
«​រឿង​កាតព្វកិច្ច​ហ្នឹង​ទីមួយ​ហើយ​! ពីព្រោះ​រាល់ពេល​ដែល​យើង​បញ្ជូន​ពលករ​ទៅ​ក្រៅ គឺ​ក្នុង MOU ចាំបាច់​ត្រូវតែ​ដាក់ ដោយសារ​យើង​ត្រូវមាន​កិច្ចការពារ​ពលករ ហើយ​កម្ពុជា​យើង​ហ្នឹង​កន្លងមក ពេលដែល​យើង​មាន​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស យើង​មាន​អា MOU ហ្នឹង​មួយ ហើយ​បន្ទាប់មកទៀត យើង​មាន MOU ទាក់ទង​រឿង​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​ទៀត​។ ប៉ុន្តែ​យើង​ក៏​អាច​បង្រួម​ដាក់ចូល​ក្នុង MOU តែមួយ​ក៏បាន​ដែរ​»​។​
 
VOA មិនអាច​ទាក់ទង​លោក ហេង សួ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានទេ នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នកទទួល​។ លោក សេង សក្កដា អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​ការងារ​នៃ​ក្រសួង​ការងារ បាន​បដិសេធ​មិន​ផ្តល់​ការអធិប្បាយ ដោយ​លោក​ជាប់​ប្រជុំ​។​
 
​គ្រា​ដែល​កម្ពុជា​មិនទាន់បាន​សម្រេច​បញ្ជូន​ពលករ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ លោក​ឌី ថេ​ហូ​យ៉ា​បាន​ឲ្យ​ដឹង​ពី​ការរកឃើញ​នៃ​គ្រោះថ្នាក់​ការងារ​ជាច្រើន ដែល​បាន​កើតឡើង​នៅ​ប្រទេស​កាតា ដែលជា​ប្រទេស​ស្ថិតក្នុង​តំបន់​អារ៉ាប់​ដូចគ្នានេះ​។ លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖
 
«​បញ្ហា​ទីមួយ​ទាក់ទង​នឹង​រឿង​កេងប្រវ័ញ្ច​ការងារ កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល ទី​ពីរ​លក្ខខណ្ឌ​រស់នៅ​ពិបាក ដូចជា អង្គការ Amnesty International រកឃើញថា មាន​កន្លែង​ខ្លះ​ហ្នឹង​គឺ​រស់នៅ ៦០០​នាក់​អ៊ីចឹង ហើយ​បន្ទប់ទឹក​មានតែ​ពីរ​អ៊ីចឹង​ទេ​។ ហើយ​រុយ​ចង់​ច្រើនជាង​មនុស្ស មនុស្ស​នៅ​ជាមួយ​រុយ​កខ្វក់​ចឹ​ង​ណាស់​! ធ្វើការ​ទាំងយប់ ធ្វើការ​ទាំង​ថ្ងៃ ហើយ​នៅពេល​ដែលមាន​បញ្ហា អត់​ដឹង​រត់​ទៅណា​។ គេ​ដក​លិខិតឆ្លងដែន​អស់​រលី​ញ​ហើយ ហើយ​កាលណា​បើ​គេ​រត់ចេញ គេ​ប្រឈម​នឹង​ពី​ការជាប់គុក​អ៊ីចឹង​ជាដើម​។ ហើយ​ក៏មាន​គ្រោះ​ថា្នក់​ការងារ បើ​យោងតាម Department of Emergency របស់ Qatar ហ្នឹង​គឺ​ដូច​រកឃើញថា មួយថ្ងៃ គ្រោះថ្នាក់​ការងារ មិន​ក្រោម​ពី​១៨០០​នាក់​ទេ ហើយ​មាន​មនុស្ស​ស្លាប់​មិន មិនតិចជាង​៧០០០​នាក់​ទេ រាប់​តាំងពី​ឆ្នាំំ​២០១៣ រហូតដល់​ឆ្នាំ​២០២២​។ អានេះ​ជាការ​រកឃើញ​របស់ Armnesty International»​។​
 
​លោក​ថា ព័ត៌មាន​នេះ អាចជា​ទុន​សម្រាប់​រដ្ឋាភិបាល​ខ្មែរ​ពិចារណា​ឲ្យ​មាន​យន្តការ​ហ្មត់ចត់​ដើម្បី​ការពារ​ជីវិត​ពលករ​របស់ខ្លួន​។​
 
«​អ៊ីចឹង​ហើយ​បាន​យើង​មានការ​ព្រួយបារម្ភ ចំពោះ​ការ​បញ្ជូនទៅ​ប្រទេស​ម្តុំ​ហ្នឹង​។ បើសិនជា​រដ្ឋ មាន​យន្តការ​ធានាថា ពលរដ្ឋ​យើង​ទៅ យើង​មាន​យន្តការ​ធានាបាន បើ​ក្នុងករណី​ថា គេ​រំលោភសិទ្ធិ​ការងារ យើង​មាន​ដំណោះស្រាយ​ជាក់លាក់​គឺ​ធានាបាន​អំពី​ការការពារ​សិទ្ធិ​១០០​ភាគរយ អាហ្នឹង វា​មិនជា​បញ្ហា​អី​ទេ​។ អ៊ីចឹង​អាកា​រណ៍​ចំណាកស្រុក​នេះ វា​ជា​ជម្រើស អ៊ីចឹង​យើង​មិនអាច​ហាមឃាត់​មិន​ឲ្យ​គាត់​ទៅ​ទេ ក៏ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​គិត​គឺ​យន្តការ​ការពារ​សិទ្ធិ​របស់គាត់ ធានាបាន​អំពី​សុវត្ថិភាព អំពី​ការធ្វើ​ចំណាកស្រុក មិនមែន​ការ​ចំណាកស្រុក ប្រថុយប្រថាន​។ បើ​សំណាងល្អ ល្អ បើ​សំណាង​មិនល្អ យក​ជីវិត​ទៅ​គ្រោះថ្នាក់​។ ហ្នឹង​ជា​រឿង​មួយ​ដែល​យើង​ព្រួយបារម្ភ បាទ​»​។​
 
​អង្គការសិទ្ធិមនុស្ស Amnesty International បានលើកឡើង​ពី​ករណី​រំលោភបំពាន ដូច​បានបញ្ជាក់​ខាងលើនេះ នៅក្នុង​របាយការណ៍​ដែលមាន​ចំណងជើង​ថា​«The Ugly Side of the Beautiful Game: Exploitation on a Qatar 2022 World Cup Site»​ចេញផ្សាយ​កាលពី​ខែមីនា​ឆ្នាំ​២០១៦​។​
 
​តាម​ការបញ្ជាក់​របស់​លោក​ឌី ថេ​ហូ​យ៉ា ពលករ​ខ្មែរ​ជាង​ពីរលាន​នាក់​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ក្នុងនោះ​មាន​ជាង​មួយ​លាន​នាក់​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​
 
​ទិន្នន័យ​ដែល​លោក​បានលើកឡើង​នេះ​គឺ​យោងទៅលើ​ស្ថិតិ​ចុងក្រោយ​របស់​ក្រសួង​ការងារ​នៃ​រដ្ឋាភិបាល​ខ្មែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com