សិល្បៈអន្តរជាតិ
អន្តរជាតិ
ក្រុម​តារាចម្រៀង​កូរ៉េ BTS អាច​រកបាន​ចំណូល​ជិត ៤​ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ​ជូន​ជាតិ​
22, Dec 2018 , 9:29 am        
រូបភាព
​ក្រុម​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​ដែលមាន​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​ថា BTS ឬ​មាន​ពាក្យ​ពេញ​ថា Bangtan Sonyeondan រក​ចំណូល​យ៉ាង​សន្ធឹកសន្ធាប់​រហូតដល់​ជិត បួន​ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​សម្រាប់​ជួយ​សេដ្ឋកិច្ចជាតិ​។

 
​ក្រុម BTS ដែលមាន​អ្នកគាំទ្រ និង​ទស្សនា​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​រៀងរាល់ថ្ងៃ រាប់​ពី​ទ្វីបអាមេរិក​ខាងជើង​រហូតមកដល់​ទ្វីបអាស៊ី​នោះ​អាច​រកប្រាក់​ចំណូល​បាន​រហូតដល់ ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​មាន​ទាំង​ប្រាក់ចំណូល​ផ្ទាល់ និង​ប្រាក់ចំណូល​ប្រយោល​។ នេះ​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Hyundai ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ពីថ្ងៃ​ទី​១៨​ខែធ្នូ​នេះ​។ 
 
​តាម​របាយការណ៍​ស្រាវជ្រាវ​នេះ ប្រាក់ចំណូល​ដ៏​ច្រើនសន្ធឹក​នេះ​ស្មើនឹង​ចំណូល​របស់​ក្រុមហ៊ុន​កម្រិត​មធ្យម​ចំនួន ២៦ ដែលមាន​នៅក្នុង​ស្រុក​។ ក្រៅពី​រកចំណូលបាន ៣,៦ ពាន់​លាន​ដុល្លារ ក្រុម​តារាចម្រៀង​កូរ៉េ K-POP ដ៏​ល្បី​នេះ​ក៏​ជា​ហេតុផល​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កូរ៉េខាងត្បូង​ដែរ​។ អ្នកទេសចរ​បរទេស​ម្នាក់​ក្នុងចំណោម ១៣ នាក់​ដែល​មកលេង​នៅ​កូរ៉េខាងត្បូង​ដោយសារ​មាន​គោលបំណង​មក​ទស្សនា​កម្មវិធី​ដែល​ទាក់ទង​ជាមួយ​ក្រុម​ចម្រៀង BTS នេះ​។​
 
​ក្រុម K-POP មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​សម័យ​ទំនើប​របស់​កូរ៉េខាងត្បូង ហើយក៏ ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​ជាតិ​បាន​យ៉ាងសកម្ម​ថែមទៀត​ផង​។ អ្នកជំនាញ​រំពឹងទុក​ថា បើ​ក្រុម​មួយ​នេះ​អាច​រក្សា​ប្រជាប្រិយភាព​របស់ខ្លួន​ឲ្យ​បាន​ប្រសើរ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ BTS អាច​រកចំណូលបាន​ជិត​៣៧ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍ ទំនិញ និង​កម្មវិធី​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ភាពល្បីល្បាញ​របស់​ពួកគេ​។ 

Tag:
 BTS
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com