ជាតិ
ឥសីជប់នៅភ្នំបាក់ ឬភ្នំកំពង់ត្រាច ល្បីថាស័ក្ដិសិទ្ធិ
× កំពត៖ រូបសំណាកឥសីជប់ ដែលស្ថិតនៅរូងភ្នំបាក់ (ឬកំពង់ត្រាច) ល្បីថាស័ក្ដិសិទ្ធិ។ នេះបើតាមលោកតា អ៊ុក សុខ វ័យ ៨៨ឆ្នាំដែលជាអ្នកថែរក្សានៅកន្លែងរូបសំណាកនេះរាល់ថ្ងៃ។ ភ្នំបាក់ ស្ថិតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។
បើដើរចូលទៅក្នុងរូងភ្នំ នោះគេនឹងឃើញមានផ្ទាំងថ្ម និងផ្លូវ យ៉ាងស្អាត នៅខាងក្រោមភ្នំនោះ។ ដើរទៅក្នុងបន្តិចគេនឹងទៅដល់ទីវាលធំល្មមនៅកណ្ដាលភ្នំ ដែលអាចមើលឃើញផ្ទៃមេឃ និងឃើញចម្រេះភ្នំដ៏ស្រស់ស្អាត ដែលមានរូបបដិមាព្រះពុទ្ធចូលបរិនិព្វាន និងឥសីជប់ នៅទីនោះផង។ ឥសីជប់នៅទីនេះហើយ ដែលលោកតា អ៊ុក សុខ អះអាងថាស័ក្ដិសិទ្ធិ រាល់ការបន់ស្រន់នានា។
លោកតា អ៊ុក សុខ វ័យ៨៨ឆ្នាំ ដែលជាអ្នកថែរក្សាផ្ទាល់នៅកន្លែងឥសីជប់ បានមានប្រសាសន៍ថា មានមនុស្សជាច្រើននាក់មកបន់ស្រន់នៅទីនេះ ហើយបានសម្រេចដូចបំណងប្រាថ្នា។ លោកតាថា រូបសំណាកឥសីជប់នៅទីនេះមានអាយុកាលប្រមាណជាង២០ឆ្នាំ គឺកសាងក្រោយបែកសម័យខ្មែរក្រហម។ ដោយសារតែឥសីជប់នេះទីនេះ បន់ស្រន់ក៏ចេះតែស័ក្ដិសិទ្ធិ ទើបបានជាមានការកសាងបន្ថែម ដើម្បីទុកជាទីសក្ការៈ សម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ។
«អ្នកមកបន់ស្រន់នៅទីនេះ បានដូចប្រាថ្នាច្រើនណាស់ ១០នាក់ បានដូចបំណង៩នាក់ហើយ ហើយគេចេះតែយករបស់របរមកថ្វាយ។ អ្នកមានឧបនិស្ស័យមិនបាច់ហៅទេ គេចូលមកបន់ស្រន់តែម្ដង តែបើមិនមានឧបនិស្ស័យទេគេមិនចូលទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកតា អ៊ុក សុខ។
ក្រៅពីកន្លែងឥសីជប់ នៅរូងភ្នំបាក់ ក៏មានរូបបដិមាព្រះពុទ្ធចូលបរិនិព្វាន រូបសំណាកលោកយាយខ្មៅ និងរូបសំណាកជាច្រើនទៀត ដែលភ្ញៀវទេសចរណ៍តែងតែបន់ស្រន់សុំសេចក្ដីសុខ។
បើតាមលោកតា អ៊ុក សុខ ដដែល ទេសចរជាតិដែលមកកម្សាន្តនៅភ្នំបាក់នេះមានច្រើន នៅថ្ងៃសៅរ៍និងអាទិត្យ ព្រមទាំងថ្ងៃបុណ្យនានា។ ចំណែកភ្ញៀវបរទេសមានមួយចំនួនតូចដែរ។ លោកបានផ្ដល់ដំបូន្មានដល់ជនណាដែលមានបំណង ដើរកម្សាន្តនៅតំបន់ព្រៃភ្នំ សូមកុំនិយាយពាក្យទាំងឡាយណាដែលមិនគួរគប្បី ព្រោះទឹកដីទាំងនោះមានអ្នកថែរក្សា។ «ក្មេងៗដែលមិនដឹង គាត់មកគាត់និយាយផ្ដេសផ្ដាស ក៏មានអន្តរាយខ្លះដែរ ចឹងពេលដែលមកលេងតាមព្រៃភ្នំចឹង កុំនិយាយអ្វីផ្ដេសផ្ដាស ព្រោះទឹកដីបែបនេះមានអ្នកគេថែរក្សាស័ក្តិសិទ្ធិណាស់។ នេះជាការបញ្ជាក់បន្ថែម របស់លោក សុខ៕
Tag:
ភ្នំបាក់
ភ្នំកំពង់ត្រាច
ទេសចរណ៍
អបីយជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com