ភ្នំពេញ៖ រាល់ការសម្ដែងរបាំបុរាណភាគច្រើនបំផុត ពិបាករកម្ចាស់ឧបត្ថម្ភគាំទ្រណាស់។ បញ្ហាដែលក្រុមសិល្បៈវប្បធម៌បុរាណខ្មែរ តែងតែជួបជាញឹកញយនោះគឺថវិកា។ ទាំង សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី និងលោក ព្រឿង ឈាង សុទ្ធតែបានលើកឡើងដូចគ្នាថា ក្រុមរបាំបុរាណចង់សម្ដែងឱ្យបានញឹកញាប់ និងទៀងទាត់ តែក្រសួងគ្មានលទ្ធភាពគ្រប់គ្រាន់។
ដើម្បីបានជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ប្រជាជនគ្រប់រូបក្នុងប្រទេសមួយ មានកាតព្វកិច្ចទ្រទ្រង់សម្បត្តិបេតិកភណ្ឌជាតិ។ សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ មិនអាចគង់វង្សនៅបានឡើយ បើជនរួមជាតិមិនបានយល់តម្លៃ និងមិនបានរួមគ្នាជួយជ្រោងរាល់សកម្មភាព រួមទាំងការសម្ដែងផ្សេងៗ។
ផ្ទុយទៅវិញកន្លងមក ស្ទើរតែគ្រប់ការសម្ដែងសិល្បៈបុរាណខ្មែរទាំងអស់ តែងតែឮពាក្យត្អូញត្អែរថាពិបាករកអ្នកជួយឧបត្ថម្ភគាំទ្រ។ ពេលខ្លះការសម្ដែងមិនមានអ្នកទៅទស្សនា ឬការគាំទ្រមិនទៀងទាត់។ បើគិតឱ្យមែនទែនទៅ មានតែមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ដែលធ្វើការទាក់ទងទៅនឹងសិល្បៈវប្បធម៌ជាតិ ក្នុងចំណោមប្រជាជនខ្មែរសរុបប្រមាណ១៦លាននាក់។ ដូច្នេះបើមនុស្សទាំង១៦លាននាក់យល់ពីតម្លៃសិល្បៈវប្បធម៌ជាតិ ប្រាកដណាស់ថា មរតកដូនតាទាំងនេះនឹងគង់វង្សយូរអង្វែងតរៀងទៅ។
ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ព្រឿង ឈាង លើកឡើងថា រាល់ការសម្ដែងសិល្បៈបុរាណកន្លងមក ថវិកាបានពីការឧបត្ថមរបស់ក្រុមហ៊ុននានា តែទោះជាយ៉ាងណាក៏ដោយ ក្រសួងពិតជាពិបាករកម្ចាស់ជំនួយ។ លោក ព្រឿង ឈាង បន្ថែម៖«យកថវិកាហ្នឹងបានតិចតួចទេ។ ជួនកាលបានអ្នកឧបត្ថម្ភ តែមិនគ្រប់គ្រាន់ទេ។ ដូចលោក ស៊ុំ សាការា ដូចខាងសុវណ្ណភូមិ បានអ្នកឧបត្ថម្ភតិចតួចមកក៏មិនគ្រប់ដែរ ដូច្នេះលក់សំបុត្របន្តិចទៅ ដើម្បីយកមកផ្សំផ្គុំគ្នា»។
ការសម្ដែងមួយចំនួនតម្រូវឱ្យលក់សំបុត្រ ដើម្បីប្រមូលថវិកាខ្លះទប់ទល់ការចំណាយដ៏ច្រើន លោក ព្រឿង ឈាង បញ្ជាក់យ៉ាងដូច្នេះ ៖«សម្តេចព្រះរាមសម្ដែងម្ដងៗ គ្រាន់តែថ្លៃភ្លើង ថ្លៃ sound ថ្លៃ system អស់៣ពាន់ទៅ៥ពាន់ដុល្លារ យើងណាមានលទ្ធភាព។ យើងសម្ដែងភ្លើងចឹងបានទេ បាន តែវាខូចតម្លៃ។ ដូចត្បូង យើងត្រូវការភ្លើងមករំលេចទៀត។ គេយក តែគេចុះតម្លៃ គេមិនមែនមិនយកសោះទេ ដើម្បីចំណាយថ្លៃទឹកភ្លើង តែបើឯកជនជួលគេយកពេញថ្លៃ។ គេជួយដែរក្រសួងវប្បធម៌ និយាយឱ្យមែនទែនទៅ»។
ដើម្បីឱ្យសិល្បៈវប្បធម៌ខ្មែរ ស្ថិតនៅជិតស្និតជាមួយប្រជារាស្ត្រកម្ពុជា និងបានសម្ដែងជាទៀងទាត់ គម្រោងមូលនិធិសម្រាប់ទ្រទ្រង់សិល្បៈខ្មែរ ក៏បានកើតឡើងយូរមកហើយដែរ តែទីប្រឹក្សាក្រសួងវប្បធម៌លោក ព្រឿង ឈាង ថានៅមានបញ្ហាការគ្រប់គ្រងថវិកា។ «គំនិតនេះក៏យើងធ្លាប់មាន តែយើងត្រូវសិក្សាឱ្យមែនទែន ព្រោះបញ្ហារៃអង្គាសនេះវាមានមុខ២ បើធ្វើល្អរីកចម្រើន ធ្វើមិនល្អរឿង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាំគ្នាសិក្សារកយន្នការមួយឱ្យមានតម្លាភាព ដើម្បីឱ្យអ្នកធ្វើការជាមួយគ្នា និងអ្នកបង់វិភាគទាន ដែលគេជាសប្បុរសជនហ្នឹងគេអស់ចិត្តដែរ។ គឺជាកាតព្វកិច្ចមួយដែលថាយើងបានចូលរួមដែរ»។ លោក ព្រឿង ឈាង បញ្ជាក់បន្ថែម។
លោកបន្ថែមថា កន្លងមកក្រសួងមានគំនិតច្រើនណាស់ ដើម្បីធ្វើយ៉ាងណា ឱ្យសិល្បៈបុរាណ កាន់តែផុលផុស ក្នុងស្រទាប់មហាជន។ លោកបញ្ជាក់យ៉ាងដូច្នេះ ៖« ក្រសួងបានអនុម័តរួចហើយថាមិនឱ្យសាលចតុមុខនៅទទេ តែនៅទាស់រឿងថវិកា។ សមាគម និងអង្គការក្រៅរដ្ឋាភិបាលអីយើងហៅមក ដែលគាត់ធ្លាប់ជួយ តែដើម្បីឱ្យមាននិរន្តរភាព តើយើងត្រូវធ្វើម៉េច។
ត្រូវមានប្រាក់តម្កល់មួយ។ ចង់លើកយកគ្រប់ទម្រង់សិល្បៈទាំងអស់ឱ្យរស់ឡើងវិញឱ្យមកលេង។ ចង់ឱ្យតាមសាលា មានកម្មវិធីបង្ហាញអ្វីទៅជាល្ខោន តែគេស្គាល់គេស្រឡាញ់ហើយ»។
ព្រោះតែការផ្សព្វផ្សាយនៅមានកម្រិត ទើបបានជាកន្លងមក មានកូនខ្មែរមួយចំនួនយល់ច្រឡំថា ខ្មែរបានយកសិល្បៈបរទេសធ្វើជារបស់ខ្លួន លោក ព្រឿង ឈាង បានពន្យល់យ៉ាងដូច្នេះ ៖« រហូតដល់មានប្អូនៗខ្លះ តែមានមួយចំនួនតូចទេ គាត់ធ្លាប់ឃើញប្រទេសជិតខាងមាន ដំបូងគាត់ថាម៉េចក៏យករបស់គេ បានន័យថាគាត់មិនដឹង តែមកពីយើងមិនដែលបង្ហាញ។ នេះហើយដែលជាការព្រួយបារម្ភរបស់ក្រសួងវប្បធម៌។ ជួនកាលជារបស់យើង តែយើងខានប្រើយូរ ក៏គេយកទៅប្រើ។ ឥឡូវនេះក្រសួងធម្មការនិងវិចិត្រសិល្បៈ ធ្វើអ្វីដែលបាត់បង់ទៅ ដែលមានតម្លៃសកល យើងធ្វើឡើងវិញ»។
ទីប្រឹក្សាក្រសួងរូបនេះ បន្ថែមថា ការទៅទស្សនាគឺជាការគាំទ្រ និងលើកទឹកចិត្តដ៏ធំធេង ដល់សិល្បករទៅហើយ។ «ការចូលរួមទស្សនាគឺជាការគាំទ្រមួយ មិនមែនថាប្រាក់ហ្នឹងជាធំទេ ប្រាក់កម្រៃហ្នឹងមិនបានយូរទេ។ ការមកទស្សនានេះហើយធ្វើឱ្យពួកខ្ញុំដែលជាចាស់ៗ ដែលជិតលាលោកនេះទៅហើយ តែពួកខ្ញុំខ្ជាក់តម្រិះឱ្យក្មេង ដូចដូនតាខ្ជាក់ទុកឱ្យខ្ញុំ ឥឡូវខ្ញុំខ្ជាក់តទៅទៀត។ ដូចប្រាសាទអង្គវត្តរាប់សតវត្សរ៍អាចរស់បាន។ ដើម្បីឱ្យសិល្បៈអាចរស់បាន ទាល់តែបងប្អូនខ្មែរត្រូវតែឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់សិល្បៈវប្បធម៌ជាតិ មិនមែនត្រឹមតែរបាំទេ អ្វីដែលជាមរតករបស់ដូនតាយើង»។ នេះជាការបញ្ជាក់របស់លោក ព្រឿង ឈាង។
សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី ជាអតីតនាដការបាំព្រះរាជទ្រព្យដ៏ល្បីល្បាញកាលពីទសវត្សរ៍ទី៦០ ទ្រង់មានស្នាព្រះហស្តជាច្រើនលើសិល្បៈបុរាណខ្មែរ។ ព្រះអង្គមានព្រះបន្ទូលថា ទាល់តែកូនខ្មែរគ្រប់រូប យល់ទាំងអស់គ្នាថា សិល្បៈវប្បធម៌ទាំងអស់ជារបស់ជាតិ មិនមែនជារបស់បុគ្គលណា ឬក្រុមណាមួយឡើយ គឺខ្មែរគ្រប់រូបជាម្ចាស់ ទើបពួកគេមានគំនិតថែរក្សា។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងដូច្នេះ៖«បងប្អូនខ្មែរយើងហ្នឹងគាត់យល់តម្លៃថា សិល្បៈបុរាណរបស់ជាតិ មិនមែនរបស់អ្នកណា របស់ ហ្លួងណា មិនមែនរបស់ជីដូនខ្ញុំ របស់ឪពុកខ្ញុំ ឬរបស់ខ្លួនខ្ញុំផ្ទាល់មិនមែនទេ គឺជារបស់ជាតិ របស់កម្ពុជា ថែមទាំងចូល យូណេស្កូ ពី ២០០៣ ហ្នឹងទៀត គឺថាគេទទួលស្គាល់ថាជារបស់ជាតិខ្មែរ របស់ប្រទេសខ្មែរ ត្រូវតែយល់រឿងហ្នឹង ហើយទៅបានយើងអាចជួយបាន»។
សម្ដេចព្រះរាម ទ្រង់ក៏សោកស្ដាយចំពោះការសម្ដែងកន្លងមក តែក្នុងកម្មវិធីជាតិធំៗ និងទទួលតែភ្ញៀវកិត្តិយសសំខាន់ៗ ដោយមិនបានសម្ដែងជាសាធារណៈច្រើន។ ព្រះអង្គ មានព្រះបន្ទូលបន្ថែមថា ទ្រង់ពិតជាចង់រៀបចំសម្ដែងសិល្បៈបុរាណឱ្យកូនខ្មែរគ្រប់រូប បានស្គាល់ និងសិក្សាបន្ថែម តែនៅខ្វះលទ្ធភាព។ «យើងមានការសោកស្ដាយដែរ ដោយថាយើងរាំទទួលតែភ្ញៀវធំៗ កម្មវិធីធំៗ ការដែលយើងមិនបានរៀបចំដូចជាក្មួយស្រីមួយខាង លើកឡើងអម្បាញ់មិញ គឺថាចង់ឱ្យបានផ្សព្វផ្សាយទៅដល់ប្រជាជនខ្មែរ ឱ្យគាត់បានឃើញបានស្គាល់ តែបានឃើញបានស្គាល់គាត់នឹងខំថែរក្សាសិល្បៈវប្បធម៌បុរាណ»។ នេះជាការបន្ថែមរបស់សម្ដេចព្រះរាម។
រាជបុត្រីច្បងរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតណកោដ ទ្រង់មានព្រះបន្ទូលថា ថ្វីដ្បិត ការហាត់រៀនរបាំបុរាណមានការលំបាក ត្រូវហាត់ពីក្មេង និងប្រើពេលយូរយ៉ាងណាក្ដី តែកុមារជាច្រើននៅតែស្រឡាញ់ និងនៅតែបន្តហាត់រៀន។ សម្ដេចព្រះរាម បញ្ជាក់ ៖«ខ្ញុំមានការសប្បាយរីករាយម្យ៉ាង កូនខ្មែរយើងទោះតែបានដឹងហើយថា របាំក្បាច់ខ្មែរបុរាណនេះមានការពិបាកហាត់រៀនណាស់ ត្រូវហាត់រៀនតាំងពីនៅអាយុក្មេង មិនហាត់រៀនក្នុងមួយឆ្នាំ ឬធំហើយ ហាត់មួយឆ្នាំឬ៦ខែអីបានទេ។ យ៉ាងតិច៦ទៅ៧ឆ្នាំ បានអាចយកទៅសម្ដែងបាន។ សប្បាយចិត្តត្រង់ឃើញថា កូនខ្មែរស្រឡាញ់»។
ចំណែកនាដការបាំបុរាណ កញ្ញា សិរី វណ្ណកុសន ចូលហាត់របាំតាំងពីអាយុ៩ឆ្នាំ បាននិយាយថានាងពិតជាមានមោទកភាព ដែលខ្លួនចេះរាំរបាំក្បាច់បុរាណខ្មែរ។ នាដការបាំបុរាណ វ័យ២៤ឆ្នាំរូបនេះ មិនរួញរាក្នុងការរាំរបាំឡើង បើទោះបីជាត្រូវចំណាយពេលតែងខ្លួនប្រមាណ៥ម៉ោងមុន រៀងរាល់ការសម្ដែងក្ដី។ កញ្ញា វណ្ណកុសន បញ្ជាក់ ៖« ត្រូវការប្រើកម្លាំងច្រើន អ្នកសម្ដែងគឺត្រូវតែងចាំមុនយ៉ាងតិចណាស់ក៏៤ទៅ៥ម៉ោងដែរ ហើយរបាំមុខសនេះទៀត គឺត្រូវតែងរឹតតែយូរជាងទៀត ដោយសារតែយើងត្រូវលាបម្សៅ។ ហើយការសម្ដែងក៏រៀងពិបាកជាងរាំធម្មតាក្បាច់ឥឡូវដែរ។ ក្បាច់កាលពីសម័យព្រះករុណា សម្ដេច ស៊ី សុវត្ថិ ហ្នឹងពិបាកជាង ប្រើកម្លាំងច្រើនជាង គឺជើងត្រូវតែទាបរហូត ដៃអីលើកខ្ពស់ៗអីចឹង ចឹងពិបាកមែនទែន»។
នារីរូបនេះមិនបានអន់ចិត្ត ដែលកូនខ្មែរមួយចំនួនឱ្យតម្លៃខ្ពស់ទៅលើសិល្បៈបរទេស ជាងសិល្បៈខ្លួនឡើង ដោយនាងថានេះជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ តែសម្រាប់នាង សិល្បៈបុរាណខ្មែរ ជាដួងព្រលឹងរបស់ជាតិ។ ទោះជាយ៉ាងណា នារីរូបស្រស់រូបនេះ នៅតែស្នើដល់ជនរួមជាតិខ្មែរទាំងអស់ សូមព្យាយាមទៅទស្សនាការសម្ដែងសិល្បៈបុរាណឱ្យបានកាន់តែច្រើន ដើម្បីទទួលបានចំណេះបន្ថែម។
«មានទឹកចិត្តថាខឹងគេឬក៏ម៉េចទេ ព្រោះថាមនុស្សម្នាក់ៗគេមានការស្រឡាញ់ខុសៗគ្នា។ សម្រាប់គេ គេស្រឡាញ់សិល្បៈរបៀបសម័យ សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់របៀបបុរាណ។ វាល្អសម្រាប់ខ្ញុំ ព្រោះពេលដែលខ្ញុំចេញទៅក្រៅប្រទេស ខ្ញុំបានផ្សព្វផ្សាយវប្បធម៌របស់ខ្ញុំទៅឱ្យគេបានសិក្សារៀនសូត្រពីរបាំបុរាណ។ ការសម្ដែងសិល្បៈមិនមែនល្អមើល បានមានប្រយោជន៍ទេ ទោះជាអត់ល្អមើល យើងមើលមិនយល់ក៏យើងបានរៀនសូត្រអីមួយពីការសម្ដែងហ្នឹងដែរ។ ខ្ញុំយល់ថាកូនខ្មែរទាំងអស់គ្នា គួរតែទៅទស្សនាឱ្យបានទាំងអស់គ្នា»។ នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា វណ្ណកុសន។
បញ្ហាចម្បងដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែជួប គឺរាល់ការសម្ដែងសិល្បៈវប្បធម៌ជាតិ ជាពិសេសសិល្បៈបុរាណ នៅខ្វះថវិកាក្នុងការចំណាយផ្សេងៗ។ ក្នុងស្មាតីជារួម កូនខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកជ្រោងសិល្បៈវប្បធម៌ជាតិ តាមគ្រប់រូបភាព។ ហើយដើម្បីឱ្យការសម្ដែងរបាំបុរាណ មាននិរន្តរភាព គំនិតផ្ដួចផ្ដើមឱ្យមានការចូលរួមវិភាគទាន ពីជនរួមជាតិខ្មែរគ្រប់រូប គឺជារឿងគួរពិចារណា។ ចំណែកក្រសួងសាមី ត្រូវតែធ្វើយ៉ាងណារៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថវិកាឱ្យបានច្បាស់លាស់បំផុត ដើម្បីឱ្យម្ចាស់ជំនួយ រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូប មានទំនុកចិត្តថាប្រាក់ររបស់ខ្លួន ពិតជាផ្ដល់ប្រយោជន៍ដល់ជាតិ៕