ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន​១១​បង្កើត​រោងចក្រ​នៅ​កម្ពុជា​ក្នុង​ទំហំ​វិនិយោគ​ជិត​៣០០​លាន​ដុល្លារ​
22, Dec 2018 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​១១ បង្កើត​រោងចក្រ និង​សាងសង់​សណ្ឋាគារ​ផ្កាយ​៥ ដែលមាន​ទំហំ​វិនិយោគ​ប្រមាណ​២៩៦​លាន​ដុល្លារ ព្រមទាំង​បង្កើត​ការងារ​ថ្មី​រាប់ពាន់​កន្លែង​ទៀតផង​។   ក្នុងនោះ​មាន​៦​ក្រុមហ៊ុន មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ  ២​ក្រុមហ៊ុន នៅ​ខេត្តតាកែវ និង​៣​ទៀត នៅ​ខេត្តបាត់ដំបង កំពង់ឆ្នាំង និង​ខេត្តកណ្តាល​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់ CDC កាលពី​ថ្ងៃទី​២១​ធ្នូ ក្រុមហ៊ុន​ទាំង​៦ នៅ​រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​សរុប​១៦១,២៤០​លាន​ដុល្លារ​។ មាន​ក្រុមហ៊ុន XIAMENT TOBACCO (CAMBODIA) វិ​និ​យ​យោគ​២,៧៣​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​បារី នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។ ក្រុមហ៊ុន​FAR EAST IMPORT EXPORT គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា និង​ស្រា​បៀរ ក្នុង​ទុនវិនិយោគ​១៣,១៨​លាន​ដុល្លារ នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​
 
​ក្រុមហ៊ុន LAMUES LIGHT ENTERPRISE គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌ តាំង​លម្អ​គ្រប់​ប្រភេទ នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គម្រោង​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ​អាមេរិក​។ គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​២៣ KV របស់​ក្រុមហ៊ុន ALEX CORPORATION ពី​ស្ថានីយ​វា​រី អគ្គិសនី​ស្ទឹង​តា​តៃ (​ខេត្តកោះកុង​) មក​ស្ថានីយ​បែក​ចាន ទីក្រុង​ភ្នំពេញ លើ​ទុនវិនិយោគ​ប្រមាណ ១៣៦,៦៩​លាន​ដុល្លារ​។​
 
​ក្រុមហ៊ុន LAN KAY PLASTIC TECHNOLOGY (CAMBODIA) គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក «​កែវ ដប ចាន ប្រអប់ ថង់​...»​ក្នុង​សង្កាត់​ដង្កោ ក្នុង​ទុនវិនិយោគ​ប្រមាណ ២,៩៥​លាន​ដុល្លារ និង​ក្រុមហ៊ុន DER SHENG FA PACKAGING INDUSTRIAL គ្រោង​បង្កើត​រោងចក្រ​ផលិត​ប្លា​ស្ទិ​ក និង​បោះពុម្ព នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រុមហ៊ុន​នេះ មាន​ទុន​ប្រមាណ ២.២៣​លាន​ដុល្លារ​។​
 
​ចំពោះ ខេត្តតាកែវ​ដែលមាន​ក្រុមហ៊ុន គ្រោង​បង្កើត​រោងចក្រ​ដែរនោះ គឺ​ក្រុមហ៊ុន GO FRESH F & B មាន​ទុន​ប្រមាណ ១៧,៥៨​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។ ដោយ​ក្រុមហ៊ុន​LIEFENG OUTDOORS (CAMBODIA) គ្រោង​បង្កើត​រោងចក្រ​ដេរអាវ​សុវត្ថិភាព តង់ និង​កាបូប​គ្រប់​ប្រភេទ នៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង​ក្នុង ទុន​៥.៤​លាន​ដុល្លារ​។ 
 
​ចំណែកឯ​ក្រុមហ៊ុន​៣​ទៀត មាន​ក្រុមហ៊ុន SCORPIO CAMTRIP គ្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​៦០០​បន្ទប់ ក្នុង​ទុន​ប្រមាណ ៩៤,៥​លាន​ដុល្លារ នៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ​។  ក្រុមហ៊ុន​S.H.R.N.G INVESTMENT វិនិយោគ ៤,៦៤​លាន​ដុល្លារ លើ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ាប​) នៅ​តំបន់ភ្នំ​ជំរាល ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ 
 
​ក្រុមហ៊ុន DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ទុនវិនិយោគ​ប្រមាណ ១១.១១​លាន​ដុល្លារ​៕
 

Tag:
 ​សេដ្ឋកិច្ច​
  គម្រោង​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com