ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​កាន់តែ​យល់​តម្លៃ​ពី​ការអាន​សៀវភៅ​
23, Dec 2018 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ សៀវភៅ​គឺជា​ឃ្លាំងចំណេះ ដូច្នេះហើយ​ទើបបានជា​យុវជន​នាពេល​បច្ចុប្បន្ននេះ កាន់តែ​យល់ច្បាស់​ពី​តម្លៃ​របស់​វា ដែល​អាច​ទាយ​យកមក​ធ្វើជា​ប្រយោជន៍​។ ការតាំងពិព័រណ៍​សៀវភៅ​លើក​ទី​លើក​ទី​៧​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​អ្នកចូលរួម​ប្រមាណ​១៣​ម៉ឺន​នាក់ ដែលមាន​អ្នកចូលរួម​ស្ទើរ​គ្រប់​វ័យ​រាប់​តាំងពី​កុមារ​ឡើងទៅ​។ ក្នុងនោះ​យុវជន​ជាច្រើន​បាន​សម្រុក​ទៅ​ស្វែងរក​សៀវភៅ​ដែល​ខ្លួន​ពេញចិត្ត ដោយ​ពួកគេ​បាន​និយាយ​ដូចៗ​គ្នា​ថា ការអាន​សៀវភៅ​ធ្វើឱ្យ​ខ្លួន​កើន​បញ្ញា​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​តាំងពីព្រឹក​ទល់​ព្រលប់ ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ នា​ថ្ងៃទី​៧​ដល់ទី​៩​ធ្នូ អ្នក​ស្នេហា​ការអាន​ដែល​ភាគច្រើន​ជា​យុវវ័យ ត្រូវ​ប្រជ្រៀត​គ្នា​ដើម្បី​ទិញ​សៀវភៅ នៅតាម​តូប​ជាង​១០០​តូបដែល​បានដាក់​លក់​។ នោះ​គឺជា​ថ្ងៃ​តាំងពិព័រណ៍​សៀវភៅ​លើក​ទី​៧ ដែល​អនុញ្ញាតឱ្យ​អ្នកនិពន្ធ និង​អ្នកអាន មានឱកាស​ជួបគ្នា​ដោយផ្ទាល់​។​
 
​ម្ដាយ​ឪពុក​ខ្លះ​បាន​ពកូន​តូច​នៅ​ចង្កេះ ខ្លះទៀត​កាន់​ដៃ​កូន​ឱ្យ​ដើរ​ពីក្រោយ ស្រប​ពេលដែល​ខ្លួន​ព្យាយាម​ប្រជែង​ជាមួយ​មនុស្ស​ដទៃទៀត ដើម្បី​បាន​ចូលទៅ​ទិញ​សៀវភៅ​ដែល​ខ្លួន​ត្រូវការ​។ នៅក្រោម​សំពត់​បាំង​កម្ដៅ​ព័ណ៌​សលាយ​ខៀវ ព្រមជាមួយ​កង្ហា​ទឹក​ដែល​ដាក់ពង្រាយ នៅតាម បណ្ដា​តូប​នោះ បាន​ជួយ​រារាំង​កម្តៅថ្ងៃ​ដ៏​សែន​ក្ដៅ​នា​ម៉ោង ១១​ទៅ​១២​ថ្ងៃត្រង់​បាន​ខ្លះៗ​ដែរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ កន្លែង​ខ្លះ​ក៏​នៅតែ​ក្ដៅ​ស្ទើរ​ទ្រាំ​មិនបាន​ដែរ​។ 


 
​ថ្វី​ដ្បិត​មាន​ឧបសគ្គ​ទាំង​ចង្អៀត​និង​ក្ដៅ​ក៏ដោយចុះ តែ​មិនអាច​បញ្ឈប់​ការដើរ​ទិញ​សៀវភៅ​របស់​អ្នក​និយម​ការអាន​បានឡើយ​។ សម្ទុះ​អ្នកចូលរួម​ក្នុង​ថ្ងៃ​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៧​នេះ ទំនងជា​សញ្ញាណ​ប្រាប់ថា​ទៅ​ថ្ងៃ​អនាគត អ្វីដែល​ជាការ​ពេញនិយម​ចូលចិត្ត របស់​យុវវ័យ​ជំនាន់​ថ្មី ដែល​ពួកគេ​យល់ថា​ទាន់សម័យ​នោះ គឺ​ប្រហែលជា​ការអាន​សៀវភៅ ជំនួស​ឱ្យ​ការមើល​ទូរស័ព្ទ ដែល​មិនសូវ​ផ្ដល់​ផលប្រយោជន៍​។ 
 
​ដៃ​កាន់​ថង់​ច្រក​សៀវភៅ​ស្ទើរ​ពេញ​ទៅហើយ តែ​ភ្នែក​នៅតែ​រេ​មើលទៅ​សៀវភៅ​ដែលមាន​នៅក្នុងតូប ក្រែង​បាន​ជួប​ចំណងជើង​ដែល​ខ្លួន​ពេញចិត្ត​បន្ថែមទៀត នោះ​គឺ​កញ្ញា ចាន់ រាជ​នី​។ រា​ជនី​មកពី​ខេត្តស្ទឹងត្រែង ជា​គរុ​សិស្ស​ដែល​ឡើងមក​រៀន​នៅ​ភ្នំពេញ ត្រៀម​ចេញ​ធ្វើ​គ្រូ​ថ្នាក់​អនុវិទ្យាល័យ ផ្នែក​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ រាជ​នី ទិញ​សៀវភៅ​ជា​ប្រភេទ​បង្ហាញ​ពី​គោលដៅ​ជីវិត ជួយ​ដល់​ស្មា​តី ពី​ភាពជោគជ័យ ជា​សៀវភៅ​ប្រលោមលោក និង​សៀវភៅ​អង់គ្លេស​។ 
 
​នារី​វ័យ​១៨​ឆ្នាំ​ដែល​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​តូច​រូបនេះ  យល់ច្បាស់​ថា​ការយក​ប្រាក់​ទៅ​ទិញ​សៀវភៅ មាន​ប្រយោជន៍​ជាង​យកទៅ​ទិញ​របស់​មិនចាំបាច់​មួយចំនួន​។ អនាគត​គ្រូបង្រៀន​វ័យក្មេង​រូបនេះ ថា​ការអាន​សៀវភៅ​គឺជា​ផ្នែក​មួយ​ចូលរួម​បង្កើត​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។​
 
​បង្ហើរ​សំនៀង​ព្រមជាមួយ​ទឹកមុខ​ញញឹម រាជ​នី ស្នើ​ដល់​យុវវ័យ​ឱ្យ​បង្វែ​ពី​ការលេង​ហ្គេម និង​លេង​ហ្វេ​ស​ប៊ុ​ក​គ្មាន​ប្រយោជន៍ មក​ចំណាយពេល​មើលសៀវភៅ​ឱ្យបាន​ច្រើន​។ 
 
​ចំណែក​លោក ឃឿន ម៉ា​និ បាន​ទិញ​សៀវភៅ​ដែល​ត្រូវ​និង​មុខ​វិទ្យា​សិក្សា​នៅ​មហាវិទ្យាល័យ ស្ថាបត្យកម្ម ដែល​ខ្លួន​កំពុង​រៀន ហើយ​ក៏មាន​សៀវភៅ​ទាក់ទង​នឹង​វប្បធម៌​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ពិភពលោក​ផងដែរ​។ 


 
​និស្សិត​វ័យ​២០​ឆ្នាំ​សម្បុរ​សរាង​ខ្ពស់​សង្ហា​រូបនេះ អាន​សៀវភៅ​ដើម្បី​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ពី​អ​តី​កាល នឹង​ប្រៀបធៀប​ជាមួយ​សម័យ​បច្ចុប្បន្ន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​។ ម៉ា​និ ណែនាំ​ដល់​យុវវ័យ​ដែល​ស្ថិតក្នុង​ដំណាក់កាល​អាន​សៀវភៅ​ដំបូង គួរ​ណាស់​តែ​ជ្រើសរើស​សៀវភៅ​ណា​ដែល​ស្ដើង​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ឬ​ត្រូវ​និង​ជំនាញ​សិក្សា​របស់ខ្លួន​។ 
 
​ស្ពាយ​កាបូប​ធំ​នៅ​ពីមុខ ដៃ​កាន់​សៀវភៅ​ស្ទើរតែ​ផ្អៀងខ្លួន​មួយ​ចំហៀង ក្នុង​ថង់​ច្រក​សៀវភៅ​របស់លោក អ៊ុន តុលា មាន​សៀវភៅ​ប្រវត្តិសាស្ត្រ​សម័យ​ប៉ុលពត ដែល​សរសេរ​ជា​ប្រលោមលោក និង​សៀវភៅ​បែប​លើកទឹកចិត្ត​។ បុរស​មកពី​ខេត្តរតនគិរី អាយុ​២២​ឆ្នាំ សម្បុរ​ស្រអែម​ស្គម​ខ្ពស់​រូបនេះ មុន​ទិញ​សៀវភៅ គេ​ព្យាយាម​មើល​មាតិការឿង និង​កា​រស​ង្ខែ​ប​អត្ថន័យ​នៅ​គ្របសៀវភៅ​ខាងក្រោយ​។ 
 
​មិន​ត្រឹមតែ​ទិញ​សៀវភៅ​សម្រាប់​ខ្លួនឯង​ទេ តែ តុលា ថែមទាំង​បាន​ទិញ​សៀវភៅ​កុមារ​សម្រាប់​ក្មួយ​ស្រី​ទាំង​បីនាក់​របស់គេ​ថែម​ទៀតផង​។ ជា​បុគ្គលិក​ធ្វើការ​នៅ​ស្ថាប័ន​មួយ​លោក តុលា លើកទឹកចិត្ត​អាណាព្យាបាល​គ្រប់រូប គួរ​ណាស់​តែ​បង្កើត​បណ្ណាល័យ​តូច​មួយ​សម្រាប់​កូន ចៀស​ជាង​ទិញ​ទូរទស្សន៍​ធំ​ដាក់​ក្នុងផ្ទះ​។ យុវជន​រូបនេះ​ថា ការអាន​សៀវភៅ​ជួយ​ឱ្យ​ក្មេង​ចុះសម្រុង​ក្នុងសង្គម បាន​ច្រើនជាង​ក្មេង​ដែល​មិនបាន​អាន​សៀវភៅ និង​ធ្វើ​ឱ្យគេ​ចេះ​គិតពិចារណា​តាំងពី​តូច​។ 


 
​តុលា ក៏​លើកទឹកចិត្ត​យុវជន​ឱ្យ​សួរ​ខ្លួនឯង ថា​ចូលចិត្ត​អាន​សៀវភៅ​ប្រភេទ​ណា មុននឹង​ទិញ​សៀវភៅ​មក​អាន ដើម្បី​បញ្ជៀ​សការ​ទុក​សៀវភៅ​ចោល​។ ចំពោះ​ការអាន​សៀវភៅ លោ​កថា​សូមកុំ​ដាក់​កម្រិត​ឬ​សម្ពាធ​លើ​ខ្លួនឯង តែ​ត្រូវ​អាន​ដោយ​ពេញចិត្ត​។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បានផ្ដល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ​ថា ការតាំងពិព័រណ៍​សៀវភៅ​លើក​ទី​៧​នេះ មាន​អ្នកចូលរួម​កាន់តែច្រើន​ជាង​ឆ្នាំមុនៗ ដែលជា​សញ្ញាណ​បង្ហាញថា យុវជន​កាន់តែ​ចាប់អារម្មណ៍​ល​លើ​ការអាន​សៀវភៅ​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា ការអាន​សៀវភៅ​អាចជួយ​ឱ្យ​ចំណេះដឹង​រីកចម្រើន​និង​ទូលំទូលាយ​។ ហើយ​ក្រៅពី​សៀវភៅ ការ​អនុវត្តិ​ការងារ​ជាក់ស្ដែង ការស្រាវជ្រាវ ការមើល​រូបភាព និង​ការមើល​ឯកសារ​តាម​អ៊ី​ន​ធើ​ណេ​ត ក៏​ជា​ប្រភព​ផ្ដល់​ចំណេះដឹង​ដែរ​។ 
 
​លោក ហង់ ជួនណា​រ៉ុ​ន បន្ថែមថា​ប្រទេសជាតិ​អាច​រីកចម្រើន​ទៅបាន ក៏​ដោយសារ​ពលរដ្ឋ​មានចំណេះដឹង ហើយ​ចំណេះ​បាន​ពី​សៀវភៅ​។ លោក​បាន​ណែនាំ​ដល់​យុវជន​ថា ដើម្បី​អាច​រៀន​ទទួលបាន​លទ្ធផល​ល្អ អ្នករៀន​ត្រូវមាន​គោលដៅ​ច្បាស់លាស់​ថា​ចង់​រៀន​អ្វី និង​ចង់​ធ្វើ​អ្វី​ទៅ​ថ្ងៃ​អ​នា​គត់​។ បន្ទាប់មក​ត្រូវ​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ពង្រីក​ចំណេះដឹង​បន្ថែម​។ 


 
​សូមបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៧ ឆ្នាំ​២០១៨ ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៧-៩ ខែធ្នូ កន្លងមកនេះ មាន​តូប​ចំនួន ១១០តូប ខណៈ​ឆ្នាំ​២០១៧ មាន​ត្រឹម ៨០​តូប​ប៉ុណ្ណោះ​។ ចំណែក​អ្នកចូលរួម​មាន​ប្រមាណ ១៣​ម៉ឺន​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ មាន​ត្រឹមតែ​ជាង​៥​ម៉ឺន​នាក់​៕
 

Tag:
 សៀវភៅ​
  តាំងពិព័រណ៍​សៀវភៅ​
  អប់រំ​
  យុវជន​
  ហង់ ជួនណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com