ជាតិ
គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល បាន​ផ្ទេរ​ថវិកា​ជាង​២​ពាន់​លាន​ដុល្លារ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់គ្រង​
24, Dec 2018 , 9:58 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល បាន​ផ្ទេរ​ថវិកា​ជាង​២,៤១២​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់ខ្លួន ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ នៅតាម​ដែន​សមត្ថកិច្ច​នីមួយៗ​។​

 
​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ថ្នាក់ក្រោម​ជាតិ​ជាង​២​ពាន់​លាន​ដុល្លារ​នេះ គឺ​បែងចែក​ទៅ​ឲ្យ​មូល​និ​ធិឃុំ​-​សង្កាត់ ជាង​៧១៦​លាន​ដុល្លារ​ហើយ (គិត​ចាប់ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១៨) ខណៈថវិកាមូលនិធិក្រុង-ស្រុក ប្រមាណ១៥២លានដុល្លារ (គិតចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨) និង​ថវិកា​សម្រាប់​រាជធានី​-​ខេត្ត ប្រមាណ​១,៥៤៤​លាន​ដុល្លារ (គិត​ចាប់ពី​ឆ្នាំ​២០០៩​ដល់​២០១៨)​។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៃ​ក្រសួងមហាផ្ទៃ​។​
 
​របាយការណ៍ បាន​បន្ថែមថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​គ្រប់គ្រង​ចាត់ចែង ប្រើប្រាស់​ធនធាន​របស់​ខ្លួន តាម​គោលការណ៍​និង​នីតិវិធី ដែល​បានកំណត់ ក្នុង​ការផ្ដល់សេវា​នានា ដោយបាន​រៀបចំ និង​អនុវត្ត​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​ខ្នាតតូចៗ​ជាច្រើន ដែលមាន​ប្រមាណ​២០០០​គម្រោង​ក្នុង​មួយឆ្នាំ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ ការផ្ដល់សេវា​ទាំងនោះ មាន​ជាអាទិ៍ ការសាងសង់​ផ្លូវលំ​ជនបទ ស្ពាន ការ​ដាក់លូ​កាត់​ថ្នល់ និង​គម្រោង​ផ្ដល់​សេវា​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​រដ្ឋបាល ការផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាព អនាម័យ បញ្ហា​យេនឌ័រ និង​ការទប់ស្កាត់​អំពើហិង្សា រួមទាំង​ការ​ចងក្រង​ក្រុម​សហគមន៍​តាម​មូលដ្ឋាន ដើម្បី​ការពារ​និង​លើកស្ទួយ​ផលប្រយោជន៍​របស់​ក្រុម​ជនរងគ្រោះ​ជាដើម​។​
 
​សម្រាប់​ការអនុវត្ត​គម្រោង​ទាំងនេះ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​គៀរគរ​ធនធាន​ចូលរួម​ពី​ប្រជាពលរដ្ឋ សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល សម្បុរ​សជន និង​ការចូលរួម​ពី​ប្រភព​ស្របច្បាប់​ផ្សេង​ទៀតផង​។ «​ការងារ​គណនេយ្យភាព​សង្គម​ត្រូវ​បានរៀបចំ និង​អនុវត្ត​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និត​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ផ្ដល់នូវ​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ ការប្រើប្រាស់​ថវិកា ការផ្ដល់សេវា និង​ការអនុវត្ត​គម្រោង​នានា​របស់​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​អង្គភាព​ជំនាញ​នានា នៅតាម​មូលដ្ឋាន (​សេវា​អប់រំ និង​សុខភាព​) ព្រមទាំង​បង្កលក្ខណៈ​ឲ្យ​មានការ​ចូលរួម​តាមដាន​ត្រួតពិនិត្យ និង​ផ្ដល់យោបល់​ពី​ប្រជាពលរដ្ឋ​លើ​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ថ្នាក់ឃុំ​-​សង្កាត់ និង​ការផ្ដល់សេវា​របស់​អង្គភាព​ជំនាញ​ទាំងនោះ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ​.​ជ​.​អ​.​ប នៅក្នុង​របាយការណ៍​។​
 
​បច្ចុប្បន្ននេះ ក្រសួង​ជាង​១០ បានធ្វើ​ប្រតិភូកម្ម​មុខងារ​ផ្តល់​សេវា​រដ្ឋបាល ជាង​៦០០​ប្រភេទ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្ដល់​សេវា​រដ្ឋបាល តាម​ការិយាល័យ​ឬ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​។ ចំណែក​មុខងារ​ចំនួន​១៦ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​រួមមាន ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​៦ , ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្ទេរ​មុខងារ​ចំនួន​៣ ,​ក្រសួង​អភិវឌ្ឍ​ជនបទ បាន​ផ្ទេរ​មុខងារ​ចំនួន​៣ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ទេរ​មុខងារ​ចំនួន​៤៕
 

Tag:
 ង៉ាន់ ចំរើន​
  មហាផ្ទៃ​
  វិមជ្ឈការ​
  វិសហមជ្ឈការ
© រក្សាសិទ្ធិដោយ thmeythmey.com