ភ្នំពេញ៖ បញ្ហាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅមិនទាន់មានលក្ខណៈពេញលេញ សម្រាប់ឲ្យពួកគេបំពេញការងារផ្ដល់សេវាចាំបាច់ តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។ នេះជាបញ្ហាប្រឈមមួយ ដែលក្រសួងមហាផ្ទៃ កំពុងរៀបចំយន្តការដោះស្រាយ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ង៉ាន់ ចំរើន បាននិយាយថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដល់រដ្ឋបាលថ្នាក់ក្រោមជាតិបំពេញការងារ និងភារកិច្ច សម្រាប់ប្រជាពលរដ្ឋ នៅមានកម្រិតនៅឡើយ ពោលគឺមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវដោះស្រាយ ។
បញ្ហាប្រឈម ដែលរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មើលឃើញនោះ គឺទាក់ទងទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពុំទាន់បានកំណត់ និងបែងចែកឲ្យបានច្បាស់លាស់នូវតួនាទីឲ្យស្របតាមប្រភេទ ឬចរិតលក្ខណៈផ្សេងៗគ្នា ហើយវាក៏ជាកត្តានាំឲ្យសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនទាន់អាចឆ្លើយតបទៅនឹងការវិវឌ្ឍ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមនៅឡើយ។
ដោយសារតែមិនទាន់មានការបែងចែកតួនាទីឲ្យបានច្បាស់លាស់ស្របតាមប្រភេទនេះ ទើបធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅពុំទាន់មានលក្ខណៈពេញលេញ ក្នុងការបំពេញគណនេយ្យភាពច្បាស់លាស់ សម្រាប់ផ្ដល់សេវាចាំបាច់ដោយផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឡើយ ដោយសារតែសេវាទាំងនោះ ភាគច្រើនស្ថិតនៅក្រោមការទទួលខុសត្រូវ និងការអនុវត្តរបស់មន្ទីរ អង្គភាពដែលជាខ្សែបណ្ដោយរបស់ក្រសួង-ស្ថាប័នជំនាញ។ ត្រង់ចំណុចនេះលោក ចំរើន បានពន្យល់ថា កិច្ចការងារមួយចំនួននោះ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្មានសិទ្ធិសម្រេច និងអនុវត្តបានឡើយ ដរាបណាគ្មានការយល់ព្រម ឬផ្ទេរពីមន្ទីរ ឬអង្គភាព ដែលជាខ្សែបណ្ដោយរបស់ក្រសួង-ស្ថាប័នជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន និងមន្ត្រីគ.ជ.អ.ប អំពីសកម្មភាពការងារស្តីពីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី២១ ធ្នូ លោក ង៉ាន់ ចំរើន បន្តនិយាយពីបញ្ហាប្រឈមថា ការចូលរួម និងការផ្ដល់យោបល់របស់ប្រជាពលរដ្ឋ ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅមានកម្រិត ដោយសារការរៀបចំយន្តការ និងនីតិវិធីនានាពុំទាន់មានលក្ខណៈសមស្រប ហើយទម្លាប់និងឥរិយាបទនៃការចូលរួម នៅមិនទាន់មានការផ្លាស់ប្ដូរឲ្យបានជ្រាលជ្រៅ ខណៈដែលពលរដ្ឋមានជំនឿចិត្តលើលទ្ធភាពដោះស្រាយបញ្ហារបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅមានកម្រិត។
ក្រសួងជាង១០ បានធ្វើប្រតិភូកម្មមុខងារផ្តល់សេវារដ្ឋបាល ជាង៦០០ប្រភេទ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្ដល់សេវារដ្ឋបាល តាមការិយាល័យឬអង្គភាពច្រកចេញ-ចូលតែមួយ។ ចំណែកមុខងារចំនួន១៦ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះរួមមាន ក្រសួងបរិស្ថានបានផ្ទេរមុខងារ៦ , ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ទេរមុខងារចំនួន៣ ,ក្រសួងអភិវឌ្ឍជនបទ បានផ្ទេរមុខងារចំនួន៣ និងក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរមុខងារចំនួន៤។ ទោះជាមានការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្តី ក៏រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ នៅមិនទាន់មានលទ្ធភាពទទួលខុសត្រូវក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះ ឲ្យបានល្អនៅឡើយ។នេះជាការបញ្ជាក់របស់លោក ង៉ាន ចំរើន។
បើតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ យន្តការអធិការកិច្ចលើការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅពុំទាន់រៀបចំ និងដាក់ឲ្យអនុវត្តប្រកបដោយសុខដុមនីយកម្មរវាងក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅឡើយ។«ស្ថានភាពនេះ បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលនូវសម្ពាធ និងមានបន្ទុកការងារយ៉ាងច្រើន ក្នុងការរៀបចំទទួលនិងការចូលរួមដំណើរការធ្វើអធិការកិច្ចរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ចនានាជាច្រើន»។ នេះជាការបញ្ជាក់របស់ប្រធានលេខាធិការ គ.ជ.អ.ប។
គិតត្រឹមឆ្នាំ២០១៨នេះ រដ្ឋាភិបាល បានផ្ទេរថវិកាជាង២,៤១២លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ នៅតាមដែនសមត្ថកិច្ចនីមួយៗ៕