រថយន្ត
អន្តរជាតិ
តាក់ស៊ី​លើ​អាកាស​លែង​ជា​រឿង​ស្រមើស្រមៃ​ទៀតហើយ​
24, Dec 2018 , 7:39 pm        
រូបភាព
​តើ​លោកអ្នក​អាច​ស្រ​ម៉ៃ​ឃើញ​ទេ​នៅពេល​ដែលមាន​តាក់ស៊ី​ពីលើ​អាកាស​ដែល​អាច​ដឹក​អ្នក​ឆ្លងកាត់​ចរាចរ​ដ៏​មមាញឹក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​យ៉ាង​ស្រួល​នោះ​? មានមតិ​មួយចំនួន​យល់ថា នៅក្នុង​ប្រទេស​អភិវឌ្ឍ​មួយចំនួន តាក់ស៊ី​លើ​អាកាស​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ធ្វើដំណើរ​ដ៏​សាមញ្ញ របស់​មនុស្សម្នា​នៅក្នុង​ទីប្រជុំជន​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

 
 
​បើតាម​ការបញ្ជា​ក់រប​ស់ទូ​ទស្សន៍​សិង្ហ​បុរី Channel News Asia ដើមខែ​ធ្នូ​កន្លងទៅ ក្នុង​ឆ្នាំ​២០៥០ ប្រមាណ​ជា ៦៨​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​នឹង​រស់នៅក្នុង​ទីក្រុង​ឬ​ទីប្រជុំជន​ចង្អៀត​នានា​។  ។ សព្វថ្ងៃនេះ ចំនួន​ប្រជាជន​សរុប​ដែល​រស់នៅក្នុង​ទីប្រជុំជន​មាន​ចំនួន​៥៥​ភាគរយ​រួចជាស្រេច​ទៅហើយ​។ ៦៥​ភាគរយ​នេះ​គឺ វា​ស្មើនឹង​ប្រជាជន​ប្រមាណ​២.៥​ពាន់​លាន​នាក់​បន្ថែមទៀត​ដែល​នឹង​មក​ធ្វើការ​រស់នៅក្នុង​ទីក្រុង​។​
 
 កំណើត​ប្រជាជន​បែបនេះ វា​នឹង​បង្កើត​បញ្ហា​ច្រើន​។ បញ្ហា​អាច​កើតឡើង​ជាប្រចាំ​មានដូចជា​ការស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស អ្នកធ្វើដំណើរ​ជា​មធ្យម​ខាតបង់​ពេលវេលា​ប្រមាណ ៧២​ម៉ោង​ទៅលើ​ការស្ទះ​ចរាចរណ៍​ក្នុង​មួយឆ្នាំៗ​។​
 
 ហេតុដូចនេះ​ទើប​ក្រុមហ៊ុន​ដែលមាន​គំនិត​ក្នុង​ការផលិត​បច្ចេកវិទ្យា​ទំនើប​មកពី​ប្រទេស​ជាច្រើន​ក្នុង​ឆាក​អន្តរជាតិ​បាន​រិះរក​គំនិត​ក្នុងការ​ប្រើប្រាស់​លំហ​អា​កាល​តាម​ទីក្រុង​ដែល​មមាញឹក​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​។​
 
 បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាង ១២០ កំពុង​ដាក់​គោលដៅ​ប្រវត្តិ​ថ្មី​ក្នុងការ​អភិវឌ្ឍ​មធ្យោបាយ​ធ្វើដំណើរ​។ គោលដៅ​របស់​ពួកគេ​គឺ​ការផលិត និង​ឈានទៅ​ដាក់​ឲ្យ​ដំណើរការ​យានយន្ត Electric Vertical Take Off and Landing (EVTOL) ឬ​អាច​ហៅ​ជា​ភាសា​ខ្មែរ​ថា យានយន្ត​ដែល​ហោះហើរ និង​ចុះចត​ដោយ​ទិសដៅ​កែង​នឹង​ផ្ទៃដី ស្រដៀង​នឹង​ឧ​ទ្ធ​មា្ភ​គ​ចក្រ​ដែរ​។ 
 
​ប៉ុន្តែ​យាន​ទាំងអស់នេះ​ក៏ត្រូវ​មានតម្លៃ​សមរម្យ​ក្នុងការ​ប្រើប្រាស់ ងាយស្រួល ធានា​នូវ​សុវត្ថិភាព និង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដំណើរ​។ ក្រុមហ៊ុន​យក្ស​ធំៗ​មួយចំនួន​មានដូចជា Uber, Boeing និង Airbus ក៏​កំពុង​រៀបចំខ្លួន​ក្នុងការ​សម្រេច​ចក្ខុ​វិស័យនេះ​មួយ​ដែរ​។ 
 
​ប៉ុន្តែ​ឧបសគ្គ​សំខាន់ៗ​មួយចំនួន​ក៏​ចាំបាច់​ត្រូវ​ដោះស្រាយ និង​អភិវឌ្ឍ​ដែរ​។ បញ្ហា​នោះ​មានដូចជា​ការផលិត​នូវ​សារធាតុ​ថ្មី​ដែលមាន​លក្ខណៈ​ស្រាល​តែ​ស្វិត និង​ធន់ និង​ការផលិត​ម៉ូ​ទ័​រ​ដែលមាន​រូបរាង​តូច ស៊ី​ថាមពល​តិច តែ​បញ្ចេញ​កម្លាំង​ខ្លាំង​។ 
 
​វា​មិនមែនជា​រឿង​ចម្លែក​នោះទេ​នៅពេលដែល​បច្ចេកវិទ្យា​ទាំងនេះ​មានតម្លៃ​ថ្លៃ​ក្នុងពេល​ដំបូង​។ កាលពីដើម​សតវត្ស​ទី​២០ ការហោះហើរ​លើ​យន្តហោះ​គឺ ធ្វើឡើង​សម្រាប់តែ​អ្នកមាន​លុយ​ច្រើន​ប៉ុណ្ណោះ​។ តែ​សព្វ​ថ្ងែ​ជើងយន្តហោះ​ជា​សេវាកម្ម​មួយ​ដែល​មនុស្ស​សឹងតែ​គ្រប់គ្នា​អាច​ទទួលយកបាន​៕ 
 

Tag:
 Air Taxi
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com