រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
ការ​នាំចូល​រថយន្តរ​បស់​វៀតណាម ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងឆ្នាំនេះ​
24, Dec 2018 , 8:39 pm        
រូបភាព
ដោយ:
​វៀតណាម បាន​នាំចូល​រថយន្ត​ប្រមាណ ៧២ ៦៥០​គ្រឿងក្នុង​ឆ្នាំ​២០១៨​នេះ​។ យោងតាម​ការ​ឲ្យ​ដឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធគយ​វៀតណាម​នៅ​ថ្ងៃទី​១៨ ខែធ្នូ តួរ​លេខ​ថ្មី​នេះ​គឺ​ធ្លាក់ចុះ​ជិត​២០​ភាគរយ បើ​ធៀប​ទៅនឹង​តួរ​លេខ​កាលពី​ឆ្នាំ​២០១៧​។

 
​ទោះបីជា​ចំនួន​នៃ​ការ​នាំចូល​រថយន្ត​ធ្លាក់ចុះ​ក៏ដោយ​ក្តី ប៉ុន្តែ​តម្លៃ​នៃ​ការ​នាំចូល​រថយន្ត​ទាំងនេះ បាន​កើន​ឡើងដល់​១,៦៤​ពាន់​លាន​ដុល្លារ​។ ហើយ​ចំនួន​នេះដែរ​គឺ​កើនឡើង​ប្រមាណ ២១​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ 
 
​ថៃ និង​ឥណ្ឌូណេស៊ី គឺជា​អ្នកផ្គត់ផ្គង់​រថយន្ត​ធំ​បំផុត​របស់​វៀតណាម​។ តួយ៉ាង វៀតណាម​បាន​នាំចូល​រថយន្ត​ពី​ថៃ ច្រើនជាង ៥២ ១៧០​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១,០៤​ពាន់​លាន​ដុល្លារ ដោយ​គិត​ចាប់ពី​ដើមឆ្នាំ​២០១៨​មក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express​។​
 
​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធគយ​វៀតណាម គិត​ចាប់ពី​ថ្ងៃទី​០៧ ដល់ ថ្ងៃទី​១៧ ខែធ្នូ ការ​នាំចូល​រថយន្តរ​បស់​វៀតណាម​មាន​ចំនួន​២៨៣៣​គ្រឿង​។ យោងតាម​តួរ​លេខ​នេះ ការ​នាំចូល​រថយន្ត​បាន​ថយចុះ​ចំនួន​៧០១​គ្រឿង បើ​ធៀប​ទៅនឹង​សប្តាហ៍​មុន​។ ហើយ​បើ​គិត​ជា​ទឹកប្រាក់​វិញ​គឺ​ស្មើនឹង ៦៧​លាន​ដុល្លារ​។​
 
​លោក Mike Dunne អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ដែល​បាន​ចំណាយពេល​ជាង​៣០​ឆ្នាំ​នៅ​អាស៊ី បាន​ប្រាប់​ទូរទស្សន៍​អាមេរិក CNBC កាលពី​ថ្មីៗ​នេះ​ថា វៀតណាម​ដែលមាន​ប្រជាជន​សរុប​ដល់​ទៅ​ជាង​៩០​លាន​នាក់ គឺ​ធំ​ជាង​កូរ៉េខាងត្បូង​ទៅទៀត ប៉ុន្តែ​ការប្រើប្រាស់​រថយន្ត​មាន​ត្រឹមតែ ៣០​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ 
 
​ភាគច្រើន​រថយន្ត​លក់​នៅក្នុង​ប្រទេស​វៀតណាម គឺ​សុទ្ធតែជា​ម៉ាក​បរទេស​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយចំនួន​បាន​កាត់បន្ថយ​តម្លៃ​ពន្ធគយ និង​កំពុង​បើកចំហ​ទីផ្សារ​របស់​វៀតណាម​ឲ្យ​កាន់តែ​ធំ​ទូលាយ​ថែមទៀត​។ តួយ៉ាង​ពន្ធ​នាំចូល​ចំនួន​៣០​ភាគរយ ដែល​កំណត់​លើ​រថយន្ត​នាំ​ចេញពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​លុបចោល​ក្នុង​ឆ្នាំ​២០១៨​នេះ​។ 
 
​វៀតណាម មាន​ជំនួញ​ត្រឹមតែ​៣៥៨​ប៉ុណ្ណោះ​ក្នុង​ឧស្សាហកម្ម​រថយន្ត​។ ហើយ​ចំនួន​នេះ​គឺ​ទាប​ខ្លាំង បើ​ធៀប​ទៅនឹង​ថៃ ដែលមាន​ដល់​ទៅ​២៥០០​ឯណោះ​។ នេះ​យោងតាម​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម​៕
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com