ជាតិ
រថយន្ត
សិល្បះ
«Celica អស់​សាំង​» ដែល​កំពុង​ល្បី ត្រូវបាន​កាឡៃ​ពីបទ «​នារី​មី​នី​កា​»
24, Dec 2018 , 6:12 pm        
រូបភាព
ដោយ: រួបរួម
​បទ «Celica អស់​សាំង​» កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​កម្ពុជា​។ បទ​នេះ បកស្រាយ​ដោយ​តារាចម្រៀង​ខ្មែរ​-​អាមេរិក Jay Chan​។ នៅក្នុង​ទំព័រ Youtube របស់ខ្លួន តារាចម្រៀង ដែលមាន​មូលដ្ឋាន​នៅ​ក្រុង Modesto រដ្ឋ California សហរដ្ឋអាមេរិក អះអាងថា ខ្លួន​ច្រៀង​តាម​លំនាំ (Cover) បទ​រាំវង់​ដ៏​ពេញនិយម​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០-៩០ ។​

 
​ការលើកឡើង​របស់​តារាចម្រៀង Jay Chan សំដៅលើ​បទ «​មិ​នី​កា​អស់​សាំង​» ដែល​បកស្រាយ​ដោយ​តារាចម្រៀង គង់ ឌី​ណា​។ បទ​នេះ​ត្រូវបាន​ថត​ជា​ខារ៉ាអូខេ នា​អំឡុង​ឆ្នាំ​១៩៩០ ដែល​សំដែង​ដោយ លោក យុទ្ធ តារា ឆា​នី និង​អ្នកនាង ប៉ែន សុ​ផានី​។ 
 
​ប៉ុន្តែ​បើ​កម្រង​អាល់​ប៊ុ​ម​ចម្រៀង​អត្ថាធិប្បាយ​របស់​ក្រុមហ៊ុន​វត្តភ្នំ សម្រាប់​បទ​មុន​ឆ្នាំ​១៩៧៥ (Oldies Songs Before 1975) លោក គង់ ឌី​ណា មិនមែនជា​ម្ចាស់​សំនៀង​ដើម​នោះឡើយ​។ តាមពិត​លោក កង ផាន់​ណូ តារាចម្រៀង​អំឡុង​ឆ្នាំ​១៩៧០ គឺជា​ម្ចាស់​សំនៀង​ដើម ជាមួយនឹង​ចំណងជើង​ដើម​ថា «​នារី​មី​នី​កា​»​។​
 
​សារព័ត៌មាន ThmeyThmey មិនមាន​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​លោក កង ផាន់​ណូ ឡើយ ប៉ុន្តែ​លោក​មាន​បទ​ល្បីៗ​ជាច្រើន​កាលពី​សម័យ​ដើម ដែល​ក្នុងនោះ​មានដូចជា បទ​ក្បត់ចិត្ត​ស្នេហ៍​, អួន​នាង​ឈ្មោះ​អី​?, មាន​នឹក​បង​ទេ​?, ស្នេហ៍​ស្រី​មេ​មា​យ និង​បទ​សម្រេចចិត្ត​យកប្រពន្ធ ជាដើម​។​
 
​បទ «Celica អស់​សាំង​» ដែល​ច្រៀង​ដោយ​លោក Jay Chan មានការ​កែសម្រួល​ឃ្លា​ជាច្រើន​ពីបទ​ដើម ជាពិសេស​ការប្តូរ​ប្រភេទ​រថយន្ត​ពី មី​នី​កា (Mini Car) ទៅជា Celica»​។ ដោយឡែក​បទ​ដែល​លោក គង់ ឌី​ណា ច្រៀង ក្រៅពី​ប្តូរ​ចំណងជើង​ពី «​នារី​មី​នី​កា​» ទៅជា «​មី​នី​កា​អស់​សាំង​» អត្ថន័យ​ខុសពី​បទ​ដើម​របស់លោក កង ផាន់​ណូ តែមួយ​ពាក្យ​ប៉ុណ្ណោះ​ត្រង់​ឃ្លា « ប្រុសៗ​ឃើញ [​តាម​] ចោម​ស្នេហ៍​ស្រីៗ​សម័យ​» ដោយ​ទៅជា «​ឃើញ [​ដេញ​] ចោម​ស្នេហ៍​»​។ 
 
​បទ Cover របស់លោក Jay Chan «Celica អស់​សាំង​» មានការ​ទស្សនា​ជិត​៤​លាន​ដង​ក្នុង​រយៈពេល​តែ​៤​ខែ​ប៉ុណ្ណោះ​។ ក្នុង​ឃ្លី​ប​ដំបូង លោក​បកស្រាយ​នៅក្នុង​ស្ទី​ត​យោ ហើយ​បន្ទាប់មក លោក​ថត​ជា​ឈុត​ខារ៉ាអូខេ​។​
 
 
 
 
I.​ស្រី​ស្រស់​សង្ហា​ជិះ Celica ពា​ក់វែន​តា​ធំៗ 
​បើកឡាន​ដៃ​មួយ​សើច​ដាក់​ខ្ញុំ ឱ​! ក្រមុំ​រូប​ស្រស់​
​ដៃ​ម្ខាង​ច្រូង​សក់ ភ្នែក​សម្លក់​ហើយ​សួរ​ខ្ញុំ​ថា​
​នែ៎​! ប្រុស​ជីវ៉ា​ទៅណា​មក​ណា ឃើញតែ​ញ៉ែ​តាមផ្លូវ​។​
 
II.​អុញ​! ឡាន​អស់​សាំង ឈប់​គាំង​រាំង​កណ្ដាលផ្លូវ​
​ឡាន​រុញ​មិន​ទៅ ស្ទះ​គេ​ពេញ​ផ្លូវ ផ្អើល​ប៉ូលិស​មក​ដេញ​
​ស្រី​ស្រស់​ទុក្ខ​ម្នេញ ចេញ​មកឈរ​ហើយ​ធ្វើ​មុខជូរ​
​មុខ​ដូច​គំនូរ មិនគួរ​យក​កេរ្តិ៍​ចោល​កណ្ដាលផ្លូវ​។​
 
III.​ខ្ញុំ​ឃើញ​ស្រី​ល្អ ងាកក​ឈរ​ធ្វើ​មុខក្រញូវ​
​ដួងចិត្ត​ហ្មងសៅ ឱ​! ស្រី​ពៅ​ខ្មាស​គេ​អស់អ្នក​ផ្សារ​
​ខ្ញុំ​ដើរ​ឈរ​ជិត ញញឹម​ដាក់​ហើយ​ស្រែក​ឱ្យ​ថា​
​នែ៎​! ស្រស់​ជីវ៉ា ជិះ Celica អស់​សាំង​កណ្ដាលផ្លូវ​៕
 
 
​បទ «​មី​នី​កា​អស់​សាំង​» ច្រៀង​ដោយ លោក គង់ ឌី​ណា និង​បទ​ដើម «​នារី​មី​នី​កា​» ដែល​ច្រៀង​ដោយ​លោក កង ផាន់​ណូ ខុសគ្នា​តែមួយ​ពាក្យ​ប៉ុណ្ណោះ​។​
 
​សំនៀង​លោក គង់ ឌី​ណា​៖
 


 
​សំនៀង​លោក កង ផាន់​ណូ​៖
 


 
I.​ស្រី​ស្រស់​សង្ហា​បើក​មី​នី​កា ពា​ក់វែន​តា​ធំៗ 
​បើកឡាន​ដៃ​មួយ​សើច​ដាក់​ខ្ញុំ ឱ​! ក្រមុំ​រូប​ស្រស់​
​ប្រុសៗ​ឃើញ (​ដេញ​) តាម ចោម​ស្នេហ៍​ស្រីៗ​សម័យ​
​ស៊ី​វិ​ល័យ​មែន​ភព​ផែន​ដែន​ខ្មែរ ប្រដូច​មិនបាន​
 
II.​អុញ​! ឡាន​អស់​សាំង មុខ​ស្លាំង​ជាប់គាំង​កណ្ដាលផ្លូវ​
​ឡាន​រុញ​មិន​ទៅ ធ្វើ​ស្ទះផ្លូវ ប៉េអឹម​មក​ដេញ​
​ស្រី​ពៅ​ចុះចេញ ដេញ​ស៊ីក្លូ​ធ្វើ​មុខជូរ​
​មុខ​ដូច​គំនូរ ពុំគួរ​ធ្វើ​ចោល​កេរ្តិ៍​កណ្តាល​ខ្មាស់​
 
III.​ប្រុស​ផ្អើល​ឈូឆរ ឃើញ​ស្រី​ល្អ​ឈរ​កណ្តាលផ្លូវ​
​រុញ​ឡាន​មិន​ទៅ ពៅ​ចង់​យំ​ឈរ​ក្រៀម​ចំបែង​
​កើតទុក្ខ​ម្នាក់ឯង​ចង់​ធ្វើ​ខែង ថ្លែងប្រាប់​គេ​ថា​...
​ស្រី​ស្រស់​សង្ហា​បើក​មី​នី​កា អស់​សាំង​កណ្តាលផ្លូវ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com