អន្តរជាតិ
ប្រទេស​កា​ម៉េ​រូ​ន​បាន​ផ្អាក​ការងារ​អ្នកកាសែត​និង​បណ្តាញសារព័ត៌មាន​
25, Dec 2018 , 7:59 pm        
រូបភាព
លោក​ Peter Essoka ​ជា​ប្រធាន​មជ្ឈមណ្ឌល​ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន។
លោក​ Peter Essoka ​ជា​ប្រធាន​មជ្ឈមណ្ឌល​ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កាម៉េរូន។
ដោយ: VOA
​យុន​ដេ ៖ ​នេះ​ជា Vision 4 ដែលជា​ស្ថានីយទូរទស្សន៍​ឯកជន​មួយ​នៅ​រដ្ឋធានី Yaounde ប្រទេស​កា​ម៉េ​រូ​ន​ដែល​ផ្សាយ​កម្មវិធី​បុណ្យ​ណូអែល​ពិសេស​មួយ​។​

 
​បណ្តាញ​ទូរទស្សន៍​នេះ​បាន​ជំទាស់​បទបញ្ជា​របស់​ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន​ដែល​ហាម​មិនឱ្យ​ផ្សាយ​រយៈពេល​មួយខែ​។​
 
​លោក Peter Essoka ប្រធាន​មជ្ឈមណ្ឌល ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន បាន​និយាយថា លោក​កំពុង​ពិចារណា​ស្នើ​សុំឱ្យ​រដ្ឋបាល​និង​ប៉ូលិស​បិទ​ស្ថានីយទូរទស្សន៍​នេះ​។​
 
«​ក្រុមប្រឹក្សា​មិនមែនជា​ប៉ូលិស​ទេ ហើយក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​អនុវត្ត​ដែរ ប៉ុន្តែ​យើង​អាច​ជំរុញ​ការអនុវត្ត​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ដែនដី​។ យើង​បាន​សម្រេចចិត្ត​ហើយ​ហើយ​យើង​សង្ឃឹមថា នឹងមាន​ការអនុវត្ត​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​
 
​ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន​បាន​ឲ្យ​ផ្អាក​ការផ្សាយ​របស់​ស្ថានីយទូរទស្សន៍ Vision 4 និង​អ្នកសារព័ត៌មាន​ពីរ​នាក់​របស់​ស្ថានីយ​នេះ​រយៈពេល​មួយខែ​ម្នាក់ៗ​។ 
 
​លោក Ernest Obama ត្រូវបាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​ដោយសារ​អ្វីដែល ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន បាន​និយាយថា មានការ​ប្រើ​ភាសា​បង្ក​ការ​ស្អប់ខ្ពើម​ដែល​អាច​បញ្ឆេះ​ជម្លោះ​រវាង​កុលសម្ព័ន្ធ​នានា​នៅ​ប្រទេស​កា​ម៉េ​រូ​ន​។ លោកស្រី Nadine Patricia Mengue ត្រូវបាន​ឲ្យ​ផ្អាក​ការងារ​ដោយ​ការប្រកាស​ព័ត៌មាន​ខុស​អំពី​ការស្លាប់​របស់លោក Ali Bongo Ondimba ប្រធានាធិបតី​ប្រទេស Gabon ក្នុងអំឡុងពេល​កម្មវិធី​ព័ត៌មាន​ម៉ោង​ពិសេស​កាលពី​ថ្ងៃទី​២៥ ខែតុលា​។ 
 
​នៅ​ថ្ងៃទី​៣០ ខែតុលា ប្រទេស Gabon ក៏បាន​ផ្អាក​បណ្តាញ​ទូរទស្សន៍​ឯកជន​មិន​ឲ្យ​ធ្វើការ​ផ្សាយ​រយៈពេល​ប្រាំ​មួយខែ​នៅលើ​ទឹកដី​របស់ខ្លួន បន្ទាប់ពី​បណ្តាញ​ទូរទស្សន៍​បាន​រាយការណ៍​ម្តងទៀត​អំពី​មរណភាព​របស់លោក Ondimba ដែល​ត្រូវបាន​គេ​និយាយថា គ្រាន់តែ​ចូល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយសារ​ហេវ​អស់កម្លាំង​។ 
 
​អាជ្ញាធរ​គ្រប់គ្រង​ការផ្សព្វផ្សាយ​របស់​ប្រទេស Gabon បាន​និយាយថា របាយការណ៍​មិន​ត្រឹមត្រូវ​និង​ខុសឆ្គង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សាមគ្គីភាព​ជាតិ​របស់ខ្លួន​ប៉ះពាល់​ដល់​សម្ព័ន្ធ​សង្គម​និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​។​
 
​អ្នកស្រី Melvis Kimbi ផ្សាយ​ព័ត៌មាន​មាន​ទូរទស្សន៍​រដ្ឋកា​ម៉េ​រូ​ន CRTV និយាយថា ការដាក់ទណ្ឌកម្ម​លើ​ស្ថានីយទូរទស្សន៍ Vision 4 គួរតែ​ធ្វើជា​យូរ​មកហើយ​។​
 
«​ស្ថានីយ​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែលជា​ព័ត៌មាន​ដែលមាន​ទំហំ​ធំ​ដែល​អាច​បង្កឱ្យមាន​វិបត្តិ​ការទូត​រវាង​ប្រទេស​កា​ម៉េ​រូ​ន​និង​ប្រទេស Gabon ហើយ​មាន​រឿងរ៉ាវ​ជាច្រើន​កំពុង​បន្ត​កើត​មាននៅ​ស្ថានីយទូរទស្សន៍ Vision 4 ដែល​មិនទាន់​ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅឡើយ​»​។​
 
​ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន ក៏បាន​ផ្អាក​ការងារ​របស់លោក Maneh Mirelle នៃ​ស្ថានីយទូរទស្សន៍ Canal 2 International រយៈពេល​៦​ខែ លោក Joseph Roland Djotie របស់​បណ្តាញ​ព័ត៌មាន Le Quotidien de L'Economie រយៈពេល​១​ខែ និង​លោក Zebaze Benjamin រយៈពេល​ពីរ​ខែ​។​
 
​លោក Dom Pipelassi Michael Doppas ត្រូវបាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​អស់​រយៈពេល​ពីរ​ខែ​ដោយ​សារបាន​រាយការណ៍​ម្តង​ហើយ​ម្តង​ទៀតថា តារាបាល់ទាត់​កា​ម៉េ​រូ​ន​ឈ្មោះ Samuel Eto'o គឺជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​។​
 
​លោក Etienne Ngalle នៃ​កាសែត La Nation បាន​និយាយថា ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន ធ្វើការ​ល្អ​ដោយ​ផ្អាក​បណ្តាញ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន និង​អ្នកកាសែត​ដែល​មិនមាន​វិជ្ជាជីវៈ​ខ្ពស់​ក្នុងការ​បំពេញការងារ​របស់​ពួកគេ​។ 
 
​គាត់​និយាយថា គាត់​កោតសរសើរ​ដល់​ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន ចំពោះ​ការផ្អាក​ការងារ​អ្នកយកព័ត៌មាន​ឲ្យ​វិទ្យុ Soleil FM ដែល​បានប្រកាស​ដោយ​មិន​បង្ហាញ​ភស្តុតាង​ថា តារាបាល់ទាត់​កា​ម៉េ​រូ​ន​ឈ្មោះ Samuel Eto'o គឺជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​។ គាត់​និយាយថា ទោះបីជា​អ្នកកាសែត​មាន​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដោយ ពួកគេ​គួរតែបញ្ឈប់​ការនិយាយ​បង្កាច់បង្ខូច​និង​និយាយ​កុហក​ដើម្បី​បង្ខូចឈ្មោះ​អ្នកមាន​មុខមាត់​សាធារណៈ​។​
 
​អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders តែងតែ​ចោទប្រកាន់ថា ក្រុមប្រឹក្សា​គមនាគមន៍​កា​ម៉េ​រូ​ន​ចាត់វិធានការ​តឹងតែង​ជាង​មុន​ចំពោះ​អ្នកកាសែត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប៉ុន្តែ​ទណ្ឌកម្ម​នាពេល​ថ្មីៗ​នេះ​ត្រូវបាន​អបអរសាទរ​ដោយ​អ្នកសារព័ត៌មាន​អាជីព​ខ្លះ ជាពិសេស អ្នក​ដែល​រង​ទណ្ឌកម្ម​ត្រូវបាន​ស្នើសុំ​ឱ្យ​ការពារ​ខ្លួន​នៅ​ចំពោះមុខ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន​។ នៅ​ឆ្នាំ​២០១៧ ក្រុមប្រឹក្សា​គមនាគមន៍​ជាតិ​កា​ម៉េ​រូ​ន បាន​ផ្អាក​ការងារ​អ្នកសារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៣០ ដោយ​ចោទថា ពួកគេ​មិន​គោរព​បទដ្ឋាន​វិជ្ជាជីវៈ និង​សីលធម៌​។​
 
​ប្រទេស​កា​ម៉េ​រូ​ន​មាន​កាសែត​ជាង​៥០០ និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ចំនួន​១០០ ដែល​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​ការបោះឆ្នោត​ប្រធានាធិបតី​។ 
 
​របាយការណ៍​វាយតម្លៃ​សេរីភាព​ព័ត៌មាន​ពិភពលោក​ដោយ​អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders ឆ្នាំ​២០១៨​បាន​ឲ្យ​ចំណាត់ថ្នាក់ ប្រទេស​កា​ម៉េ​រូ​ន​លេខ​១២៩​ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​ក្នុង​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com