ក្លិប Evolve MMA ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ប្រមូលផ្តុំទៅដោយកីឡាករខ្លាំងៗនៅ ONE Championship ដោយក្នុងនោះរួមមានទាំង វីរនារីប្រចាំប្រទេសគឺនាង Angela Lee។ សមាជិកក្លិបនេះទាំងមូលបានតាំងចិត្ត ធ្វើកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនៅថ្ងៃបុណ្យណូអែលសម្រាប់ក្មេងៗកម្ពុជា។
សម្រាប់មនុស្សភាគច្រើន ថ្ងៃបុណ្យណូអែល ជាពេលសប្បាយជួបជុំមិត្តភក្តិ និងគ្រួសារ ប៉ុន្តែអ្នកខ្លះវិញក៏ឆ្លៀតយកឱកាសនេះទៅចែករំលែកក្តីរីករាយរបស់ពួកគេជាមួយអ្នកដ៏ទៃដែលមិនមានសំណាងដូចខ្លួន។
ដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការមិនរកប្រាក់ចំណេញនានា ដូចជា
Caring for Cambodia (CFC) ជាដើមនោះ ក្លិប Evolve បាននាំយកសម្ភារប្រើប្រាស់ប្រចាំថ្ងៃមកចែកជូនដល់ក្មេងៗក្រីក្រកម្ពុជា ជាហូហែក្នុងរយៈពេលពីរឆ្នាំនេះមកហើយ។
ក្លិបមួយនេះបានជួយរួមចំណែកមួយផ្នែកធំ តាមរយៈការបរិច្ចាកសម្ភារសិក្សា និងថ្នាំសង្កូវជាដើម។
«ការសហការគ្នារវាង Caring for Cambodia ជាមួយក្លិប Evolve គឺមានន័យថាកីឡាករ និងបុគ្គលិកនៅទីនោះ មានឱកាសបរិច្ចាកគ្រឿងប្រើប្រាស់របស់ខ្លួនដល់ក្មេងៗដែលនៅក្នុងសាលា Caring for Cambodia។
«ក្នុងសាលានោះមានក្មេងៗចំនួន ៦៦០០ នាក់ ដែលគ្មានទាំងស្បែកជើងពាក់ គ្មានទាំងបាយហូប សំភារសិក្សា និងសូម្បីតែថ្នាំសង្កូវធម្មតា»។
ការយកចិត្តទុកដាក់ជួយដល់មនុស្សទន់ខ្សោយ ឬក្រីក្រ និងទឹកចិត្តសប្បុរសធម៌បែបនេះ វាមាននៅក្នុងឆន្ទៈរបស់ក្លិបតាំងពីទើបបង្កើតនាខែមករា ឆ្នាំ ២០០៩មក ដែលមានលោក Chatri Sityodtong ជាប្រធានប្រតិបត្តិ និងជា CEO របស់ ONE ផងដែរ។
អ្នកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយក្លិប Richard Wee ពន្យល់ថា៖
«ក្នុងក្លិប Evolve MMA របស់យើង យើងចង់ឲ្យគ្រប់គ្នាចេះជួយអ្នកដ៏ទៃទៅវិញទៅមក។ យើងមានកម្មវិធីជារៀងរាល់សប្តាហ៍នៅសិង្ហបុរីដើម្បីជួយដល់អ្នកក្រីក្រី យុវវ័យដែលប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ ហើយក្មេងៗដែលត្រូវការការអប់រំពិសេស និងក្មេងដែលមានជំងឺមហារីក។ សិស្សក្នុងក្លិបបានស្ម័គ្រចិត្តយកពេលវេលាខ្លួនជួយក្នុងកម្មវិធីនោះ»។
«មួយឆ្នាំម្តង យើងរៀបចំកម្មវិធីសប្បុរសធម៌មួយសម្រាប់គ្រប់គ្នានៅក្លិប Evolve MMA ចូលរួមចំណែកនូវអ្វីដែលខ្លួនមាន។ យើងរកឃើញ និងធ្វើការជាមួួយអង្គការ Caring for Cambodia ដោយបានដើរប្រមូលវិភាគទានមកជួយដល់កុមារកម្ពុជា។ វិភាគទានទាំងនោះមានដូចជា ថ្នាំសង្កូវនានា គ្រឿងថែទាំធ្មេញ សម្ភារសិក្សា និងស្បែកជើងផ្ទាត់ជាដើម»។
បន្ទាប់ពីការប្រមែប្រមូលថវិការគ្រប់គ្រាន់ហើយប៉ុន្មានថ្ងៃក្រោយមក ក្លិបសិង្ហបុរីនេះជំរុញឲ្យសមាជិករាល់គ្នាចូលរួមជួយតាមវិធី និងសមត្ថភាពដែលខ្លួនមាន។
គេអាចជួយបានដោយបរិច្ចាកសម្ភារខាងលើមកតាមក្លិប ឬក៏ទំនាក់ទំនងជាមួយអង្គការ Caring for Cambodia ធ្វើយ៉ាងណាផ្តល់ឲ្យក្មេងៗទាំង ៦៦០០ នាក់នោះទទួលបានការអប់រំ និងសុខភាពល្អ។
«យើងចង់បង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះមនុស្សដែលត្រូវការវា។ យើងសង្ឃឹមថាការចូលរួមបន្តិចបន្ទួចនេះ អាចជួយដល់ក្មេងៗនៅកម្ពុជា និងគ្រួសាររបស់គាត់បានខ្លះ»៕
អត្ថបទ៖ Matias Andres