ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​កុមារ​អាច​ញែក​រវាង​វប្បធម៌​ខ្មែរ និង​វប្បធម៌​បរទេស​បានទេ​?
26, Dec 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖​គេ​សង្កេតឃើញ​នៅពេល​បច្ចុប្បន្ន សាលា​ឯកជន ជាពិសេស​សាលាបង្រៀន​កុមារ បានរៀបចំ​ពិធីបុណ្យ​ណូអែល ដែលជា​ពិធីបុណ្យ​របស់​បរទេស​យ៉ាង​គគ្រឹកគគ្រេង​។ បើ មនុស្ស​ធំ ទំនងជា​អាចបែងចែក​បាន រវាង​ពី​ធី​បុណ្យ​ណា​ជា​របស់​ខ្មែរ ហើយ​ពិធីបុណ្យ​ណា​ជា​របស់​បរទេស​។ ចុះ​កុមារ តើ​ពួកគេ​អាច​ញែក​បានទេ រវាង​ពិធី​បុណ្យជាតិ និង​ពិធីបុណ្យ​អន្តរជាតិ​។ តើ​ត្រូវ​ធ្វើយ៉ាងណា ដើម្បីឱ្យ​ក្នុង​បរិបទ​សង្គម​សកលភាវូបនីយកម្ម អាចឱ្យ​កុមារ​ទទួលបាន​ទាំង​ចំណេះដឹង​វប្បធម៌​បរទេស និង​យល់ច្បាស់​ពី​វប្បធម៌​ជាតិ​ខ្លួន​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 



 
​អាច​និយាយបានថា​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក កុមារ​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការអប់រំ និង​ការបញ្ជ្រាប​ចំណេះដឹង​គ្រប់​វិស័យ​។ ក្នុង​បរិបទ​សង្គម​សកលភាវូបនីយកម្ម មនុស្ស​មាន​សិទ្ធិ​កាន់​យក​វប្បធម៌​ណាមួយ ដែល​ខ្លួន​ពេញចិត្ត ឱ្យតែ​មិន​ប្រាសចាក​ច្បាប់ និង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌​ជាតិ​។ ប៉ុន្តែ​ប្រទេសមួយ ប្រសិនបើ​មិនមាន​យន្តការ​ច្បាស់លាស់​ក្នុងការ​ថែរក្សា និង​អភិរក្ស​វប្បធម៌​ជាតិ​របស់ខ្លួន នោះ​វា​អាច​ក្លាយទៅជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ ព្រោះ​កុមារ មិនអាច​បែងចែក​ថា​អ្វី​ជា​របស់​ជាតិ​ខ្លួន ហើយ​អ្វី​ជា​វប្បធម៌​បរទេស​។ ក្នុង​ឧ​ត្ត​ម​គតិ​មិន​រើសអើង​ជាតិ​សាសន៍ ឬ​សិល្បៈ​វប្បធម៌​ប្រពៃណី សង្គម​មួយ​ត្រូវ​បញ្ជ្រាប​អ្វី​ដែលជា​សិល្បៈ​វប្បធម៌​ទំនៀមទម្លាប់​ជាតិ ទៅ​មនុស្ស​ក្នុងសង្គម​នោះ ដោយ​មិន​បោះបង់ចោល​ចំណេះដឹង​វប្បធម៌​បរទេស​។​
 
​លោក ព្រឿង ឈាង ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ការធ្វើ​ពិ​ធិ​បុណ្យ​ណូអែល ឬ​ពិធីបុណ្យ​បរទេស​ដទៃទៀត នៅក្នុង​សាលាបង្រៀន​កុមារ មិនមាន​អ្វី​ទាស់ខុស​ឡើយ តែ​សូមឱ្យ​មានការ​ពន្យល់​ក្មេង ពី​ពិធីបុណ្យ​ណា​ជា​របស់​បរទេស ហើយ​ពិធីបុណ្យ​ណា​ជា​របស់​ជាតិ​ខ្លួន​ឱ្យបាន​ច្បាស់​។ លោក​បន្ថែមថា ការពន្យល់​ក្មេង​ឱ្យដឹង ពី​ពិធី​បុណ្យជាតិ​និង​អន្តរជាតិ មិនមែនជា​ការរើសអើង​នោះឡើយ តែ​ដើម្បី​ថែរក្សារ​អ្វី ដែលជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​។ លោក​ពន្យល់​យ៉ាង ដូច្នេះ​៖«​ទាល់តែ​យើង​បញ្ជាក់​អត្ថន័យ​ឱ្យ​ច្បាស់​។ យើង​មិន​ជាតិនិយម​ចង្អៀតចង្អល់​ទេ ប្រជាជនមាន​សិទ្ធិសេរីភាព កាន់សាសនា​ផ្សេងៗ ដែល​ខ្លួន​ពេញចិត្ត តែ​យើង​គ្រាន់តែ​ចង់ឱ្យ​កូន​ខ្មែរ ដឹង​ពី​វប្បធម៌​ខ្មែរ​យើង​ពី​តូច​»​។ 
 
​ទីប្រឹក្សា​ក្រសួង​វប្បធម៌ ដែលមាន​បទពិសោធ​ច្រើន​ក្នុង​របត់​សិល្បៈ​វប្បធម៌​រូបនេះ បញ្ជាក់​បន្ថែមថា សាលា​ទាំង​នៅ​កម្ពុជា ត្រូវតែ​រៀបចំ​ពិធីបុណ្យ​ដែលជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ នៅក្នុង​សាលា​របស់ខ្លួន​ឱ្យបាន​ច្រើន ដើម្បី​បញ្ជ្រាប​ទៅដល់​ក្មេង​។ លោក​បញ្ជាក់បន្ថែម ៖«​យើង​មិន​បង្ខំ​ទេ តែ​ត្រូវតែ​ព្រោះ​យើង​ជា​ខ្មែរ ព្រោះនេះ​ជា​ស្រុក​ខ្មែរ យើង​ជា​ម្ចាស់​ប្រទេស គួរ​ធ្វើ​បុណ្យជាតិ​ឱ្យ​ធំ​ជាង​បុណ្យ​បរទេស​។ បើ​យើង​ធ្វើបុណ្យ​គេ ច្រើនជាង​បុណ្យជាតិ​ខ្លួន ប្រយ័ត្ន​គេ​ច្រឡំ​ថា ជា​ជាតិ​អ្វី​ផ្សេង​»​។ 



 
​លោក​ថា ពេលខ្លះ​ការធ្វើ​ពិធីបុណ្យ​អន្តរជាតិ​ច្រើនជាង​ពិធីបុណ្យ​ជាតិ​ក្នុង​សាលារៀន ធ្វើឱ្យ​វប្បធម៌​ទំនៀមទម្លាប់​ជាតិ​មាន​ឱនភាព​។ «​នេះ​ជា​អនុសាសន៍​ណែនាំ​គ្រប់​ស្ថាប័ន​ទាំងអស់ បុណ្យជាតិ​ខានមិនបាន រហូត​យើង​អំពាវនាវ​ថា​នេះ​ជា​បុណ្យ​នៃ​ប្រទេស​ខ្មែរ​»​។ លោក ព្រឿង ឈាង បញ្ជាក់បន្ថែម​។​
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​លោក ឌី ខាំ​បូ​លី បាន​ពន្យល់ថា​រាល់​សកម្មភាព​ទាំងឡាយណា ដែល​មិន​ប្រាសចាក​ច្បាប់ មិន​ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​សង្គម និង​ប្រពៃណី នោះ​អាច​អនុវត្តបាន​។ លោក​ថា ក្នុងសង្គម​សកលភាវូបនីយកម្ម គេ​មិនអាច​ទប់​មិន​ឱ្យមាន​លំហូរ​សិល្បៈ​វប្បធម៌​បរទេស ចូលក្នុង​ប្រទេស ឬ​ហាម​មិនឱ្យ​ប្រារព្ធ​ពិធីបុណ្យ​អន្តរជាតិ នៅក្នុង​ប្រទេសមួយ​បានឡើយ​។ «​សម័យ​សកលភាវូបនីយកម្ម​នេះ ទប់​មិន​បានទេ ហើយ​មាន​ចម្រុះ​វប្បធម៌​ទាំងអស់​។ ដូច​យើង​ធ្វើបុណ្យ​សាសនា​នៅ​អាមេរិក​អីចឹង គេ​មិន​បិទ ឬ​ហាមឃាត់​យើង​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខាំ​បូ​លី​។​
 
​លោក ខាំ​បូ​លី បន្ថែមថា ដ្បិត​មាន​លំហូរ​សិល្បៈ​ចម្រុះ​ក្ដី តែ​គេ​ក៏ត្រូវ​អភិរក្ស និង​ថែរក្សា សម្បត្តិ​មរតក​ជាតិ​ដែរ​។ លោក​បន្ថែម​យ៉ាង​ដូច្នេះ ៖«​មិនមែន​យើង​មិន​រើសអើង យើង​មិន​ការពារ​របស់​យើង​ទេ មានន័យថា​យើង​មិន​ទាត់ចោល​វប្បធម៌​គេ តែ​របស់​យើង យើង​ថែរក្សា និង​អភិរក្ស​»​។​
 
​ចំណែក​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា បានកត់សម្គាល់​ឃើញថា​សាលា​ឯកជន ជាពិសេស​សាលា​កុមារ មិនសូវមាន​បានរៀបចំ​ពិធី​ដែល​បង្ហាញ​ពី​វប្បធម៌​ប្រពៃណីជាតិ​ខ្មែរ​ឡើយ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​ចង់ឃើញ​សាលា​អន្តរជាតិ​ទាំងអស់​ហ្នឹង យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ក្មេង ឱ្យ​សិក្សា​ស្វែងយល់​ពី​វប្បធម៌​ជាតិ ទោះបី​គាត់​ទៅ​រៀន​សាលា​ពីរ​ភាសា​»​។ 


 
​លោក​ថា សាលា​ឯកជន បាន​ព្យាយាម​រក​វិធី​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្មេង ឱ្យចូល​ចិត្ត​ទៅ​រៀន​នៅ​សាលា​របស់ខ្លួន ដែល​ពេលខ្លះ ភ្លេច​បង្ហាញ​អ្វី​ដែលជា​វប្បធម៌​ខ្មែរ​។ លោក​បន្ថែម ៖« សាលា​នីមួយៗ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់ទាញ​មាតាបិតា និង​ក្មេង​។ ការធ្វើ​នេះ មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ វិជ្ជមាន គឺ​ក្មេង​គាត់​អាច​ដឹង​ពី​វប្បធម៌​គេ ពេល​គាត់​ធំ​គាត់​ទៅធ្វើ​ការ​ជាមួយ​បរទេស គាត់​អាច​ដឹង​ពី​ប្រពៃណី​វប្បធម៌​គេ​។ អវិជ្ជមាន​នោះ ពេលដែល​សាលា​ធ្វើ ហើយ​មិនបាន​ពន្យល់​ក្មេង​ឱ្យបាន​ច្បាស់ ថា​មួយណា​ជា​វប្បធម៌​បរទេស ហើយ​មួយណា​ជា​របស់​ខ្មែរ ដូច្នេះ​គាត់​អាច​យល់ច្រឡំ​»​។​
 
​លោក​បាន​លើ​ឧទាហរណ៍​ពី​ប្រទេសជិតខាង ដែល​លោក​ធ្លាប់បាន​ទៅ​រៀន ដែល​គេ​អាច​រក្សាបាន​ទំនៀមទម្លាប់​ជាតិ ក្នុង​បរិបទ​សកល​ភា​រូបនីយកម្ម​។ «​ខ្ញុំ​ទៅ​រៀន​នៅ​ប្រទេស​ថៃ ជា​សកល​វិទ្យាល័យ​សាសនា​គ្រិស្ត​ថែមទៀត គេ​មិនដែល​បោះបង់​វប្បធម៌​គេ​ចោល​ទេ​។ គេ​បានដាក់​កម្មវិធីសិក្សា​វ​ប្ប​ធម៌​ថៃ ចូលក្នុង​កម្មវិធីសិក្សា ហើយ​រាល់ពេល​បុណ្យទាន​ពីសា​សនា ឬ​វប្បធម៌​គេ​មិនដែល​ចោលការ​តុបតែង​ដែល​បង្ហាញ​ពី​វប្បធម៌​គេ​ទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ច័ន្ទ​រឿន​។ 
 
​អ្វីដែល​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា ព្រួយបារម្ភ​ខ្លាំង​នោះ​គឺ ពេលដែល​ប្រារព្ធ​ពិធីបុណ្យ​អន្តរជាតិ ដោយ​មិនបាន​ពន្យល់​ក្មេង​ឱ្យបាន​ច្បាស់លាស់ ពី​ប្រភពដើម នោះ​ក្មេង​អាច​យល់ច្រឡំ​ថា​វា​ជា​ប្រពៃណី​ខ្លួន​។ លោក​ថែមទាំង​មើលឃើញ​ទៅដល់​ចំណូល​សេដ្ឋកិច្ច​ថែម​ទៀតផង​។ លោក​បន្ថែមថា បើ​មិនមាន​ការពន្យល់​ក្មេង​ឱ្យបាន​ច្បាស់ ពី​វប្បធម៌​ខ្មែរ ទៅ​ថ្ងៃ​អនាគត​ពួកគេ អាច​ក្លាយជា​អ្នកគាំទ្រ​សិល្បៈ​បរទេស ដែល​មិន​ស្គាល់​អ្វី​ជា​វប្បធម៌​ខ្មែរ​។ 
 
​លោក ប៉ា ច័ន្ទ​រឿន ទទូច​ដល់​ក្រសួង​ពាក់ព័ន្ធ និង​ប្រជាជន​ខ្មែរ​គ្រប់រូប ត្រូវ​រួមគ្នា​ថែរក្សា​អ្វី​ដែលជា​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ ៖«​ខាង​ក្រសួង​ដែល​ពាក់ព័ន្ធ​ត្រូវមាន​គោលនយោបាយ​ឱ្យបាន​ច្បាស់លាស់ លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ ធ្វើឱ្យបាន​ទាំង​ព្រម​។ ប្រជាជន​ទូទៅ​ក៏​ត្រូវតែ​ចូលរួម​ឱ្យបាន​ទាំងអស់គ្នា ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវតែ​លើកយក​អ្វីដែល​ជាការ​អប់រំ បង្ហាញ​ពី​វប្បធម៌​ខ្មែរ​មក​ផ្សាយ​ឱ្យបាន​ញឹកញាប់​»​។


 
​សរុប​ជារួម ការ​ប្រារព្ធ​ពិធីបុណ្យ ឬ​ការរៀបចំ​ការកម្សាន្ត​ណាមួយ ដែលជា​វប្បធម៌​បរទេស មិនមាន​អ្វី​ខុសឆ្គង​ឡើយ​។ ប៉ុន្តែ​អ្វីដែល​គ្រប់​សាលា គួរតែ​យកចិត្តទុកដាក់​នោះ គឺ​ការពន្យល់​ប្រាប់​ក្មេង​ឱ្យបាន​ច្បាស់ ពី​ប្រភពដើម​កំណើត​របស់​ពិធីបុណ្យ​នោះ​។ អ្វីដែល​រាល់​សាលាបង្រៀន​កុមារ គួរតែ​គិតពិចារណា​ឱ្យបាន​មែនទែន​នោះ គឺ​ការរៀបចំ​ឱ្យមាន​ពិធីបុណ្យ​ជា​លក្ខណៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឱ្យបាន​ច្រើន​នៅក្នុង​សាលា ដោយមាន​ការតុបតែង​បង្ហាញ​ជា​លក្ខណៈ​ខ្មែរ ដើម្បីឱ្យ​ក្មេងៗ​បាន​ស្វែងយល់​កាន់តែច្រើន​។​
 
​បុណ្យ​ណូអែល ចាប់ផ្តើម​ប្រារព្ធ​ធ្វើ ប្រមាណ​ជា ២០០​ឆ្នាំ ក្រោយ គ្រិស្តសករាជ​។ ពិធីបុណ្យ​នេះ គេ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​យេ​សូ​គ្រិ​ស្គ​ដែល​គេ​យក​ថៃ្ង ២៥ ធ្នូ ជា​ថៃ្ង​ប្រារព្ធ​ពិធីបុណ្យ​៕

Tag:
 សិស្ស​
  អប់រំ​
  សាលា​ឯកជន​
  បុណ្យ​ណូអែល
© រក្សាសិទ្ធិដោយ thmeythmey.com