ជាតិ
អាជ្ញាធរជំរុញឱ្យពលរដ្ឋសម្អាតបរិស្ថានដើម្បីរក្សាប្រភពទឹកដ៏សំខាន់នៅភ្នំគូលែន
× សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីនិរន្តរភាពវិស័យទេសចរណ៍ និងរក្សាប្រភពទឹកនៅភ្នំគូលែន។ ការជំរុញដូច្នេះ គឺដោយសារអាជ្ញាធរសង្កេតឃើញថា រាល់ពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកម្ដងៗ ទេសចរតែងសម្រុកទៅលេងតំបន់ភ្នំ និងទឹកដ៏ត្រជាក់ត្រជុំមួយនេះ ដែលប្រភពទឹកហូរចេញពីជប់ កាត់តាមលិង្គមួយពាន់ និងធ្លាក់ដល់ទឹកជ្រោះ៣ជាន់។ ដ្បិតថា វិស័យទេសចរណ៍បានបង្កើតជាមុខរបរដល់ប្រជាជនច្រើនក៏ពិតមែន តែក្នុងនោះវាក៏បង្កជាបញ្ហាបរិស្ថានផងដែរ តាមរយៈការទុកដាក់សំរាមមិនបានត្រឹមត្រូវ។
ពិធីសម្អាតបរិស្ថានមួយត្រូវបានធ្វើឡើងនៅភ្នំគូលែន នាថ្ងៃទី២៥ ខែធ្នូ ដោយមានការចូលរួមពីសិស្សានុសិស្ស ពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាមរយៈដើររើសសំរាម ដែលត្រូវបានគេបោះចោលតាមព្រៃរបោះនៅតំបន់ជុំវិញភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ទីដែលសម្បូរភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។ មេឃុំខ្នងភ្នំ លោក ឈឿម តាំង បានឱ្យដឹងថា សកម្មភាពសម្អាតបរិស្ថាននៅភ្នំគូលែន តែងធ្វើជាហូរហែ និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផង។
តាមលោកមេឃុំខ្នងភ្នំ កន្លងមកការទុកដាក់សំរាមរបស់អ្នកភូមិ ក៏ដូចជាអ្នកលក់ដូរ មិនទាន់បានល្អប្រសើរឡើយ ចតួចប៉ុណ្ណោះ។ លោកបន្ថែមថា អាជ្ញាធរតែងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋពីបញ្ហាបរិស្ថាន ទាំងនៅតាមភូមិ និងនៅសាលារៀន ដោយសុំឱ្យពួកគេធ្វើយ៉ាងណាវេចខ្ចប់ និងទុកដាក់ឱ្យបានត្រឹមត្រូវ មិនឱ្យបោះចោលពាសវាលពាសកាលឡើយ។ មេឃុំខ្នងភ្នំ ពន្យល់ថា ការគ្រប់គ្រងបរិស្ថាន គឺពិតជាមានសារសំខាន់ណាស់នៅភ្នំគូលែន ដើម្បីរក្សាប្រភពទឹកនៅតំបន់នេះឱ្យនៅល្អ មិនដូច្នោះទេ វានឹងធ្វើឱ្យទឹកប្រែជាពណ៌ក្រហម និងមានរោគរមាស់ បង្កជាមេរោគផ្សេងៗ។
ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ បានឱ្យដឹងដែរថា ក្រសួងបរិស្ថានក៏ដូចជាមន្ទីរ តែងមានផែនការ កម្មវិធីអប់រំសម្អាតបរិស្ថាន ក៏ដូចជាយុទ្ធនាការសម្អាតបរិស្ថានជាបន្តបន្ទាប់ ពិសេសការគ្រប់គ្រងតំបន់ឧទ្យានជាតិភ្នំគូលែននេះតែម្ដង។ លោកបញ្ជាក់ថា ជាមួយនឹងការយកចិត្តទុកដាក់នេះ កន្លងមក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ឡដុតសំរាមមួយនៅភ្នំគូលែន ដើម្បីធានាថា ការគ្រប់គ្រងសំរាមនៅតំបន់នេះមានប្រសិទ្ធភាព និងឱ្យទាន់ពេលវេលា។ តាមការបញ្ជាក់របស់លោក ស៊ុន គង់ ឡដុតសំរាមនេះ មានលក្ខណៈបច្ចេកទេសល្អ ដែលអាចដុតសំរាមក្រោមកម្ដៅ ៨០០អង្សាសេ ដែលបំលែងផ្សែងមិនឱ្យមានជាតិពុលខ្ពស់ ហើយក្នុងមួយថ្ងៃអាចដុតសំរាមពី ៥ទៅ៨តោន តាមសមត្ថភាពរបស់អ្នកគ្រប់គ្រងឡ។
ជាមួយគ្នានេះដែរ លោកប្រធានស្ដីទីមន្ទីរបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវសហការចូលរួមថែរក្សាបរិស្ថាននៅតំបន់ភ្នំគូលែន សំដៅធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រ និងធម្មជាតិនេះ មាននិរន្តរភាពតទៅថ្ងៃមុន។
គួរបញ្ជាក់ កម្មវិធីសម្អាតបរិស្ថានក្រោមប្រធានបទ រមណីយដ្ឋានស្អាតចាប់ផ្តើមពីយើងទាំងអស់គ្នា មានកិច្ចសហការ ជាមួយមន្ទីរបរិស្ថាន អង្គការ ADF អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលឃុំខ្នងភ្នំ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com