ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ត្រឡប់ពីជប៉ុន ជនជាតិព្នង រតនា នាំបច្ចេកទេសកសិកម្ម មកជួយកសិករជនជាតិដើមភាគតិចនៅមណ្ឌលគិរី
× មណ្ឌលគិរី៖ ការអប់រំ បានផ្លាស់ប្ដូរការរស់នៅរបស់លោក សាមឿន រតនា។ ជនជាតិដើមភាគតិចព្នងរូបនេះ មានឱកាសទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ និងសិក្សាវគ្គខ្លីរយៈពេល៣ខែនៅជប៉ុនក្នុងឆ្នាំ២០១៨នេះ។ ក្រោយទទួលបានការសិក្សាពីបច្ចេកទេសកសិកម្មនៅជប៉ុន លោក រតនា បានវិលត្រឡប់មកស្រុកកំណើតវិញ នឹងយកចំណេះទាំងនោះមកចែករំលែកដល់ជនជាតិដើមភាគតិច ក្នុងគោលបំណងជួយបង្កើនជីវភាពរបស់ពួកគាត់ និងលើកស្ទួយសហគមន៍ឲ្យកាន់តែល្អ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក សាមឿន រតនា ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីដូចតទៅ៖
លោក សាមឿន រតនា ជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិពូម្លេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ យុវជនជនជាតិដើមភាគតិចរូបនេះ បានចាកចេញពីស្រុកកំណើតនៅឆ្នាំ២០១០ ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ។ ទោះបីចាកចេញមករស់នៅទីក្រុងដែលមានភាពខុសគ្នាពីការរស់នៅបែបព្រៃភ្នំ ហើយមានផលលំបាកសម្រាប់លោកក្ដី ក៏និស្សិតជនជាតិដើមភាគតិចព្នងរូបនេះ ខិតខំប្រឹងប្រែងបញ្ចប់ការសិក្សាដោយជោគជ័យផងដែរ។ ក្នុងឆ្នាំ២០១៨នេះ លោក សាមឿន រតនា មានឱកាសទៅសិក្សាវគ្គខ្លីរយៈពេល ៣ខែ នៅប្រទេសជប៉ុនទាក់ទងនឹងបច្ចេកទេសកសិកម្ម។
តាមរយៈបទពិសោធន៍សិក្សាពីបច្ចេកទេសកសិកម្មនៅជប៉ុន បានធ្វើឲ្យបុរសជនជាតិដើមភាគតិចព្នងវ័យ៣០ឆ្នាំរូបនេះ មានឆន្ទៈយ៉ាងមុតមាំ ក្នុងការវិលត្រឡប់មកអភិវឌ្ឍន៍ និងកសាងភូមិស្រុករបស់លោក តាមរយៈការលើកកម្ពស់វិស័យកសិកម្ម។ បច្ចុប្បន្នជនជាតិដើមភាគតិចព្នងរូបនេះ ជាស្ថាបនិកសហគមន៍ឃុំដាក់ដាំ ដែលធ្វើការជាមួយជនជាតិដើមភាគតិចប្រមាណ២០គ្រួសារ ទាក់ទងនឹងកសិកម្មដោយផ្ដោតលើដំណាំកាហ្វេ និងផាសិនសរីរាង្គ។
ជនជាតិដើមភាគតិចព្នងរូបនេះ ក៏បានសំណូមពរដល់សិស្សប្អូនដែលជាជនជាតិដើមភាគតិចមានឱកាសរៀនសូត្រខ្ពង់ខ្ពស់ ត្រូវគិតគូរអំពីការរៀនសូត្រ ព្រោះការរៀនសូត្រជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឲ្យជីវភាពប្រសើរឡើង និងលើកស្ទួយសហគមន៍ឲ្យកាន់តែល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com