ជាតិ
ត្រី​កញ្ជ្រូក​ក្រហម ធ្វើចរាចរ​ផ្លាស់​ទី​ជា​ហ្វូង​
27, Dec 2018 , 7:19 pm        
រូបភាព
​ត្រី​កញ្ជ្រូក​ក្រហម​។ រូបភាព​៖ បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​ត្រី​កញ្ជ្រូក​ក្រហម​។ រូបភាព​៖ បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលមាន​រស់នៅក្នុង​ទន្លេធំៗ និង​ដៃទន្លេ ដែលមាន​ព្រៃ​លិច​ទឹក​ព័ទ្ធជុំវិញ ដូចជា​អាង​ទន្លេ​ចៅ​ប្រា​យ៉ា អាង​ទន្លេមេគង្គ ក្នុង​ទន្លេសាប បឹង​ទន្លេសាប ដោយ​វា​ប្រើប្រាស់​អាងទឹក​ជ្រៅ​សម្រាប់​ជ្រកកោន​ក្នុង​រដូវប្រាំង​។​


 
​ត្រី​កញ្ជ្រូក​ក្រហម  ជា​ប្រភេទ​ត្រី​ទឹកសាប មានឈ្មោះ​វិទ្យាសាស្ត្រ (Yasuhikotakia modesta) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Redtail botia មាន​រស់​នៅតាម​ទន្លេធំៗ ដែលមាន​ភក់​នៅ​ស្រទាប់​ក្រោម តាម​ស្ទឹង អូរ បឹង​ទន្លេសាប និង​ម្តងម្កាល វា​ចូលទៅក្នុង​តំបន់​វាល​លិច​ទឹក​ផងដែរ​។​
 
​ត្រី​កញ្ជ្រូក​ក្រហម មាន​ប្រវែង​ដងខ្លួន​អតិបរមា ២៥ ស​.​ម វា​រក​ចំណី​ស៊ី​នៅពេល​យប់ ដូចជា​ជន្លេន ពពួកសត្វ​ឥត​ឆ្អឹង​កង សត្វល្អិត​នៅ​ស្រទាប់​បាត​ជា​អាហារ​។ ត្រី​ប្រភេទ​នេះ វា​ធ្វើចរាចរ​ផ្លាស់​ទី​ជា​ហ្វូង​។ នៅ​ផ្នែក​ខាងលើ​ល្បាក់ខោន នៃ​អាង​ទន្លេមេគង្គ ត្រី​កញ្ជ្រូក​ក្រហម​ធ្វើចរាចរ​ផ្លាស់​ទី​ចូល​ទៅតាម​ដៃទន្លេ និង​ស្ទឹងតូចៗ ទី​ដែល​វា​អាច​ពង​-​កូន​អំឡុង​ពេលមុន​រដូវ​ទឹកជំនន់​ចូលមក​ដល់​។ បន្ទាប់មក ពេលដែល​ទឹក​ចាប់ផ្តើម​ស្រក វា​ក៏​ត្រឡប់​ចូលមក​តាម​ដៃទន្លេ និង​ទន្លេមេគង្គ​វិញ​។ ការធ្វើ​ចរាចរ​ផ្លាស់​ទី​ឆ្ពោះទៅ​ខ្សែទឹក​ខាងក្រោម​ល្បាក់ខោន ពី​តំបន់​ដីសណ្ត​ទន្លេមេគង្គ ចាប់ពី​ខែវិច្ឆិកា ដល់​ខែ​មិនា គឺ​កើតឡើង​ដោយសារ​ទឹកទន្លេ​មេគង្គ​ស្រក​ខ្លាំង ជា​ជំនួស​មកវិញ​ទឹកប្រៃ​ក៏​ហូរ​ចូល​។ ចាប់ពី​ខែឧសភា ដល់​ខែកក្កដា ត្រី​កញ្ជ្រូក ធ្វើចរាចរ​ផ្លាស់​ទី​ពី​ល្បាក់ខោន ចុះមក​ខ្សែទឹក​ខាងក្រោម​ចូលទៅក្នុង​តំបន់​ទំនាប​លិច​ទឹក នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា និង​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​។ 
 
​ត្រី​កញ្ជ្រូក​ក្រហម ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ ត្រី​ប្រភេទ​នេះ ពុំមាន​ព័ត៌មាន​ច្បាស់លាស់​អំពី​បញ្ហា​ប្រឈម​ចំពោះ​ពួកវា​នៅឡើយ​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com