ជាតិ
សង្គមជាតិ
រំជួលចិត្ត​! លោក អឿ ច័ន្ទ​ពិសី កាន់​រូបថត​ភរិយា​ទៅតាម​ខ្លួន​នៅ​ថ្ងៃ​ទទួល​សញ្ញាបត្រ​
27, Dec 2018 , 4:19 pm        
រូបភាព
រូបភាពពី​ហ្វេស​ប៊ុក​របស់​ លោក អឿ​ ច័ន្ធពិសី
រូបភាពពី​ហ្វេស​ប៊ុក​របស់​ លោក អឿ​ ច័ន្ធពិសី
ដោយ:
​ភ្នំពេញ​៖ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន មាន​ភាព​ក្តុកក្តួល និង​កើតក្តី​អាណិត​ជា​ពន់ពេក នៅពេល​ឃើញ​និស្សិត​ម្នាក់​ឈ្មោះ អឿ ច័ន្ទ​ពិសី បានត្រឹមតែ​យក​រូប​ភរិយា ដែល​បានទទួល​មរណភាព ទៅជា​មួយ​ក្នុង​ថ្ងៃ​ទទួល​សញ្ញាបត្រ​នៃ​សា​លក​វិទ្យា​បញ្ញា​សាស្ត្រ​កម្ពុជា​ (PUC)។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ ដោយ​រួមមាន​អ្នករៀន​នៅ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​ផងដែរ បាននាំគ្នា​ចែករំលែក​រូប​របស់​និស្សិត​រូបនោះ​យ៉ាង​ព្រោងព្រាត ដោយ​រូបនោះ លោក បាន​ឈរ​កាន់​សញ្ញាបត្រ​និង​កាន់​រូប​ភរិយា​ជាមួយគ្នា​។​

 
​ការចែករំលែក​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក អម​ជាមួយ​សារ​ពីរ​យ៉ាង គឺ​មួយ បង្ហាញ​ការ​ស្តាយ​ចំពោះ​និស្សិត អឿ ច័ន្ទ​ពិសី និង​ទី​ពីរ ជួយ​លើកទឹកចិត្ត និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​លោក ឲ្យ​ខិតខំ​និង​តស៊ូ​បន្តទៀត​។​
 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ​ទូរ​សព្ទ លោក អឿ ច័ន្ទ​ពិសី  បាន​និយាយ​តិចៗ​និង​មួយៗ ដែល​ស្តាប់ទៅ​ដូចជា​មាន​ភាព​សោកសៅ យ៉ាង​ដូច្នេះ​ថា​៖«​រហូតមកដល់​ពេលនេះ ខ្ញុំ​ឯកា​ណាស់ ហើយ​នៅពេល​ខ្ញុំ​ទៅ​ទទួល​សញ្ញាបត្រ ក៏​ខ្ញុំ​ទៅ​ទទួល​តែម្នាក់ឯង​ដែរ ដោយ​ភ្ជាប់​រូបថត​ប្រពន្ធ​មួយ​សន្លឹក​។ នៅពេលនោះ​ខ្ញុំ​ឃើញ​អ្នកផ្សេង​មាន​ក្រុមគ្រួសារ​មកជា​មួយ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​ប្រពន្ធ​របស់ខ្ញុំ​មែនទែន​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ បានត្រឹមតែ​យក​រូបថត​ប្រពន្ធ ដើម្បី​បានជា​ភាពកក់ក្តៅ​តែប៉ុណ្ណោះ​»​។  
 
​ថ្វី​ត្បិត​ភរិយា បាន​ស្លាប់​ទៅហើយ​ក្តី  តែ​លោក​នៅតែ​ចងចាំ និង​ចាត់ទុក​ភរិយា​របស់លោក​ជានា​រី​ដ៏​ល្អ​ម្នាក់ ដែល​តែងតែ​ស្ថិតនៅក្នុង​ចិត្ត និង​ជំរុញ​ទឹកចិត្ត​របស់លោក​ជានិច្ច​។ «​មុនពេល​ខ្ញុំ​ទទួល​សញ្ញាបត្រ គាត់​បាន​សន្យាថា​នឹង​មក​អបអរសាទរ​ខ្ញុំ ហើយ​ថា​ចង់​ពាក់អាវ​ឲ្យ​ខ្ញុំ​»​។ 
 
​លោក អឿ ច័ន្ទ​ពិសី ដែលមាន​វ័យ​៣២​ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៧​។ «​ខ្ញុំ​រៀបការ​ជាមួយ​គាត់​បានត្រឹមតែ​១​ខែ​កន្លះ​ប៉ុណ្ណោះ គាត់​ក៏បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​ឈាម​ហូរ​ក្នុង​ក្រពះ​។ ខ្ញុំ បាន​នាំ​គាត់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ដែរ តែ​មិនមាន​លទ្ធផល​ទេ​»​។​
 
​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ទទួល​សញ្ញាបត្រ លោក បាន​បង្ហោះ​រូបលោក ឈរ​កាន់​សញ្ញាបត្រ​និង​រូប​ភរិយា ហើយ​សរសេរ​សារ​ថា​៖«​នេះ​ជា​ថ្ងៃ ដែល​បង​ទទួលយក​ជោគជ័យ សម្រាប់​ការសិក្សា របស់​ប្តី​អូន ថ្ងៃនេះ​អូន​ក៏​បានមក​ចូលរួម​ជាមួយ​បង ក្នុងការ​អបអរសាទ​រ​មួយ​នេះដែរ​។ បង​ចាំ​ពាក្យ​ដែល​អូន​និយាយថា អូន​នឹង​មក​ចូលរួម​ថ្ងៃនេះ​ជាមួយ​បង អូន​ថា​ស្រឡាញ់​អាវ​សាលា​បញ្ញា​សាស្ត្រ​នេះ​ណាស់ តែ​ពេលនេះ​អូន​មិន​ពាក់​វា​ទេ តែ​អូន​បានមក​ជាមួយនឹង​បង​ដែរ​។ បង​សូម​ឧទ្ទិស ភាពជោគជ័យរ​បស់បង ដល់​អូន​ផង​»​។ 
 
​លោក អឿ ច័ន្ទ​ពិសី ដែល​បច្ចុប្បន្ន ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សមាគម​មួយ​ឈ្មោះ សមាគម​អនាគត​ខ្ញុំ ក្នុង​ខេត្តក្រចេះ បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ (IR)៕  

Tag:
 អឿ ច័ន្ទ​ពិសី​
  PUC
© រក្សាសិទ្ធិដោយ thmeythmey.com