ជាតិ
សង្គមជាតិ
ក្រុម HOTLINE ជនបរទេស​ប្រមូលផ្តុំ​ព័ត៌មាន​ជុំវិញ​ជនបរទេស​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​សៀមរាប​
29, Dec 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បង្កើត​ក្រុមការងារ Hotline ទាក់ទង​នឹង​ជនបរទេស​នៅ​ដើមឆ្នាំ ២០១៨​។ ក្រុម​នេះ​មាន​ភារកិច្ច​ទាក់ទង​នឹង​ព័ត៌មាន​ពី​ការ​ស្នាក់នៅ ការរកស៊ី បញ្ហា​គ្រោះថ្នាក់ និង​ដោះស្រាយ​បញ្ហា​ជនបរទេស​ឱ្យបាន​ទាន់ពេលវេលា​។

 
 
​លោក ហួត សុធី ស្នងការរង និង​ជា​អនុប្រធាន​អចិ​ន្រៃ្ដ​យ៍​នៃ​ក្រុមការងារ Hotline ជនបរទេស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមាសភាព​ក្រុមការងារ​នេះ​ប្រមូលផ្តុំ​ដោយ​មន្ត្រី​គ្រប់​ជំនាញ​ទាំង​ផ្នែក នគរបាល​ទេសចរណ៍ គ្រឿងញៀន និង​អន្ដោប្រវេសន៍​។​ល​។ ហើយ​ដែលមាន​ស្នងការ​នគរបាល​ខេត្តសៀមរាប​ជា​ប្រធាន​ក្រុម​។ ក្រុមការងារ​នេះ ក៏មាន​ការចូលរួម​ពី​ស្ថាន​កុងស៊ុល​ប្រចាំខេត្ត​សៀមរាប រួមមាន​ស្ថាន​កុងស៊ុល​ចិន បារាំង ជប៉ុន វៀតណាម កូរ៉េ និង​អង់គ្លេស​។​ល​។ 
 
​តាម​ការបញ្ជាក់​របស់​លោក ហួត សុធី ក្រុមការងារ​នេះ​បាន​ជួយ​សម្រួល​ការងារ​ជាច្រើន​ដល់​ជនបរទេស ហើយ​កិច្ចប្រជុំ​តែង​ធ្វើជា​ទៀងទាត់​រយៈពេល​៣​ខែម្ដង ដើម្បី​ស្ដាប់​កង្វល់ និង​វិធីសាស្ដ្រ​ដោះស្រាយ​រាល់​កង្វល់ និង​បញ្ហា​របស់​ជនបរទេស​។​
 
​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៤ ដែល​ធ្វើ​នៅ​ថ្ងៃទី ២១ ធ្នូ របាយការណ៍​ប្រចាំឆ្នាំ ២០១៨ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំ​នៅក្នុង​ខេត្តសៀមរាប​បានឱ្យដឹង​ថា វិនិយោគិន និង​អ្នកទេសចរ​បរទេស ដែល​មក​ខេត្តសៀមរាប​បានទទួល​រងគ្រោះ​មាន​ចំនួន ១០០​ករណី មាន​២៣​សញ្ជាតិ ភាគច្រើន​រងគ្រោះ​ដោយ​អំពើចោរកម្ម​លួច​-​ឆក់ ចាប់ជំរិត រងគ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​ដោយ​ជំងឺ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។​
 
​លោក ហួត សុធី បន្ថែមថា ក្រុមការងារ​នេះ មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ស្ថាន​កុងស៊ុល ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យទាន់​ពេលវេលា ហើយ​ប្រព័ន្ធ​នេះ​គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​ជនបរទេស​ទាំង​ទេសចរ និង​បរទេស​ដែល​កំពុងស្នាក់នៅ​ក្នុង​ខេត្តសៀមរាប​។ 
 
​គួរ​បញ្ជាក់ថា ប្រព័ន្ធ Hotline ដែល​ស្នងការ​ខេត្តសៀមរាប​បាន​បង្កើត​នោះ​មាន​ទាំង​ប្រព័ន្ធ​ទូរ​សព្ទ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម តាមរយៈ​លេខ ០៣១ ៣៧៤ ៩៨៥១៕

© រក្សាសិទ្ធិដោយ thmeythmey.com