សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុនមានសេវាកម្មជួលមនុស្សធ្វើមិត្តភក្តិ គ្រួសារ និងថត Selfie ជាមួយគ្នា
× ជាទូទៅ លុយមិនអាចទិញសេចក្តីស្រឡាញ់បានឡើយ ប៉ុន្តែនៅជប៉ុន លុយត្រូវបានប្រើប្រាស់ដើម្បីជួលសេវាកម្មនៃសេចក្តីស្រឡាញ់បាន។ នារយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមួយរបស់ជប៉ុន បានបម្រើសេវាកម្មជួលមនុស្សឲ្យធ្វើជាមិត្តភក្តិ និងគ្រួសារក្លែងក្លាយរបស់អតិថិជន ឬក៏ធ្វើជាអ្នកយំស្រែកក្នុងពិធីបុណ្យសពជាដើម។
បង្កើតឡើងនៅឆ្នាំ២០០៩ ដោយលោក Ishii Yuichi ក្រុមហ៊ុន Family Romance
http://family-romance.com/ មមាញឹកយ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្មមនុស្សឲ្យធ្វើជាស្វាមី ភរិយា មិត្តភក្តិ ឪពុក ម្តាយ ឬមិត្តរួមការងាររបស់អតិថិជននៅទូទាំងប្រទេសជប៉ុន។
ក្នុងបទសម្ភាសជាមួយ The Atlantic លោក Yuichi បានបញ្ជាក់ថា តម្លៃសេវាកម្មមានចន្លោះប្រមាណពី៨៨ដុល្លារ ទៅ២០០ដុល្លារអាមេរិកក្នុង១ម៉ោង។ បច្ចុប្បន្ន លោកមានបុគ្គលិកប្រមាណ៨០០នាក់ដែលរង់ចាំផ្តល់ភាពកក់ក្តៅសម្រាប់អតិថិជន។
បុគ្គលិកដែលផ្តល់សេវាកម្មគ្រួសារ ឬមិត្តភក្តិក្លែងក្លាយនេះ ត្រូវតែដើរតួឲ្យដូចជាសមាជិកគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធ ។ ពួកគេអាចញ៉ាំបាយជាមួយគ្នា ដើរកម្សាន្ត ឬដើរផ្សារជាមួយគ្នា ដោយបង្កបរិយាកាសសប្បាយរីករាយគ្រប់ពេល។
ក្រៅពីនេះ Family Romance ក៏ផ្តល់សេវាកម្មធ្វើជាភ្ញៀវចូលរួមក្នុងពិធីមង្គលការ ឬពិធីបុណ្យសពផងដែរ ជាពិសេសសម្រាប់អ្នកដែលខ្សត់ភ្ញៀវ ឬសាច់ញាតិ។ លោក Yuichi ខ្លួនឯងផ្ទាល់ដែលមានអាយុជិត៤០ឆ្នាំទៅហើយនេះ ក៏អាចដើរតួជាមិត្តប្រុសក្លែងក្លាយផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនផ្តល់សេវាកម្មផ្លូវភេទនោះឡើយ។
ស្ថាបនិករូបនេះ បានលើកឡើងថា សេវាកម្មធ្វើជាឪពុកក្លែងក្លាយ គឺជាកិច្ចការដ៏លំបាកជាងគេបំផុត ដោយពួកគេត្រូវធ្វើឲ្យយ៉ាងណាឲ្យក្មេងៗពេញចិត្ត និងមានទំនុកចិត្ត។ ម្យ៉ាងទៀត ក្មេងតែងតែមានតម្រូវការខ្ពស់ពីឪពុក ហេតុដូច្នេះ អ្នកដែលបម្រើសេវាកម្មនេះ ត្រូវអត់ធ្មត់ និងសិក្សាឲ្យបានស៊ីជម្រៅពីគ្រួសាររបស់អតិថិជន។
បច្ចុប្បន្ន និន្នាការដ៏ពេញនិយម គឺការស្វែងរកដៃគូថតជាមួយគ្នាដើម្បីបង្ហោះលើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក, Instagram ឬ Twitter ជាដើម។ សម្រាប់អ្នកនៅលីវ ឬគ្មានដៃគូ ជាពិសេសអ្នកដែលនៅក្រុងតូក្យូ អាចទាក់ទងទៅកាន់ Family Romance ដោយក្រុមហ៊ុនមានអាល់ប៊ុម បុគ្គលិករបស់ខ្លួនទៅតាមភេទ អាយុ និងរូបសម្បត្តិ។
អតិថិជនអាចជ្រើសរើស បុគ្គលិកណាម្នាក់ដែលខ្លួនពេញចិត្តដើម្បីបបួលថតរូបជាមួយខ្លួន ដើម្បីបង្ហោះលើបណ្តាញសង្គម ដោយតម្លៃសេវាកម្មរយៈពេល២ម៉ោងតម្លៃប្រមាណ៧០ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com