ជាតិ
ប្រវត្តិវិទូ ស៊ន សំណាង​៖ វិមានឯករាជ្យ​ឧ​ទ្ទិស​ដល់​ឯករាជ្យភាព​ពី​បារាំង វិមាន​ឈ្នះ​ឈ្នះ​ឧទ្ទិស​ដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​
28, Dec 2018 , 4:21 pm        
រូបភាព
លោក​ប្រវត្តិវិទូ ស៊ន សំណាង
លោក​ប្រវត្តិវិទូ ស៊ន សំណាង
​ប្រវត្តិវិទូ ស៊ន សំណាង បាន​ចូលរួម​ផ្តល់​គំនិត​ក្នុងការ​សាងសង់​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្នះ ដែល​ឧទ្ទិស​ដល់​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដែល​បាន​នាំ​ដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង និង​នាំ​ដល់​ឯកភាព​ទឹកដី​កម្ពុជា​។ លោក​សាស្ត្រាចារ្យ ស៊ន សំណាង បានផ្តល់​បទ​សម្ភាស​ដ​ល់​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ពន្យល់​លម្អិត​អំពី​អត្ថន័យ និង​សារសំខាន់​នៃ​វិមាន​ឈ្នះ​ឈ្នះ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

 

​លោក លាង ដឺ​លុច​៖ លោក​សាស្ត្រាចារ្យ តើ​ហេតុអ្វី​បានជា​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ​ឈ្នះ មាន​អត្ថន័យ​សំខាន់​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​?
 
​ប្រវត្តិវិទូ ស៊ន សំណាង​៖ វា​ពិតជា​សំខាន់​។ គឺជា​សំណង់​មួយ​ដ៏​មាន​អត្ថន័យ​នា​សម័យ​ក្រោយ​អង្គរ​។ វា​ជា​សំណង់​និមិត្តរូប​នៃ​នយោបាយ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង ដោយ​គ្មាន​អ្នកឈ្នះ និង​គ្មាន​អ្នកចាញ់ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ហ៊ុន សែន ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ជាមួយ​កងទ័ព​ខ្មែរក្រហម​។ បើ​យើង​ក្រឡេកមើល​ប្រវត្តិសាស្ត្រ កម្ពុជា​យើង​បាន​បែកបាក់​គ្នា​មាន​ជម្លោះជាតិសាសន៍​ឯង​តាំងពី​ចុង​សតវត្សរ៍​ទី​១៥​រហូតមក ពោលគឺ​ពី​ឆ្នាំ​១៤៧៤​។ រាប់​មកដល់ពេលនេះ គឺ​ជាង​៥០០​ឆ្នាំ​។ ខ្ញុំ​សូម​រំឭក​បន្តិច​ទៅ​ចុះ គឺ​ពី​ឆ្នាំ​១៤៧៤ នោះ មហាក្សត្រ​៣​អង្គ​បាន​បែងចែក​ទឹកដី​ខ្មែរ​ត្រួតត្រា​ផ្សេងៗ​គ្នា​។ ព្រះបាទ​ស្រី​រាជា បាន​កាន់កាប់​ទឹកដី​ភាគ​ខាងជើង ដោយ​យក​ស្រុក​បរិបូរណ៍​ជា​រាជធានី​។ ព្រះបាទ​ស្រីសុរិយោទ័យ ដែល​បាន​យក​បា​សាន​ជា​រាជធានី បាន​ត្រួតត្រា​១៥​ខេត្ត​នៅ​ភាគ​ខាងកើត​។ រីឯ​ព្រះ​ធម្ម​រាជា​ដែល​ត្រួតត្រា ភាគខាងត្បូង​ដោយមាន​ចតុ​មុខជា​រាជធានី​។​
 
​លោក លាង ដឺ​លុច​៖ លោក​សាស្ត្រាចារ្យ តើ​គេ​អាចនិយាយបាន​ឬទេ​ថា វិមាន​ឈ្នះ​ឈ្នះ គឺជា​សំណង់​របត់​ប្រវត្តិសាស្ត្រ​ទី​ពីរ បន្ទាប់ពី​វិមានឯករាជ្យ នៅ​កម្ពុជា​ក្នុងសម័យ​ទំនើប ពោលគឺ​បន្ទាប់ពី​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​អាណាព្យាបាល​បារាំង​?
 
​ប្រវត្តិវិទូ ស៊ន សំណាង​៖ ខ្ញុំ​សូមបញ្ជាក់​បន្តិច​ថា មុន​នឹងមាន​វិមាន​ឈ្នះ​​ឈ្នះ​នេះ យើង​មាន​វិមាន​អនុស្សាវរីយ៍​២​ធ្នូ​ដែល​ត្រូវបាន​សម្ពោធ​កាលពី​ឆ្នាំ​២០១៣​។ វិមានឯករាជ្យ គឺជា​សំណង់​និមិត្តរូប​នៃ​ការ​ពួតដៃគ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ដែល​ដង្ហែរ​តាម​ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង​ដោយ​ជោគជ័យ​។ រីឯ​សំណង់​អនុស្សាវរីយ៍​រណសិរ្ស​២​ធ្នូ គឺ​រំឭក​ដល់​ការប្រមូល​កម្លាំង​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា​ចប់​សង្គ្រាម​នោះឡើយ​។ ប៉ុន្តែ​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្នះ គឺ​រំឭក​ដល់​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រហូតដល់​បានបញ្ចប់​សង្គ្រាមស៊ីវិល​ដោយ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​តែម្តង​។ គឺ​នៅក្នុង​ឆ្នាំ​១៩៩៨​នោះ ដែល​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា​។​
 
​លោក លាង ដឺ​លុច​៖ ២០​ឆ្នាំ​ហើយ​ដែល​កម្ពុ​ជាមាន​សន្តិភាព ឯកភាព​ទឹកដី​។ បើតាម​យោបល់​របស់លោក​សាស្ត្រាចារ្យ តើ​កូន​ខ្មែរ​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​ថែរក្សា​សន្តិភាព​?
 
​ប្រវត្តិវិទូ ស៊ន សំណាង​៖ សូម​ឲ្យ​កូន​ខ្មែរ​ពង្រឹង​ភាពជា​ម្ចាស់​របស់​ប្រទេស ពង្រឹងសមត្ថភាព​ខ្លួនឯង និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​បរទេស​ដោយ​ស្មើ​សិទ្ធិ​។ ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់​បាន​យើង​ត្រូវ​ស្គាល់​ខ្លួនឯង​។ បើ​យើង​ចង់​មើល​អនាគត​កម្ពុជា​ឲ្យ​វែង​ប៉ុណ្ណា យើង​ត្រូវ​មើលទៅ​អតីតកាល​ឲ្យ​វែង​ប៉ុន​នោះ​ដូចគ្នា​។ ប្រវត្តិសាស្ត្រ​គឺជា​ស្ពាន​ភ្ជាប់​អតីតកាល​មក​បច្ចុប្បន្ន​កាល ហើយ​បង្ហាញផ្លូវ​ទៅ​អនាគត​។ កូន​ខ្មែរ​ត្រូវ​ស្គាល់​ខ្មែរ​ឲ្យ​ច្បាស់​។ នៅពេលដែល​បារាំង​មក​គ្រប់គ្រង​ខ្មែរ បារាំង​បាន​បកប្រែ​ពង្ស​សាវតា​ខ្មែរ​ទាំងអស់ ដើម្បី​គេ​អាច​ស្គាល់​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ខ្មែរ​។ សូម្បី​ប្រវត្តិ​ខេត្ត និង​តំបន់ ក៏​បារាំង​ស្វែងយល់​ដែរ​។​
 
​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង កូន​ខ្មែរ​ត្រូវយក​ចំណេញ​ពី​សន្តិភាព​ដែល​ពួកគេ​កំពុងមាន ដើម្បី​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​។ គេ​ត្រូវ​ដឹងថា ប្រទេសមួយ​រីកចម្រើន​ត្រូវមាន P បី​។ ទីមួយ​គឺ  Peace (​សន្តិភាព​) ទី​ពីរ​គឺ Prosperity (​វិបុលភាព​) និង​ចុងក្រោយ​គឺ Progress (​វឌ្ឍនភាព​)៕
 

Tag:
 ឈ្នះ​ឈ្នះ ប្រវត្តិសាស្ត្រ ស៊ន សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com