ដោយ៖ Matias Andres
លោក Lorenzo Lanzafame ដែលជាគ្រូបង្វឹកកីឡារ ចាន់ រតនា និយាយថាលោកមានគម្រោងមកកម្ពុជាតែពីរទៅបីខែប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះលោកបានរស់នៅរយៈពេល៤ឆ្នាំរួចមកហើយ។ លោកបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈសកម្មភាពផ្ទាល់ខ្លួន និងការបង្កើតក្លិបហ្វឹកហាត់មួយឈ្មោះថា LLFitness។
តាមរយៈអាជីពរបស់ខ្លួន គ្រូជនជាតិអ៊ីតាលីរូបនេះ បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់កីឡាករប្រដាល់ខ្មែរដ៏មានប្រជាប្រិយភាព ចាន់ រតនា ប្រចាំ ONE Championship ក៏ដូចជាជាកីឡាករមីយ៉ាន់ម៉ា Phoe “Bushido” Thaw ឲ្យទទួលបានជ័យជន្នះក្នុងការប្រកួតលំដាប់រអន្តរជាតិ។
Lanzafame រំលឹកថា៖ «ខ្ញុំមកទីនេះសម្រាប់វិស្សមកាលប៉ុណ្ណោះ ហើយគិតថាតែបីខែទេ តែខ្ញុំក៏ចាប់ផ្តើមឃើញឱកាសជាច្រើន ខ្ញុំក៏សម្រេចចិត្តរស់នៅទីនេះដើម្បីជួយប្រជាជនខ្មែរតែម្តង»។
មកដល់ប្រទេសកម្ពុជាភ្លាម Lanzafame មើលឃើញថាលោកអាចជាចំណែកមួយដល់ការរីកចម្រើនក្នុងវិស័យសិល្បៈក្បាច់គុនរបស់ខ្មែរបាន។ គាត់ឃើញថាកម្ពុជា ជាទឹកដីមួយដែលអាចផ្តល់ឱកាសជាច្រើនអនេក មិនដូចអ្នកផ្សេងគិតទេ។
សព្វថ្ងៃ លោកជាជនបរទេសម្នាក់ដែលរស់នៅកម្ពុជា ដែលមានឆន្ទប្រើប្រាស់អាជីពរបស់ខ្លួន ជួយដល់ប្រទេសមួយដែលបង្ហាញពីភាពរាក់ទាក់ និងស្វាគមន៍ខ្លួន។
Lanzafame រៀបរាប់ថា៖ « វាជាចំណង់ចំណូលចិត្តមួយ ថ្វីបើគ្មានលុយចូលក៏ដោយ ប៉ុន្តែវាជួយបើកឱកាសផ្សេងៗច្រើនទៀត។ ប្រសិនបើយើងដាក់បញ្ចូលគ្នានូវសមត្ថភាពដែលគាត់មាន ជាមួយការហ្វឹកហាត់ត្រឹមត្រូវតាមក្បួនខ្នាត នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្តមិនខាន»។
ជិតពីរបីឆ្នាំមកនេះ Lanzafame បានសហការជាមួយតារាគុនខ្មែរ ចាន់ រតនា នៅរាជធានីភ្នំពេញ ។ ទាំងពីរនាក់ជួយគ្នាដោយទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមកតាមជំនាញរៀងៗខ្លួន។
ពួកគាត់ បានប្តេជ្ញាចិត្តផ្សព្វផ្សាយក្បាច់គុនខ្មែរ ដោយការបញ្ចេញសមត្ថភាពនៅស្ថាប័នធំ ONE ក្នុងការប្រកួតក្រៅប្រទេសនានាដូចជានៅប្រទេសចិន ហ្វីលីពីន និងពេលថ្មីៗនេះនៅម៉ាឡេស៊ីជាដើម។
កាលពីថ្ងៃសុក្រ ទី៩ ខែធ្នូ កន្លងទៅ ចាន់ រតនា បានផ្តួលកីឡាករឆ្នើមរបស់ឥណ្ឌូណេស៊ី Abro “The Black Komodo” Fernandes នៅព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS។
ម្ចាស់ក្លិប LLFitness រូបនេះបានទៅចាំឲ្យទឹកដល់ ចាន់ រតនា ក្នុងការប្រកួតទម្ងន់ស្រាល នៅឯកីឡដ្ឋាន Axiata Arena ទីក្រុងកូឡាឡាំពួរ។
ជ័យជម្នះពីការប្រកួតនោះ គឺជាជោគជ័យមួយមិនធម្មតារបស់ ចាន់ រតនា។ កាលនោះគូប្រយុទ្ធទាំងពីរឈានជើងចូលសង្វៀនភ្លាម សម្រុកចូលគ្នាមិនថយ ម្នាក់ៗប្រើស្នៀតដាក់គ្នាទៅវិញទៅមក ធ្វើឲ្យទស្សនិកជនជក់មើលមិនដកភ្នែក។ ចុងក្រោយ ចាន់ រតនា បានផ្តួល Fernandes ដោយការប្រើជង្គង់ដ៏មុតស្រួច បូករួមនឹងការដាល់ខាងភាគីឥណ្ឌូណេស៊ីផ្ទប់ដល់ក្តាតាពីតែម្តង។
ចាន់ រតនា ត្រឡប់មកមាតុភូមិវិញជាមួយជ័យជម្នះដ៏ធំក្រៃលែង ដែលតាមពិតទៅ Lanzafame គាត់បានទាយទុកមុនការប្រកួតរួចទៅហើយថាខាងកម្ពុជា ប្រាកដជាឈ្នះដោយការបញ្ឈប់ពីអាជ្ញាកណ្តាលមុនទឹកទី៣មិនខាន។
Lanzafame បានឃើញផ្ទាល់ភ្នែកពីការរីកចម្រើនរបស់ រតនា ក៏ដូចជាស្មារតីរបស់អ្នកប្រយុទ្ធក្បាច់គុនខ្មែរទូទាំងប្រទេសទាំងមូល។ លោកសប្បាយចិត្ត និងមានជំនឿចិត្តខ្ពស់ទៅលើអនាគតរបស់អ្នកប្រដាល់កម្ពុជាទៅថ្ងៃមុខ។
លោកបន្ថែមថា៖ «ពួកគាត់ស្រេកឃ្លានជ័យជន្នះ ហើយចង់បានវាខ្លាំង ប៉ុន្នឹងគ្រប់គ្រាន់ហើយ។ ពួកគេគ្មានលេសនេះលេសនោះទេ គឺលះបង់គ្រប់យ៉ាង ហើយពួកគេត្រៀមរួចហើយ ពួកគាត់ដូចម៉ាស៊ីនអញ្ចឹង!»៕