ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បើ​បរិស្ថាន​មាន​បញ្ហា នោះ​បុរាណ​ដ្ឋា​ន​ក៏​មិន​ស្ថិតស្ថេរ​ដែរ​
29, Dec 2018 , 3:59 pm        
រូបភាព
​សៀមរាប​៖ យោងតាម​ការស្រាវជ្រាវ​របស់​អង្គការ ADF នៅលើ​ភ្នំ​គូលែន​ទាំងមូល​មាន​បុរាណ​ដ្ឋា​ន​ទាំងអស់​សរុប​ជាង ៤០០​ទីតាំង​។ អ្នកសិក្សា​ស្រាវជ្រាវ​បាន​លើកឡើងថា បរិស្ថាន​មាន​ទំនាក់ទំនង​មិនអាច​ដាច់ពីគ្នា​ពី​បុរាណ​ដ្ឋា​ន ដ្បិតថា ប្រសិនបើ​បរិស្ថាន​មិនល្អ​វា​បង្ក​ជា​ផលប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ដែរ​។ បុរាណ​ដ្ឋា​ន​ដែលមាន​ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម​នោះ ត្រូវ​រង​កម្ដៅថ្ងៃ និង​ភ្លៀងអាស៊ីត​ដោយផ្ទាល់ នៅពេល​គ្មាន​ព្រៃឈើ​ជួយ​ទប់​។ តើ​គេ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ការពារ​ពី​បរិស្ថាន​នៅ​ភ្នំ​គូលែន​ឱ្យបាន​ប្រសើរ ក៏ដូចជា​ការពារ​បុរាណ​ដ្ឋា​ន​ឱ្យនៅ​ស្ថិតស្ថេរ​ទៅ​ថ្ងៃមុខ​?

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖ 




 
​ដើម្បី​ស្រោង​ស្រង់​គម្រប​ព្រៃឈើ​នៅ​ភ្នំ​គូលែន​ឡើងវិញ សកម្មភាព​ដាំ​កូនឈើ​ត្រូវបាន​រៀបចំ​ឡើងជា​បន្ត​បន្ទាប់​។ យោងតាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​នាពេល​កន្លងមក ផ្ទៃដី​ប្រមាណ ៦៥​ហិកតា​រួចហើយ​ដែល​ត្រូវបាន​ដាំ​កូនឈើ​ឡើងវិញ ដែល​ដើមឈើ​ទាំងនោះ​មានដូចជា​ឈើ​គ្រញូង បេង ធ្នង់ និង​នាងនួន​ជាដើម ដែល​សរុប​ជាង ២០​ម៉ឺន​ដើម​។ យ៉ាងណា មាន​ផ្ទៃ​សេសសល់​ច្រើន​ទៀត​ដែល​ត្រូវ​ការដាំ​កូនឈើ​ឡើងវិញ​។​


 
​គេ​តែង​និយាយថា ភ្នំ​គូលែន​ជា​ភ្នំ​ស័ក្ដិសិទ្ធិ​សម្រាប់​អ្នក​ខេត្តសៀមរាប និង​អ្នក​មកពី​ទី​ឆ្ងាយៗ​។ ភ្នំ​នេះ​ក៏​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ស្ទឹង​សៀមរាប បឹង និង​អូរ​ជាដើម​។ ដោយសារ​កំណើន​អ្នក​ចំណូល​ថ្មី បាន​បង្កឱ្យមាន​ការទន្ទ្រាន​ព្រៃ​កើតឡើង ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​បុរាណ​ដ្ឋា​ន​នៅ​ភ្នំ​នេះ ដែល​អ្នក​បុរាណ​វិទូ​កំពុង​បារម្ភ​។​
 
​លោក សា​ឃឿន សក្កា អ្នក​បុរាណ​វិទូ​នៃ​អង្គការ ADF បាន​លើកឡើងថា អង្គការ​នេះ​ចាប់ផ្តើម​ចូលមក​ស្រាវជ្រាវ​បុរាណ​ដ្ឋា​ន​នៅ​ភ្នំ​គូលែន​នៅ​ឆ្នាំ ២០០៨ ដើម្បី​សិក្សា​ពី​រចនាសម្ព័ន្ធ​ប្រាសាទ​ដែល​សង់​នៅលើ​ភ្នំ​។ បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍​នៅ​ទីនោះ អង្គការ​នេះ​បាន​បង្កើត​គម្រោង​បង្កើន​ប្រាក់ចំណូល​ដល់​សហគម​ន៍ ដ្បិត​បានឃើញ​ពី​ភាពក្រីក្រ និង​ការ​ទន្ទ្រានព្រៃ​ក្បែរ​ប្រាសាទ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​របស់​ពលរដ្ឋ​។ 
 
​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​មាន​សកម្មភាព​កាន់តែខ្លាំង​ក្លា​ចូល​តំបន់​បុរាណ​ដ្ឋា​ន បាន​បង្ខំ​ឱ្យ​អង្គការ ADF ពិភាក្សា​ជាមួយ​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ក្រសួងបរិស្ថាន ដើម្បី​បង្កើត​តំបន់​ការពារ​បុរាណ​ដ្ឋា​ន ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​។ នេះ​ក៏​ជា​មូល​ហេតុដែល​គម្រោង​បង្កើន​ជីវភាព​កើតឡើង ដើម្បី​បង្កើន​ចំណូល​ដល់​គ្រួសារ​ក្រីក្រ​ជំនួស​ការ​ទន្ទ្រានព្រៃ​ធ្វើ​ចម្ការ​។ គម្រោង​នេះ​មានដូចជា ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី រៀបចំផ្ទះ​ស្នាក់​សហគមន៍ និង​មគ្គុទ្ទេសក៍​ប្រចាំ​តំបន់​ជាដើម​។​
 
​ការងារ​រៀបចំ​បោះបង្គោល​ព្រំ​បុរាណ​ដ្ឋា​ន ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​៤​ឆ្នាំ ដែល​បានបញ្ចប់​នៅ​ចុងឆ្នាំ ២០១៤ ដែលមាន​៥​តំបន់ នៅលើ​ផ្ទៃដី​ជិត ៨០០​ហិកតា និង​មាន​ចំនួន ១១៩​ទីតាំង​។ បុរាណ​ដ្ឋា​ន​ដែល​ត្រូវការពារ​រួមមាន ប្រាសាទ ពើង ទួល ទំនប់​ជាដើម​។ ថ្មីៗ​បន្ទាប់​មានការ​បោះបង្គោល​ព្រំ​បុរាណ​ដ្ឋា​ន​នេះ ពលរដ្ឋ​មិនទាន់​យល់​ទេ តែ​បច្ចុប្បន្ន​ពលរដ្ឋ​ទាំងនោះ​ក៏បាន​យល់ដឹង ពិសេស​ពួកគេ​អាច​ប្រមូល​ទិន្នផល​ដែល​ស្ថិតនៅក្នុង​បរិវេណ​តំបន់​ការពារ​ទាំងនោះ​ដដែល​។​


 
​តាម​ការសិក្សា​របស់​អង្គការ ADF បុរាណ​ដ្ឋា​ន​លើ​ភ្នំ​គូលែន​មាន​ជាង ៤០០​ទីតាំង​។ បុរាណ​ដ្ឋា​ន​មាន​សារសំខាន់​ណាស់ ព្រោះ​តម្លៃ​បេតិកភណ្ឌ​មានតម្លៃ​ពិសេស​វិសាល​មិនអាច​កាត់ថ្លៃ​បាន ហើយ​តម្លៃ​ទាំងនោះ​ក៏បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​។​
 
​ការដាំ​កូនឈើ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​នៅលើ​ភ្នំ​គូលែន គឺ​វា​ការពារ​ទាំង​ប្រភពទឹក និង​បុរាណ​ដ្ឋា​ន​។ តំណាង​អង្គការ ADF ចង់ឃើញ​សហគមន៍​នៅ​ភ្នំ​គូលែន​ដឹង​ពី​សារប្រយោជន៍​ទាំងនេះ ធ្វើយ៉ាងណា​រក្សា​និរន្តរភាព​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​ភ្នំ​គូលែន​ឱ្យ​គង់វង្ស​ទៅ​ថ្ងៃ​ខាងមុខ​៕
 

Tag:
 បុរាណ​ដ្ឋា​ន​
 ​បរិស្ថាន​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com