សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​នៅក្រោម​សមុទ្រ​
29, Dec 2018 , 4:59 pm        
រូបភាព
​រថភ្លើង​ល្បឿន​លឿន​នៅក្នុង​ប្រទេស​ចិន​កំពុង​តែមាន​សក្តា​នុ​ពុល​យ៉ាងខ្លាំង​ក្នុង​ការដឹក​អ្នកដំណើរ​របស់ខ្លួន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ក្នុងពេល​ខាងមុខនេះ​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន​នេះ​នឹង​ពង្រីក​ខ្សែ​រថភ្លើង​ល្បឿន​លឿន​របស់ខ្លួន​ដំបូង​គេ​សម្រាប់​ការប្រើប្រាស់​នៅក្រោម​សមុទ្រ​ផង​។​

 
​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​បានបង្ហាញ​ថា ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដែល​នឹងត្រូវ​សាងសង់​នេះ​នឹងមាន​ប្រវែង​ប្រមាណ ៧៧ គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ទីក្រុង​កំពង់ផែ Ningbo នៅ​ខាងត្បូង​ទីក្រុង​សៀង​ហៃ​ទៅកាន់​តំបន់​កោះ Zhoushan ដែលមាន​ទីតាំងនៅ​ខាងកើត​ឆ្នេរ​។ 
​គេហទំព័រ World Economic Forum  ផ្សាយ កាល​ដើមខែ​ធ្នូ​ថា ខ្សែ​រថភ្លើង​ថ្មី​មួយ​នេះ​នឹង​អាច​កាត់បន្ថយ​ការធ្វើដំណើរ​រវាង​ទីក្រុង​ទាំងពីរ​មក​ត្រឹមតែ​៨០​នាទី​ប៉ុណ្ណោះ ខណៈដែល​បច្ចុប្បន្ន​ការធ្វើដំណើរ​តាម​រថយន្ត​ត្រូវការ​ចំណាយ​រយៈ​ទៅដល់​ពីរ​ម៉ោង​កន្លះ​។​
 
 គេ​រំពឹងថា ខ្សែ​រថភ្លើង​នេះ​នឹងធ្វើ​ដំណើរ​ក្នុង​ល្បឿន​២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​មិនមែនជា​ល្បឿន​ដែល​លឿន​ជាងគេ​នោះទេ​។ រថភ្លើង​ដទៃទៀត​ដែលមាន​ដូចជា TGV របស់​បារាំង និង Shinkansen របស់​ជប៉ុន​មាន​ល្បឿន​លឿន​ជាង​នេះ​យ៉ាង​ឆ្ងាយ រហូតដល់​ជាង​៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 
 
​ក្នុងពេល​បច្ចុប្បន្ន ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដែល​ដាក់​ឲ្យ​ដំណើរការ​ក្រោម​សមុទ្រ​វែង​ជាងគេ​គឺ ខ្សែ Seiken នៅ​ជប៉ុន​មាន​ប្រវែង​៥៤​គីឡូម៉ែត្រ និង​ង​ខ្សែ​រថភ្លើង Channel ភ្ជាប់​ពី​ចក្រភព​អង់គ្លេស​ទៅកាន់​ប្រទេស​បារាំង​ដែលមាន​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​។ 
 
​ចិន​ជា​ប្រទេសមួយ​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង​វែង​ជាងគេ​ក្នុង​លោក ហើយ​សព្វថ្ងៃ​វា​មាន​ប្រវែង ១២៥០០ គីឡូម៉ែត្រ​ពាសពេញ​ផ្ទៃ​ប្រទេស​។ រដ្ឋាភិបាល​ចិន​ង​គ្រោង​នឹង​ស្តារ​ប្រព័ន្ធ​ផ្លូវដែក​ឡើងវិញ​របស់ខ្លួន​ឲ្យ​បាន ៣៨០០០ គីឡូម៉ែត្រ​ក្នុង​ឆ្នាំ​២០២៥​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រីក​មហិច្ឆតា​រប​ស់​ខ្លួន​ក្រោម​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​មួយ វិថី​មួយ ឬ​ផ្លូវ​សូត្រ​ថ្មី (One Belt One Road Initiative – BRI) ដែល​ធានា​ដល់​ការនាំចេញ​នាំចូល​ទំនិញ​ពី​ចិន​ទៅកាន់​ពិភពលោក​លោក​៕ 
 

Tag:
 ចិន​
  រថភ្លើង​លឿន
© រក្សាសិទ្ធិដោយ thmeythmey.com