សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក កូ​ស្តា​រី​កា និង​កូរ៉េខាងត្បូង មាន​ម៉ោង​ការងារ​ច្រើនជាងគេ​លើ​លោក
30, Dec 2018 , 9:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​ម៉ិ​ក​ស៊ិ​កជាប់​ជា​ប្រទេស​ដែលមាន​ម៉ោង​ធ្វើការ​ច្រើនជាងគេ ដោយ​នាំមុខ​កូ​ស្តា​រី​កា កូរ៉េខាងត្បូង ក្រិ​ក និង​រុស្ស៊ី​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ដែលមាន​សមាជិក​៣៦​ប្រទេស​។ ទិ​ន្និ​ន័យ​បង្ហាញថា ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ចំណាយពេល​ធ្វើការ ២២៥៥​ម៉ោង​ក្នុង​មួយឆ្នាំ ឬ​៤៣​ម៉ោង​ក្នុង​១​សប្តាហ៍​។ នៅ​អាស៊ី កូរ៉េខាងត្បូង ជា​ប្រទេស​ដែលមាន​ម៉ោង​ការងារ​ច្រើនជាងគេ រីឯ​នៅ​អឺរ៉ុប មាន​ប្រទេស​ក្រិ​ក​។​

 
​ម៉ោង​ការងារ​អាស្រ័យ​ទៅតាម​កត្តា​វប្បធម៌ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ​។ បើតាម OECD ម៉ិ​ក​ស៊ិ​កមាន​ការភ័យខ្លាច​ពី​កំណើន​អត្រា​អ្នក​អត់​ការងារ​ធ្វើ ដូច្នេះ​ការបង្កើន​សង្វាក់​ផលិតកម្ម​ជា​រឿង​ចាំបាច់ ខណៈ​ការបង្កើន​ម៉ោង​ការងារ​នៅ​កូ​រេ​ខាងត្បូង ជា​ផ្នែក​មួយ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​។​
 
​បើទោះបីជា ជប៉ុន​មាន​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ធ្វើការ​លើស​ម៉ោង​ក៏ដោយ ប៉ុន្តែ​ម៉ោង​ការងារ​មាន​កម្រិត​ទាប​នៅឡើយ​ក្នុងចំណោម​ប្រទេស​សមាជិក OECD ខណៈ​អាល្លឺម៉ង់ មាន​ម៉ោង​ការងារ​តិច ប៉ុន្តែ​សង្វាក់​ការងារ​ច្រើន​។​
 
​ប្រទេស Top 15 ដែលមាន​ម៉ោង​ការងារ​ប្រចាំឆ្នាំ​ច្រើនជាងគេ​រួមមាន ម៉ិ​ក​ស៊ិ​ក (២ ២៥៧.៤​ម៉ោង​) កូ​ស្តា​រី​កា (២ ១៧៨.៩​ម៉ោង​) កូរ៉េខាងត្បូង (២ ០២៤ ម៉ោង​) ក្រិ​ក (២ ០១៨​ម៉ោង​) រុស្ស៊ី (១ ៩៨០ ម៉ោង​) ស៊ី​លី (១ ៩៥៤​ម៉ោង​) ប៉ូឡូញ (១ ៨៩៥​ម៉ោង​) អ៊ីស្រាអែល (១ ៨៨៥​ម៉ោង​) ឡេ​តូ​នី (១ ៨៧៥​ម៉ោង​) ព័រ​ទុយ​ហ្គា​ល់ (១ ៨៦៣​ម៉ោង​) អេ​ស្តូ​នី (១ ៨៥៧​ម៉ោង​) លី​ទុយ​អា​នី (១ ៨៤៤​ម៉ោង​) តួ​ក​គី (១ ៨៣២​ម៉ោង​) សហរដ្ឋអាមេរិក (១ ៧៨០​ម៉ោង​) និង​សាធារណរដ្ឋ​ឆេ​ក (១ ៧៧៦​ម៉ោង​)​។​
 
​ជា​មធ្យម ប្រទេស​ដែលជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) មាន​ម៉ោង​ការងារ ១៧៥៩​ម៉ោង​ក្នុង​១​ឆ្នាំ​។ ប្រទេស​ដែល​ស្ថិតក្រោម​កម្រិត​មធ្យម​នេះ ជាមួយនឹង​ម៉ោង​ការងារ​ចន្លោះ​ពី​ជាង​១៧៥០​ម៉ោង ចុះទៅ​ជាង​១៥០០​ម៉ោង​មាន នូ​វែ​ល​សេ​ឡង់ ហុង​គ្រី អៀរ​ឡង់ អ៊ីតាលី ស្លូ​វ៉ា​គី ជប៉ុន កាណាដា អេ​ស្ប៉ា​ញ អង់គ្លេស អូស្ត្រាលី ស្លូ​វេ​នី ហ្វាំ​ង​ឡង់ អូទ្រីស ស៊ុយអែត ស្វី​ស បែលហ្ស៊ិក លុច​សំបួ និង​បារាំង​។​
 
​ក្នុងចំណោម​ប្រទេស​ជា​សមាជិក OECD អាល្លឺម៉ង់​មាន​ម៉ោង​ការងារ​តិចជាងគេ ដោយ​មានតែ ១៣៥៦​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ដូច​មាន​ចំនួន​តិចជាង ហូ​ឡង់ ន័​រវេ​ស និង​ដា​ណឺ​ម៉ាក ៕
 

Tag:
 OECD
© រក្សាសិទ្ធិដោយ thmeythmey.com