ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រយោជន៍​ស្របពេល​ហានិភ័យ ពេល​ម្ដាយ​ឪពុក​ឱ្យ​កូន​រៀន​ភាសាបរទេស​មុន​ភាសា​ខ្មែរ​
31, Dec 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ទំនោរ​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសាបរទេស​កាន់តែ​ច្រើន ទំនងជា​ក្រោម​ហេតុផល ទីផ្សារការងារ​ទាំង​ក្នុងស្រុក​និង​ក្រៅប្រទេស​កំពុង​ពេញនិយម ឬ​អាច​យល់ថា​ជា​មុខមាត់​សម្រាប់​គ្រួសារ ដែលមាន​កូន​ចេះ​ភាសា​ទី​២ និង​អាចមាន​ហេតុផល​ច្រើន​ទៀត​។ ការចេះ​ស្ទាត់​ភាសាបរទេស​មិនមាន​អ្វី​ខុស​ឡើយ ផ្ទុយទៅវិញ​វា​ជា​រឿង​ល្អ តែ​អ្វីដែល​មាតាបិតា​គប្បី​គិតពិចារណា​នោះ គឺ​កូន​ឆ្អិន​ភាសា​ទី​២ ឆៅ​ភាសា​កំណើត​។ នៅពេលដែល​ក្មេង ឬ​យុវជន​ជំនាន់​ថ្មី កាន់តែ​ឱ្យ​តម្លៃ​ភាសាបរទេស ជាង​ភាសាជាតិ​របស់ខ្លួន វា​អាច​ប្រាកដ​ណាស់​ថា​ភាសា​កំណើត​នឹង​អន់ថយ​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 



 
​កាលពី​ជាង​១០០​ឆ្នាំមុន ដោយសារតែ​បារាំង​ដាក់​អាណានិគម​មកលើ​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ជាពិសេស​អ្នកធ្វើការ​ធំ​ដុំ​ក្នុង​ជួរ​រដ្ឋការ​ក្ដី ឬ​អ្នកជំនួញ និង​សិស្ស​និស្សិត​ក្ដី ភាគច្រើន​សុទ្ធតែ​ចេះ​ភាសា​បារាំង​ស្ទាត់ជំនាញ​។ មកដល់​ពេលបច្ចុប្ន​ន្ន​នេះ​ភាសា​អង់គ្លេស និង​ភាសា​ចិន កំពុងតែ​វាយលុក​ខ្លាំង ក្នុង​ស្រទាប់​សិស្ស​និស្សិត និង​អ្នកធ្វើការ​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​។ ក្រៅពី​ភាសា​ទាំងពីរ​នេះ ក៏​នៅមាន​ភាសា​មួយចំនួនទៀត ដែល​គេ​រៀន​ដើម្បី​ប្រយោជន៍​ការងារ​ដែរ​។​
 
​ការចេះ​ភាសា​សកល​គឺជា​រឿង​ល្អប្រសើរ តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ក្មេង​ដែល​ចេះ​ភាសា​ទាំងនោះ​មុន ឬ​ស្ទាត់​ជាង​ភាសា​កំណើត​របស់ខ្លួន​។ សិល្បៈ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របៀបរបប​រស់នៅ និង​ពាក្យ​ទូន្មាន​ផ្សេងៗ សុទ្ធ​តែមាន​បង្កប់​នៅក្នុង​អក្សរសាស្ត្រ​អក្សរសិល្ប៍​ខ្មែរ​។ បើ​កុមារ​មិនចេះ​ភាសា​កំណើត​របស់ខ្លួន​ជាដំបូង​នោះ ពិបាក​ណាស់​ថា​នឹង​អាចឱ្យ​ពួកគេ​ជ្រួតជ្រាប​ពីអ្វី​ដែលជា​ខ្មែរ​បាន​ស៊ីជម្រៅ​។​


 
​លោក ទូច គឹម​ស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​ជាតិ កត់សម្គាល់​ឃើញថា​ម្ដាយ​ឪពុក​ដែល​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសា​បទេស​មុន​ភាសា​កំណើត​ទំនង​ក្រោម​ហេតុផល​៣​យ៉ាង​។ ទី​១​ល្អ​សម្រាប់​ជីវភាព​គ្រួសារ កូន និង​ខ្លួន​ផ្ទាល់ ទី​២​អាច​ត្រូវ​នឹង​ចំណូលចិត្ត​កូន និង​ទី​៣​តម្រូវការ​ការងារ​ក្នុង​ពិភពលោក​។ លោក​បាន​បកស្រាយ​យ៉ាង​ដូច្នេះ​៖«​មូលហេតុ​ដែល​ម្ដាយ​ឪពុក​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសាបរទេស​មុន​ភាសាជាតិ​ហ្នឹង ប្រហែលជា​គាត់​យល់​៣​យ៉ាង​។ ទីមួយ​ប្រសិនបើ​រៀន​ភាសាបរទេស​និង​ជំនាញ វា​ជួយ​ដល់​ជីវភាព​គាត់​និង​កូន​គាត់ ទី​២​វា​អាច​ត្រូវ​នឹង​ចំណូលចិត្ត​របស់​កូន​គាត់​ដែរ​។ ទី​៣​តម្រូវការ​ទីផ្សារការងារ​លើ​ពិភពលោក វា​ត្រូវ​ជាង​គាត់​បាន​កេរ្តិ៍​កិត្តិយស ប្រាក់កាស​ច្រើនជាង​រៀន​ភាសាជាតិ​»​។ 
 
​លោក គឹម​ស្រ៊ាង បន្ថែមថា សម័យ​បច្ចុប្បន្ន​មនុស្ស​ត្រូវតែ​ចេះ​៥​ភាសា ទើប​អាចធ្វើឱ្យ​ជីវភាព​ប្រសើរ​បាន​៖«​ការពិត​នៃ​ភាសា មនុស្ស​ត្រូវ​រៀន​៥​ភាសា​ទើប​ធ្វើឱ្យ​មនុស្ស សង្គម និង​ប្រទេស​រីកចម្រើន​។ យើង​ជា​ខ្មែរ​យើង​ត្រូវតែ​រៀន​ភាសាជាតិ​ភាសា​ខ្មែរ​យើង​ជាដំបូង​។ ទី​២​រៀន​ភាសា​សកល​ណាមួយ​ជាការ​ប្រសើរ ទី​៣​ភាសា​បច្ចេកវិទ្យា មិនចេះ​មិនបាន​ទេ​។ ទី​៤​ភាសា​អាជីព ធ្វើ​អី​មួយ​ត្រូវ​រៀន​ភាសា​នោះ​ឱ្យដឹង​ឱ្យ​យល់ ទី​៥​ត្រូវ​ចេះ​ភាសា​ទំនាក់ទំនង នៅពេលដែល​មនុស្ស​មិនចេះ​ភាសា​ទំនាក់ទំនង​ក្នុង​ខ្លួន​ទេ ក៏​ធ្វើឱ្យ​ជីវិត​គាត់​មិន​ប្រសើរ​ដែរ​»​។​
 
​ទោះជា​តម្រូវការ​ការងា​រ​នៅពេល​បច្ចុប្បន្ន ត្រូវការ​មនុស្ស​មា​នស​ម​ត្ថ​ភាព​ខ្ពស់​មែនពិត តែ​ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​ជាតិ​រូបនេះ នៅតែ​ទទូច​ឱ្យ​ម្ដាយ​ឪពុក រួមទាំង​ជនរួមជាតិ​ខ្មែរ​ទាំងអស់ រៀន​ភាសាជាតិ​ខ្លួន​ឱ្យ​ស្ទាត់ជំនាញ​ជាមុនសិន​។ លោក​បន្ថែមថា ៖« ជាការ​លើកទឹកចិត្ត ជា​គុណ​តម្លៃ​យើង​ជា​ខ្មែរ​គួរតែ​រៀន​ភាសាជាតិ​យើង​ជាមុន​ទៅ បើ​មិន​លើកតម្កើង​ភាសា​ខ្លួន​ទេ តើ​ឱ្យ​អ្នកណា​មកលើ​ក​។ លើកទឹកចិត្ត ជំរុញ ណែនាំ បង្ហាញថា យើង​គួរតែ​ឱ្យ​តម្លៃ​ភាសាជាតិ​ខ្លួន គ្មាន​អ្នក​មកឱ្យ​តម្លៃ​យើង​ជាង​ខ្លួន​យើង​ទេ​។ យើង​ចេះតែ​យល់ច្រឡំ​ថា គេ​ឱ្យ​តម្លៃ​យើង តែ​តាមពិត​គ្មាន​អ្នកណា​មកឱ្យ​តម្លៃ​យើង​បានទេ ប្រសិនបើ​យើង​មិនឱ្យ​តម្លៃ​ខ្លួន​យើង​ផង​ហ្នឹង​»​។​


 
​ចំណែក​អ្នកស្រី អ៊ុក ចាន់ថា ជា​អ្នក​យល់ច្បាស់​ពី​តម្លៃ​របស់​អក្សរសាស្ត្រ​ជាតិ​មួយរូប បាន​មានប្រសាសន៍ថា បើ​ឱ្យ​កូន​រៀន​ភាសាបរទេស​មុន​ភាសាជាតិ ពួកគេ​និង​ទទួល​ឥទ្ធិពល​បរទេស​ច្រើន​។  អ្នកស្រី ចាន់ថា បញ្ជាក់ ៖« ឪពុក​ម្ដាយ​សម័យថ្មី​ ច្រើនតែ​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសាបរទេស ​មុន​ភាសា​ខ្លួន ជាពិសេស​នៅ​មត្តេយ្យសាលា​ច្រើន​។ កង្វល់​នៅត្រង់ថា យើង​គួរតែ​ផ្ដល់នៅ​អ្វី​ដែលជា​ចំណេះដឹង របស់​ជាតិ តាំងពី​ភាសា តាំងពី​ការនិយាយ តាំងពី​របៀបរបប​នៃ​ការរស់នៅ​។ ជាពិសេស​ភាសា ពីព្រោះថា​ភាសាបរទេស ​វា​ជា​ភាសា​មួយ​បន្ទាប់ពី​ភាសាជាតិ ប្រសិនបើ​យើង​ជំរុញកូន ​ឱ្យទៅ​ទទួល​ឥទ្ធិពល​ភាសាបរទេស វប្បធម៌​បរទេស​តែម្ដង អាចធ្វើឱ្យ​ទម្លាប់ និង​របៀប​រស់នៅ​រប​ស់​កូន តាមបែប​បរទេស​»​។ 
 
​តាម​ការសង្កេត​យ៉ាង​យកចិត្តទុកដាក់​របស់​ស្ត្រី​វ័យ​៦២​ឆ្នាំ​រូបនេះ មនុស្ស​ធំ​មួយចំនួន​ក៏​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ខ្មែរ​ច្រើន​ដែរ​។ អ្នកស្រី​ថា​ ការណ៍​នេះ​បង្ហាញ​ពី​ការ​មិនឱ្យ​តម្លៃ​អក្សរសាស្ត្រ​ខ្លួន ក៏​ជា​អ្នក​រួមចំណែក​បំផ្លាញ​ភាសាជាតិ​ខ្លួន​ដែរ​។ «​អ្វីដែល​យើង​មើលឃើញ​សំខាន់​នោះ ​គឺ​មិនមែន​មានតែ​ក្មេង​ទេ សូម្បីតែ​យុវវ័យ​ដែល​និយម​ភាសាបរទេស​ច្រើន​នោះ ក៏​សរសេរ​ភាសា​ខ្មែរ​នៅលើ​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​មាន​ខុស​ច្រើន​ដែរ​។ ទាំងអស់នេះ ​មិនមែន​ប៉ះពាល់​តិច​ទេ គឺជា​ការប៉ះពាល់​ធំដុំ​សម្រាប់​យើង​។ ប្រសិនបើ​យើង​មិនបាន​គិតគូរ រឿង​ភាសាជាតិ​នេះ​ទេ មានន័យថា​យើង​ចូលរួមចំណែក​បំផ្លាញ​ភាសាជាតិ​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី ចាន់ថា​។​ 
 
​អ្នកស្រី ចាន់ថា ថែមទាំង​មើល​ដល់​ទៅ​ការប្រើប្រាស់​ភាសា​ប្រចាំថ្ងៃ​របស់​ខ្មែរ​មួយចំនួន ថា​មាន​ចំណុច​ឆ្គាំឆ្គង​ច្រើន​ផង​។ អ្នកស្រី​បន្ថែម ៖« សព្វថ្ងៃ​ឃើញថា​វប្បធម៌​អ៊ឺរ៉ុប​ក្ដី ចិន​ក្ដី វាយលុក​មកលើ​ប្រទេស​ខ្មែរ​ច្រើន​។ ខ្មែរ​យើង​ដែលជា​ជនជាតិខ្មែរ​សម្បុរ​ខ្មៅ​ដូច​អ៊ំ​អីចឹង ផ្ទះ​ណា​ដែលថា​មិន​សែន​។ សូម្បីតែ​សម្បុរ​ដូច​អ៊ំ​ចឹ​ង​ក៏​គេ​ហៅថា​ម៉ា​ដែរ ដូច្នេះ​វា​ជា​រឿង​មួយ​ដែល​គួរឱ្យ​តក់ស្លុត យើង​គិតថា​ពាក្យ​ថា យាយ ឬក៏​មីង ឬក៏​អ៊ំ វា​ថោកទាប​ឬ​យ៉ាងណា បានជា​គេ​មិន​ហៅ កន្លែង​ត្រង់​ហ្នឹង​ខ្ញុំ​ក៏​ឧស្សាហ៍​និយាយ ឧស្សាហ៍​លើកឡើង​ដែរ​។ យើង​មិនមែន​រើសអើង​ទេ តែ​យើង​គ្រាន់តែ​ចង់​រក្សា​អ្វី​ដែលជា​របស់​យើង​»​។​
 
​មិន​ខុសគ្នា​ដែរ​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា លោក ប៉ា ច័ន្ទ​រឿន ក៏មាន​យោបល់​ជុំវិញ​ការប្រើប្រាស់​ភាសា​នេះដែរ​។ លោ​កថា​បច្ចុប្បន្ន​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ ទៅ​មធ្យម កាន់តែច្រើន បានផ្ដល់​ទំនុកចិត្ត​ដល់​សាលា​ឯកជន ដែលមាន​បង្រៀន​ភាសាបរទេស​។ លោក ច័ន្ទ​រឿន បាន​មើលឃើញ​ពី​ប្រព័ន្ធ​ជ្រើសរើស​ការងារ​ស្ទើរតែ​ជិត​១០០​ភាគរយ តម្រូវឱ្យ​ចេះ​ភាសាបរទេស ដោយ​មិន​ខ្វល់​ថា​ចេះ​ឬ​មិនចេះ​ភាសា​ខ្មែរ​។ ដូច្នេះ​ចង់​ឬ​មិន​ចង់ មនុស្ស​ត្រូវតែ​សម្លឹងមើល​ភាសា​ដែល​អាច​រក​ការងារ​បានធ្វើ​។ 


 
​លោក ច័ន្ទ​រឿន បន្ថែម ៖« វា​ជា​ចំណុចខ្សោយ​របស់​សង្គម​យើង​ដែរ ដែល​សូម្បីតែ​អ្នក​បោសសម្អាត​សោះ​ហ្នឹង ក៏​តម្រូវឱ្យ​គាត់​សរសេរ CV សរសេរ​ជីវប្រវត្តិ​ជា​ភាសា​អង់គ្លេស​ដែរ​។ ហើយ​យើង​មើល​ការជ្រើសរើស​បុគ្គលិក​ភាគច្រើន គ្រប់​ភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក ខ្ញុំ​ថា​ប្រហែលជា​៨០​ភាគរយ ទៅ ៩០​ភាគរយ សរសេរ​ជា​ភាសា​អង់គ្លេស​។ សូម្បីតែ​អាជីព​មិនត្រូវ​ការឱ្យ​ចេះ​ភាសា​អង់គ្លេស​សោះ ក៏ត្រូវ​ឱ្យ​អ្នក​ហ្នឹង​អាន​ភាសា​អង់គ្លេស​ដែរ​។ ពេលខ្លះ​គាត់​ត្រូវ​សរសេរ​ជីវប្រវត្តិ​របស់ខ្លួន​ឯង ហើយ​យកទៅ​ឱ្យគេ​ប្រែជា​ភាសា​អង់គ្លេស​។ វា​ខុសពី​ប្រទេស​ថៃ ខុសពី​ប្រទេស​វៀតណាម និង​ខុសពី​ប្រទេស​ម៉ា​ឡេ ដែល​ភាសាជាតិ​របស់គេ​ជា​ភាសា​អាទិភាព​»​។​
 
​លោក ច័ន្ទ​រឿន បន្ថែមថា​ក្នុង​ស្ថាប័ន ទាំង​ឯកជន​និង​រដ្ឋ ប្រើប្រាស់​ឯកសារ​ផ្លូវការ​មួយចំនួន​ជា​ភាសាបរទេស ដែលជា​ហេតុនាំឱ្យ​ភាសាជាតិ​កាន់តែ​ថយឥទ្ធិពល​។ លោក​បន្ថែម​យ៉ាង​ដូច្នេះ ៖« ការប្រើប្រាស់​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល ខ្ញុំ​អត់​សូវ​ឃើញ​វិស័យ​ឯង​ជន​ហ្នឹង​ប្រើ​ភាសា​ខ្មែរ​ប៉ុន្មាន​ទេ​។ លិខិត​រដ្ឋបាល​អី​ផ្សេងៗ សូម្បីតែ​នៅក្នុង​វិស័យ​ធនាគារ ការប្រើប្រាស់​ភាសា​អង់គ្លេស​ហ្នឹង​សឹងតែ​៨០ ទៅ ៩០​ភាគរយ​ហើយ ការប្រើ​ភាសា​ខ្មែរ​ហ្នឹង​មិនសូវមាន​ទេ​។ រដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់​កម្រិត ឬ​តម្រូវឱ្យ​ស្ថាប័ន​ឯង​ជន​ហ្នឹង​ប្រើប្រាស់​អ្វី​ដែលជា​មរតក​របស់​ជាតិ ដែលជា​កេរដំណែល​របស់​សង្គម​មួយ ឧទាហរណ៍​ទាក់ទង​នឹង​ភាសា​ខ្មែរ​ជាដើម​។ រដ្ឋាភិបាល​គួរតែមាន​វិធានការ ឬ​សេចក្ដីណែនាំ​ឱ្យបាន​ច្បាស់លាស់ និង​តាមដាន​ការ​អនុវត្ត​ឱ្យបាន​ច្បាស់ ដើម្បី​លើកកម្ពស់​ភាសា​យើង​ឡើងវិញ​»​។ 
 
​បុរស​សម្បុរ​ស្រអែម មាឌធំ​ខ្ពស់​រូបនេះ​ថា ប្រទេសជាតិ​មួយ​អាច​រក្សា​អក្សរសាស្ត្រ អក្សរសិល្ប៍​របស់ខ្លួន​ បាន​ដោយ​មិន​ប្រកាន់​ថា​ខ្លួន​ជា​ប្រទេស​ក្រ​ ឬ​មាន​ឡើយ​។ អ្វីដែល​សំខាន់​ភាសា​គឺជា​អត្តសញ្ញាណ​ជាតិ ជា​វត្ថុ​ដែល​ញាំ​ង​ឱ្យ​ជាតិ​សាស្ត្រ​ដទៃ​ស្គាល់​ថា​ជា​ខ្មែរ​បាន​។ 
 
«​ភាសា​ខ្មែរ​គឺជា​មរតក​វប្បធម៌ គឺជា​ផ្នែក​មួយ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​យើង​ជា​ខ្មែរ។ ដូច្នេះហើយ​បើ​យើង​ជា​ខ្មែរ មិនឱ្យ​តម្លៃ​មិន​យក​ភាសា​របស់ខ្លួន ​យកមកប្រើ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ ក្នុង​ការធ្វើ​ជំនួញ ឬ​អាជីវកម្ម​ផ្សេងៗ​ទេ គុណ​តម្លៃ​ភាសា​របស់​យើង ​នឹង​កាន់តែ​បាត់បង់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការអប់រំ​ជាដើម គឺ​គួរតែ​លើកទឹកចិត្ត និង​ជំរុញ​កូន​រៀន​ភាសាជាតិ​ខ្លួន​ឱ្យបាន​ច្បាស់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ច័ន្ទ​រឿន​។​
 
​សរុប​ជារួម​ ទៅ​មនុស្ស​ខ្មែរ​នៅ​សម័យ​បច្ចុប្បន្ននេះ ត្រូវតែ​ចេះ​ប្រាំ​ភាសា គឺ​ភាសា​កំណើត ភាសា​សកល​ណាមួយ ភាសា​បច្ចេកវិទ្យា ភាសា​អាជីព និង​ភាសា​ទំនាក់ទំនង នោះ​ទើប​ធ្វើឱ្យ​បុគ្គល​ខ្លួនឯង​ផ្ទាល់ និង​សង្គមជាតិ​បាន​ប្រសើរ​។ ហើយ​អ្វីដែល​សំខាន់បំផុត ម្ដាយ​ឪពុក​ គួរ​ណា​តែ​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសាជាតិ​របស់ខ្លួន មុន​ភាសាបរទេស​។ បើតាម​ការសិក្សា​ជាស​កល ខួរក្បាល​របស់​ក្មេង ងាយ​នឹង​ឆាប់​ចាប់បាន​ នូវ​ព័ត៌មាន​ទាំងឡាយណា​ដែល​គេ​បាន​ជួប​។ ប្រសិនបើ​កុមារ​បាន​ស្គាល់​ភាសាជាតិ​ខ្លួន​ដំបូង​គេ នោះ​ពួកគេ​ក៏​ដិត​ដាម​អ្វី​ដេ​ល​ពួក​បានទទួល​ដែរ​៕ 

Tag:
 អប់រំ​
  កុមារ​
  អាណាព្យាបាល​
  ភាសាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com