អត្ថបទពាណិជ្ជកម្ម
​ការិយាល័យ​ឥណទាន​កម្ពុជា CBC ចែករំលែក​អំពី​ប្រតិបត្តិការ​របស់​ប្រព័ន្ធ​រាយការណ៍​ឥណទាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដល់​អ្នកសារព័ត៌មាន​
30, Dec 2018 , 3:22 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ការិយាល័យ​ឥណទាន​កម្ពុជា (CBC)​បាន​ផ្តួចផ្តើម​កម្មវិធី​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំ​កម្ពុជា ដែល​ប្រារព្ធ​នៅ​សណ្ឋាគារ​រ៉ូ​ស​វូដ​ភ្នំពេញ ដើម្បី​ចែករំលែក​ព័ត៌មាន​ស្តីពី​ប្រតិបត្តិការ និង​ការរួមចំណែក​របស់​ប្រព័ន្ធ​រាយការណ៍​ឥណទាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។​
 
​កម្មវិធី​នេះ មានការ​ស្វាគមន៍ និង​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន បុគ្គលិក​ក្រុមហ៊ុន និង​ក្រុម​អ្នកសារព័ត៌មាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​នៅក្នុង​កិច្ច​ពិសារ​អាហារ​ដ៏​សំខាន់​នេះ លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកា​អភិវឌ្ឍ​អាជីវកម្ម បានធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ប្រវត្តិ និង​ក្របខ័ណ្ឌគតិយុត្តិ​នៃ​ការបង្កើត​ការិយាល័យ​ឥណទាន​កម្ពុជា ការចូលរួមចំណែករ​បស់​ការិយាល័យ​ឥណទាន​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ 


 
​បន្ថែម​ពីលើ​នេះ លោកស្រី​ក៏បាន​បង្ហាញ​ពី​សេវា​ដំណោះស្រាយ​អាជីវកម្ម​របស់​ស៊ី​ប៊ី​ស៊ី ដែល​ជួយ​ដល់​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ជាពិសេស ចាប់ពី​ឆ្នាំ​២០១៩​តទៅ ការិយាល័យ​ឥណទាន​កម្ពុជា នឹង​ដាក់អោយ​ដំណើរការ​នូវ​ប្រព័ន្ធ​របាយការណ៍​ឥណទាន​ក្រុមហ៊ុន​ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ឥណទាន​អាជីវកម្ម​។​
 
​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​អស់​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ​ដែល​ស៊ី​ប៊ី​ស៊ី​បាន​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​ទាំង ១៥៨​ស្ថាប័ន​អាច​ឆែក​របាយការណ៍​ឥណទាន​លក្ខណៈ​បុគ្គល (Credit Report) តាមរយៈ​ប្រព័ន្ធ​របស់​ស៊ី​ប៊ី​ស៊ី​។ តាមរយៈ​ប្រព័ន្ធ​នេះ វា​បាន​ជួយ​រួមចំណែក​ដល់​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​សម្រេចចិត្ត ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​ឥណទាន និង ជួយ​ដល់​សេ្ថ​រ​ភាព​វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ទាំងមូល​។ ដោយ​មើលឃើញ​អត្ថប្រយោជន៍ និង​ភាពចាំបាច់​នៃ​ប្រព័ន្ធ ទើប​នៅ​ឆ្នាំ ២០១៨​នេះ ការិយាល័យ​ឥណទាន​កម្ពុជា​បាន​សហការ​ជាមួយ​ស្ថាប័ន​ជា​សមាជិក និង​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ​នានា​ក្នុង​ការបង្កើត​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន​(​និ​តី​បុគ្គល​)»​។ 
 
​លោក​បាន​បន្តថា​៖ «​ជា​លទ្ធផល យើង​មាន​មោទនភាព​ក្នុងការ​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន (​និ​តី​បុគ្គល​) ចាប់ពី​ខែមករា ឆ្នាំ ២០១៩​តទៅ ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ឥណទាន​បាន​»​។​
 
​ក្រៅពី​សេវាកម្ម​ដែល​បម្រើ​ដល់​ស្ថាប័ន​ជា​សមាជិក ស៊ី​ប៊ី​ស៊ី​ក៏​អនុញ្ញាតអោយ​អតិថិជន​ទូទៅ​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លូន​បានដែរ ដែល​បច្ចុប្បន្ន​តម្រូវអោយ​សាធារណជន​អញ្ជើញ​មក​កា​រិ​យា​ល័​ស៊ី​ប៊ី​ស៊ី​ផ្ទាល់​។ CBC ខិតខំ​ប្រឹងប្រែង និង​ប្ដេជ្ញា​ខ្ពស់​ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​ភាពជឿជាក់​និង​តម្លាភាព​ជូន​ស្ថាប័ន​សមាជិក និង ប្រជាពលរដ្ឋ​ទូទៅ​។​


 
​ការិយាល័យ​ឥណទាន​កម្ពុជា គ្រោង​នឹងដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ «​សេវា​ត្រួត        ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ «Financial Health Check» តាមរយៈ​ការសហការ​ដៃគូរ​ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​អឹម​ខេ ដែល​អនុញ្ញាតអោយ​អតិ​ថ​ជន​អាច​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​បាន ចាប់ពី​ខែមករា​ឆ្នាំ​២០១៩​តទៅ នៅតាម​សាខា​មួយចំនួន​របស់​ស្ថាប័ន​ទាំងពីរ​។ សេវា​កម្មនេះ នឹង​ពង្រីក​បន្ថែម​ជាមួយ​ស្ថាប័ន​ដៃគូរ​ក្នុង​គោលដៅ​គ្របដណ្តប់ គ្រប់​សាខា​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១៩ ផងដែរ​។​
 
(​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការិយាល័យ​ឥណទាន​កម្ពុជា​(CBC) សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://www.creditbureau.com.kh/)​។​
 
​អំពី​ការិយាល័យ​ឥណទាន (CBC) 
 
​ការិយាល័យ​ឥណទាន​កម្ពុជា​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្ដល់ព័ត៌មាន​ឥណទាន ឧបករណ៍​វិភាគ និង​សេវាកម្ម​រាយការណ៍​ដល់ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រតិបត្តិ​ករ​ឥណទាន និង​អ្នកប្រើប្រាស់​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ស៊ី​ប៊ី​ស៊ី ត្រូវបាន​បង្កើតឡើង​ក្នុង​ខែ​មិនា ឆ្នាំ​២០១២ ដោយមាន​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) សមាគម​ធនាគារ​នៃ​កម្ពុជា (ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​។​
 
​ស៊ី​ប៊ី​ស៊ី ជំរុញ​លំនឹង​សេដ្ឋកិច្ច​អោយមាន​ភាព​កាន់តែ​ប្រសើរឡើង ដោយ​ផ្ដល់​ទិន្នន័យ​ទាន់​ហេតុការណ៍​ប្រកបដោយ​សុក្រឹតភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់ និង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​ពួកគេ​។ យើង​ជួយ​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​នៃ​ឥណទាន ការពារ​ការ​ក្លែងបន្លំ​ព័ត៌មាន និង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ស៊ី​ប៊ី​ស៊ី ក៏​ជួយ​អ្នកប្រើប្រាស់​ក្នុងការ​ត្រួតពិនិត្យ​របា​យ​ការណ៍​ឥណទាន​របស់​ពួកគាត់​ដើម្បី​ធានាថា​ពួកគាត់​អាច​ទទួលបាន​ប្រាក់កម្ចី ហិរញ្ញវត្ថុ និង​ការពារ​ខ្លួន​ពី​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​ផងដែរ​៕





© រក្សាសិទ្ធិដោយ thmeythmey.com