ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គង់ វុ​ទ្ធ ខំរៀន​អា​យ៉ៃ​រំពឹង​ចូល​ក្របខ័ណ្ឌ​ក្រសួង​
30, Dec 2018 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ សិល្បៈ​អា​យ៉ៃ ជា​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ប្រភេទ ដែល​ប្រឈម​នឹង​ការបាត់បង់​ធ្ងន់ធ្ងរ ព្រោះ​បច្ចុប្បន្ន​មិនសូវមាន​ក្មេងជំនាន់ក្រោយ​រៀន​បន្ត​។ លោក គង់ វុ​ទ្ធ គឺជា​និស្សិត​រៀន​ជំនាញ​អា​យ៉ៃ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ ក្ដី​ប្រាថ្នា​តែមួយគត់​របស់លោក គឺ​ក្រោយពី​បញ្ចប់​ការសិក្សា​លោក​អាច​ធ្វើការ​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​។ ទោះ​បច្ចុប្បន្ ន​ក្មេងជំនាន់ក្រោយ​មិនសូវ​រៀន​អា​យ៉ៃ​ក៏ពិតមែន តែ​លោក គង់ វុ​ទ្ធ មិនបាន​រំពឹង​ការ​ចេញទៅ​សម្ដែង​តាម​ពិធីបុណ្យ ឬ​ពិ​ធី​ផ្សេងៗ​ឡើយ​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​នេះ​គឺជា​សំឡេង​ច្រៀង​អា​យ៉ៃ​របស់ លោក គង់ វុ​ទ្ធ​។​
 
​សិល្បៈ​ចម្រៀង​អា​យ៉ៃ ​កាន់តែ​អន់ថយ​អ្នករៀន​ទៅ​ អន់ថយ​ទៅ​។ ទោះ​គេ​បាន​មើលឃើញថា​ទម្រង់​សិល្បៈ​អា​យ៉ៃ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​អក្សរសាស្ត្រ អក្សរសិល្ប៍​ខ្មែរ និង​ជា​សិល្បៈ​ដែល​បណ្ដុះ​ស្មារតី​មនុស្ស​ឱ្យមាន​បញ្ញា​ក៏ពិតមែន តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ន​ ស្ទើរតែ​គ្មាន​អ្នករៀន​ទម្រង់​សិល្បៈ​មួយ​នេះ​។ សិល្បៈ​បរទេស​វាយលុក​ជា​រឿង​មួយ ឯ​បញ្ហា​ក្រពះ​ក៏​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​គិត​ដែរ​។ ការ​មិនមាន​ប្រព័ន្ធ​លើកទឹកចិត្ត​ច្បាស់លាស់ ឬ​ទៀងទាត់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ការ​មិនឱ្យ​តម្លៃ​ពី​មនុស្ស​ក្នុងសង្គម និង​ទីផ្សារ​មិនមាន​ជាដើម​នោះ បានធ្វើឱ្យ​អ្នករៀន​សិល្បៈ អា​យ៉ៃ​ហាក់​គ្មាន​ក្ដីសង្ឃឹម ក្នុងការ​ថែរក្សា​សិល្បៈ​ខ្មែរ​ដែល​ខ្លួន​ស្រឡាញ់​។ ដូច្នេះហើយ​ទើប​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​មួយ​នេះ ចេះតែ​ហោច​អ្នករៀន​។
​ទោះជា​យ៉ាងណា និស្សិត គង់ វុ​ទ្ធ បាន​ជម្នះ​រៀន​សិល្បៈ​ស​ម្រៀ​ង​អា​យ៉ៃ ទាំង​ប្រថុយប្រថាន​។ ប្រថុយ​នោះ​នៅត្រង់ថា គ្រប់​មនុស្ស​ទាំងអស់​តែងតែ​ប្រាថ្នា​ជំនាញ​ដែល​អាច​បានការ​ងា​ររ​ក​ចំណូល​ទៀងទាត់ តែ វុ​ទ្ធ បាន​មើលឃើញថា សិល្បៈ​អា​យ៉ៃ​មិន​ស្ថិតក្នុង​អ្វីដែល​មនុស្ស​ទូទៅ​ប៉ង​ឡើយ​។  
 
​និយាយ​ផង​សើច​តិចៗ​ផង និស្សិត​រៀន​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែលមាន​តែម្នាក់ឯង​រូបនេះ ថា​ខ្លួន​ប្រឹងប្រែង​រៀន​សិល្បៈ​អា​យ៉ៃ​ ក៏​ព្រោះតែ​សង្ឃឹម​បានធ្វើការ​ក្នុង​ក្រសួង​តែមួយគត់​។ «​គឺ​អា​យ៉ៃ​ហ្នឹង​មានតែ​ខ្ញុំ​មួយ​ទេ ក្នុងចំណោម​ប៉ុន្មាន​ឆ្នាំនេះ គឺ​មិនមាន​អ្នករៀន​ទេ​។ ចឹ​ង​ខ្ញុំ​រៀន​សង្ឃឹម​ប្រឡង​ចូលក្នុង​ក្រសួង ព្រោះ​មានតែ​យើង​ក្រែង​យើង​មាន​អាទិភាព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វុ​ទ្ធ​។​
 
​តាមពិតទៅ ពី​ដើមឡើយ​វុ​ទ្ធ មិនបាន​ចាប់អារម្មណ៍​ទម្រង់​សិល្បៈ​មួយ​នេះឡើយ​។ និស្សិត​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​រម្លឹក​ពី​គ្រា​ដើម ដែល​ធ្វើឱ្យ​ខ្លួន​ចាប់អារម្មណ៍​លើ​សិល្បៈ​អា​យ៉ៃ​យ៉ាង​ដូច្នេះ​៖«​តាំងពី​តូច​មក​មិន​ចូលចិត្ត​អា​យ៉ៃ​ចាប៉ី​នេះ​ទេ ទៅ​ចូលចិត្ត​បើកឡាន កូន​ឡានតូចៗ​នៅ​ពេញ​ផ្ទះ​។ ដល់​អាយុ​ប្រហែល​១២​ឆ្នាំ ខ្ញុំ​ស្ដាប់​អា​យ៉ៃ​នៅតាម​បុណ្យ ឮ​ណែងណង​​ពីរោះ​ ក៏​ចង់​រៀន​។ ដល់​មក​ប្រឡង​នៅ​ខេត្ត ច្រៀ​ង​ត្រូវ​ជាមួយ​ភ្លេង គេ​ថា​កូន​ហ្នឹង​កើត​ខាង​ហ្នឹង​ ក៏​គេ​ស្នើឱ្យ​គ្រូ​យកទៅ​បង្រៀន​បន្ថែម​ទៅ​»​។​
 
​ដំបូង​ឡើយ​ម្ដាយ​ឪពុក​របស់ វុ​ទ្ធ មិនបាន​គាំទ្រ​ឱ្យ​លោក​រៀន​ជំនាញ​សិល្បៈ​នេះឡើយ ក្រោម​ហេតុផល​ពិបាក​រក​ចំណូល​។ វុ​ទ្ធ បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ធ្លាប់​ប្រាប់​ខ្ញុំ​ថា កុំទៅ​រៀន​អី​មួយឆ្នាំ​គ្មាន​អ្នកណា​គេ​ហៅ​ទៅ​ច្រៀង​ ទៅលេង​ម្ដង​ផង​ហ្នឹង តែ​ដល់​ទឹកចិត្ត​ខ្ញុំ​ស្រឡាញ់​គាត់​ក៏​បំពេញ​បំណង​ខ្ញុំ​ដែរ​»​។​
 
​បើ​ក្ដីសង្ឃឹម​តែមួយគត់​ដែល​និស្សិត​អា​យ៉ៃ​រូបនេះ​ប្រាថ្នា មិនបាន​សមបំណង យុវជន​កូនច្បង​ក្នុង​គ្រួសារ​រូបនេះ នឹង​រកមុខ​របរ​ផ្សេង​ក្រៅពី​សិល្បៈ​។  វុ​ទ្ធ បានបញ្ជាក់ ៖« យើង​រំពឹង​លើ​ក្រសួង តែបើ​ក្រសួង​មិន​គិតពី​សិល្បៈ​ដូនតា ឬ​យ៉ាង​ណាមួយ ខ្ញុំ​ទៅ​បង្កើត​អាជីព​ណាមួយ​ផ្សេង​ពី​សិល្បៈ មិន​នៅក្នុង​សិល្បៈ​ទេ​»​។ 
 
​ចំណែក​ការ​រំពឹងថា ​បាន​ទៅ​សម្ដែង​នៅតាម​កម្មវិធី​នានា ឬ​នៅក្នុង​ពិធីបុណ្យ​ក្ដី វុ​ទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖«​បើ​រំពឹងថា​ទៅលេង​តាម​បុណ្យ តាម​ទាន​អី អត់​មាន​ទេ​ឥ​ឡូ​វ​»​។​
​ដ្បិត​​ទើបតែ​រៀន​នៅ​ឆ្នាំ​ទី​៣ តែ អនាគត​សិល្បករ​អា​យ៉ៃ​រូបនេះ ធ្លាប់បាន​ទៅ​ច្រៀង​អា​យ៉ៃ​ច្រើន​គួរសម ៖«​កន្លែង​ដែល​ខ្ញុំ​លេង​ច្រើនជាងគេ គឺ​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ បន្ទាប់មក​នៅ​ប៉ុស្តិ៍​អប្សរា ប៉ុស្តិ៍​បាយ​យ័ន ហើយ​នៅ​សាលា​សាកល​នេះ​តែម្ដង​»​។​
 
​ផលលំបាក​សម្រាប់​ការរៀន​ច្រៀង​អា​យ៉ៃ​របស់ វុ​ទ្ធ គឺ​ការច្រឡំ​បទ​គ្នា ៖«​អា​យ៉ៃ​ហ្នឹង ​គឺ​ពិបាក​នៅត្រង់​ច្រឡំ​បទ​ហ្នឹង​តែម្ដង ដូច​ថា​បទ​ខ្លះ​វា​ប្រហែល​គ្នា កន្លែង​ខ្លះ​ច្រឡំ​គ្នា​ដែរ​។ ហើយ​ពេលខ្លះ​សំឡេង​យើង​វា​មិនសូវ​កើត ​យកតាម​គ្រូ​ឱ្យ​ដូច​ហ្នឹង​វា​ពិបាក​ដែរ​។ ហើយ​រឿង​កំណាព្យ​កាព្យ​ចួន​អីហ្នឹង​ ក៏​ពិបាក​ដែរ​»​។​
 
​និស្សិត​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​រៀបរាប់​ពីបទ​ដែល​ច្រៀង​ក្នុង​ចម្រៀង​អា​យ៉ៃ យ៉ាង​ដូច្នេះ​ថា ៖«​បទ​នមស្ការ ដែល​គេ​ច្រៀង​គោរព​ពី​គុណព្រះពុទ្ធ ​ព្រះធម៌​ ព្រះសង្ឃ​។ ទី​២​បទ​បំពេ​ក្លាយ គឺ​យើង​ច្រៀង​គោរព​បងប្អូន​ញាតិ​ទាំងប្រុស​ស្រី ហើយ​យើង​ហៅ​ដៃគូស្រី​ច្រៀង​។ ដល់​បទ​កេ​ន​ចាវ ជា​បទ​ច្រៀង​ធម្មតា ចោទ​ជា​សំណួរ​។ បទ​ដឺ​ឡា គឺ​យើង​ច្រៀង​ឆ្លើយ ដូច​ច្រៀង​ពី​ពុទ្ធប្រវត្តិ ពី​សុភាសិត ពី​កំណាព្យ​។ មុននឹង​បញ្ចប់ ​គេ​ច្រៀង​បទ​ការ៉េ​យ័ន​សា ឬ​បទ​ភំ​ភួង ឬក៏​បទ​សោយ​សង្វាន ឬក៏​បទ​សែន​ស្រណោះ​»​។​
 
​បុរស​ដែល​អាច​នឹង​ក្លាយជា​អ្នក​បន្តវេន អា​យ៉ៃ​រូបនេះ​ មាន​ក្ដី​ប្រាថ្នា​តែមួយគត់ គឺ​បាន​ក្លាយជា​មន្ត្រី​ក្នុង​ក្របខ័ណ្ឌរដ្ឋ ដែល​លោក​ថា ​វា​ក៏​ជា​មុខមាត់​សម្រាប់​គ្រួសារ​លោក​។ វុ​ទ្ធ បញ្ចាក់​បន្ថែម ៖« បំណងប្រាថ្នា​របស់ខ្ញុំ គឺ​ដើម្បី​ចូលធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ​ហ្នឹង​តែម្ដង​។ មុខមាត់​គ្រួសារ គិត​ទាំងអស់គ្នា​ហ្នឹងហើយ ទើប​គាត់​ឱ្យ​ខ្ញុំ​មក​រៀន​»​។ 
 
​កាលពី​សម័យ​ដើម​ ជាពិសេស​សម័យ​ដែលមាន​វត្តមាន​តា​យ៉ៃ ដែលជា​ជន​ដំបូង​គេ​បង្អស់ ​បង្កើត​សិល្បៈ​ចម្រៀង​អា​យ៉ៃ​នោះ មនុស្ស​ស្ទើរតែ​គ្រប់​ស្រទាប់វណ្ណៈ និង​អាច​និយាយបានថា​គ្រប់​វ័យ​ផង​នោះ ពេញនិយម​សិល្បៈ​ចម្រៀង​អា​យ៉ៃ​ជា​ពន់ពេក​។ រហូតមកដល់​សម័យ​ក្រោយ​បែក​សម័យ​ប៉ុលពត​បន្តិច​ ក៏​នៅតែមាន​អ្នក​ចូលចិត្ត​ស្និទ្ធ​ស្នាល ទើបតែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ ដែល​សិល្បៈ​ចម្រៀង​អា​យ៉ៃ ធ្លាក់ចុះ​ស្ទើរ​ហៅ​មិនឮ​។ ធ្លាក់ចុះ​នោះ គឺ​ដោយសារ​មិនមាន​ការនិយម ​យកទៅ​សម្ដែង​ក្នុង​កម្មវិធី​ផ្សេងៗ ឬ​ពិធីបុណ្យ​ក្ដី​។ ដូច្នេះហើយ​ ចំនួន​អ្នក​ហាត់រៀន​ក៏​ធ្លាក់ចុះ​តាម​នោះដែរ​។ ការគាំទ្រ​ទាំង​ស្មារតី និង​ហិរញ្ញវត្ថុ ពី​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​​​ នៅ​មិនទាន់​រៀបចំ​បានច្បាស់លាស់ ជាហេតុ​ចម្បង ធ្វើឱ្យ​អ្នក​ស្រឡាញ់​ទម្រង់​សិល្បៈ​មួយ​នេះ ពិបាក​រស់​៕  
 

Tag:
 គង់ វុ​ទ្ធ
  អា​យ៉ៃ​
  សិល្បៈ​បុរាណ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com