អន្តរជាតិ
នយោបាយអន្តរជាតិ
សេអ៊ូល សោកស្តាយដែលតូក្យូ មិនយល់ចិត្តខ្លួនជុំវិញការប្រឈមមុខគ្នារវាងនាវាចម្បាំង និងយន្តហោះល្បាត
× រដ្ឋាភិបាលក្រុងសេអ៊ូល បានសម្តែងការខកចិត្តទៅនឹងរដ្ឋាភិបាលក្រុងតូក្យូជុំវិញការចេញផ្សាយវីដេអូមួយ ដែលជប៉ុន ចាត់ទុកថា វាជាសកម្មភាពគំរាមកំហែងរបស់កងល្បាតរបស់ក្រុងសេអ៊ូលលើក្រុងតូក្យូ។ ក្រុងសេអ៊ូល អះអាងថា ក្រុងតូក្យូ មិនគួរធ្វើបែបនេះសោះ ដ្បិតបញ្ហានេះ ភាគីទាំងពីរក៏បានសម្របសម្រួលគ្នាហើយនោះ។
នៅថ្ងៃ២១ ធ្នូកន្លងទៅ រដ្ឋាភិបាលជប៉ុន បានប្រតិកម្មខ្លាំងទៅនឹងរដ្ឋាភិបាលក្រុងកូរ៉េខាងត្បូង បន្ទាប់ពីនាវាពិឃាតរបស់កូរ៉េខាងត្បូងមួយគ្រឿងបានបាញ់រ៉ាដាចំយន្តហោះល្បាតរបស់ជប៉ុន ដែលហេតុការណ៍នេះ ត្រូវបានរដ្ឋាភិបាលជប៉ុន ចាត់ទុកថា ជាសកម្មភាពបំពានមួយមកលើខ្លួន និងថែមទាំងអាចបង្កឲ្យមានការប្រឈមមុខលើសការពីរំពឹងទុកបាន។
ក្នុងថ្ងៃដដែលនោះ កូរ៉េខាងត្បូង ក៏បានចេញសេចក្តីថ្លែងការណ៍មួយជំទាស់ទៅនឹងការចោទប្រកាន់របស់ជប៉ុន និងបានបកស្រាយថា នាវាល្បាតរបស់កូរ៉េខាងត្បូង គ្មានចេតនាបាញ់សំដៅរ៉ាដារបស់ខ្លួនទៅលើយន្តហោះល្បាតរបស់ជប៉ុននោះទេ ពោលគឺ កងទ័ពកូរ៉េខាងត្បូង គ្រាន់តែចង់ផ្តល់សញ្ញាទំនាក់ទំនងទៅកាន់កងទ័ពជប៉ុនក្នុងចម្ងាយ១០០គីឡីម៉ែតពីគ្នាប៉ុណ្ណ៉ោះ។
កូរ៉េខាងត្បូង អះអាងថា នាវាល្បាតរបស់ខ្លួនបំពេញបេសកកម្មមនុស្សធម៌នោះទេ ហើយកូរ៉េខាងត្បូង ក៏បានធ្វើការជជែកសម្របសម្រួលជាមួយនឹងភាគីជប៉ុនដើម្បីបញ្ចប់ការភាន់ច្រលំគ្នារវាងប្រទេសទាំងពីរ និងស្វែងរកមធ្យោបាយដើម្បីពង្រឹងចំណងមិត្តភាពវិស័យកងទ័ពទាំងពីរផងដែរ។
ក៏ប៉ុន្តែតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ជប៉ុន នៅថ្ងៃ២៨ ធ្នូ បានចេញផ្សាយឃ្លីបវីដេអូមួយរយៈជាង១០នាទីស្តីពីហេតុការណ៍នោះ ដោយថែមទាំងបន្តចោទកូរ៉េខាងត្បូង ថា បានបំពានខ្លួនទៀតផង។ ការធ្វើបែបនេះ បានបង្កឲ្យភាគីកូរ៉េខាងត្បូង មានការខកចិត្តខ្លាំង និងមិនអាចទទួលបានឡើយ។
តាមប្រភពព័ត៌មានដដែល លោកស្រី Choi Hyun-soo អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីថា ជំហរកូរ៉េខាងត្បូងមិនមានការផ្លាស់ប្តូរអ្វីឡើយ ពោលគឺសកម្មភាពរបស់នាវាចម្បាំងកូរ៉េខាងត្បូងពេលនោះ គ្មានចេតនាប្រឆាំងទៅនឹងទាហានជប៉ុនឡើយ។ ខណៈសម្តែងការខកចិត្ត អ្នកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា វីដេអូឃ្លីបនេះ មិនអាចយកជាមូលដ្ឋានដើម្បីចោទប្រកាន់កូរ៉េខាងត្បូងបានឡើយ ផ្ទុយទៅវិញវាកាន់តែបង្កឲ្យមានការយល់ខុសពីគ្នានោះទេ។
អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមទៀតថា កូរ៉េខាងត្បូង ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រុងសេអ៊ូល និងក្រុងតូក្យូបន្តទៅមុខទៀត៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com