ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី ចក់ សុភាព​៖ ខ្ញុំ​ធ្វើការ​តាម​គោលដៅ​សិទ្ធិមនុស្ស ហើយ​គ្មាន​ចេតនា​ធ្វើ​អ្វីមួយ ដើម្បី​បាន​ពានរង្វាន់​នោះទេ​
31, Dec 2018 , 2:26 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ទើបតែ​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ពី​រដ្ឋាភិបាល​បារាំង​-​អាល្លឺម៉ង នៅក្នុង​ថ្ងៃ​អបអរ​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ កន្លងមក​។ មុននឹង​ប្រគល់​ពានរង្វាន់​នេះ រដ្ឋាភិបាល​បារាំង​-​អាល្លឺម៉ង់ បាន​តាមដាន​រាល់​សកម្មភាព​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​បំពេញការងារ​ក្នុង​កិច្ចការ​សង្គម​ទូទាំង​ពិភពលោក ដើម្បី​ពិនិត្យ​និង​វាយតម្លៃ ទើប​អាច​សម្រេច​ជ្រើសរើស​មនុស្ស​ចំនួន​១៥​នាក់ ដែល​សាក​សម​ទទួល​ពានរង្វាន់ នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

 
​លោកស្រី ចក់ សុភាព ដែល​ទទួលបាន​ពានរង្វាន់​នេះ បាន​យល់ឃើញថា ពានរង្វាន់​មួយ​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​មកលើ​អ្នកការពារ​សិទ្ធិមនុស្ស និង​កិច្ចការ​សង្គម​។ ដ្បិត​ត្រេកអរ​នឹង​ការទទួលបាន​ពានរង្វាន់​នេះ​ក្តី ប៉ុន្តែ​លោកស្រី ចក់ សុភាព ក៏បាន​ពន្យល់ថា ការបំពេញ​ការងារ​លើ​ផ្នែក​សិទ្ធិមនុស្ស​នេះ មិនមែន​លោកស្រី​សម្លឹង​មើលទៅ​ពានរង្វាន់​នោះទេ ពោលគឺ​ខ្លួន​គ្រាន់តែ​ធ្វើ​អ្វី​ឲ្យ​ស្របតាម​បេសកកម្ម និង​ភារកិច្ច​ប៉ុណ្ណោះ​។​
 
​សូម​លោក​- អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដូច​ទៅ​៖




 
​កន្លងមក​ស្ថានទូត​បារាំង បាន​លើកឡើងថា អ្នកស្រី ចក់ សុភាព ក៏​ជា​ជន​ដ៏​សកម្ម​ក្នុង​បណ្តាញ​សង្គម និង​ដែល​ក្រោកឈរឡើង​ដើម្បី​សិទ្ធិមនុស្ស ហើយ​អង្គ​ការដែល​គាត់​កំពុង​ដឹកនាំ​បាន​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង សេរីភាព​មូលដ្ឋាន ជាពិសេស​ការលើកកម្ពស់ សហគមន៍ ដូចជា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រុម​ជនជាតិភាគតិច យុវជន ស្ត្រី និង​ក្រុម LGBTIQ+ ។​
 
​នៅ​ឆ្នាំ​២០១៨​នេះ អ្នកស្រី ចក់ សុភាព ស្ថិតក្នុង​ចំណោម​សកម្មជន​១៥​រូប​ទូទាំង​ពិភពលោក ដែល​ទទួលបាន​ពានរង្វាន់ Prix Franco-Allemand des droits de l’Homme et de l’Etat de droit (Franco-German Prize for Human Rights and the Rule of Law)​។ ពានរង្វាន់​នេះ ត្រូវបាន​ប្រកាស​រួមគ្នា​ដោយ​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​បារាំង​ទទួល​កិច្ចការ​អឺរ៉ុប និង​ការបរទេស រួមជាមួយ​សម​ភាគី​អាល្លឺម៉ង់ លោក Heiko Mass​។ 
 
​ជ័យលាភី​ផ្សេងទៀត​រួមមាន Vuyiseka Dubula-Majola (​អាហ្វ្រិក​), Yu Wensheng (​ចិន​), Aminata Traoré (​កូត​ឌី​វ័រ​), Mohamed Lotfy (​អេ​ហ្ស៊ី​ប​), Alfredo Okenve (​ហ្គី​ណេ​អេក្វាទ័រ​), Nityanand Jayaraman (​ឥណ្ឌា​), Hessen Sayah Corban (​លី​បង់​), Mekfoula Mint Brahim (​ម៉ូ​រីតា​នី​), Liz Chicaje Churay (​ប៉េ​រូ​), Oyub Titiev (​រុស្ស៊ី​), Anwar al-Bunni (​ស៊ី​រី​), Daoud Nassar (​ប៉ា​ឡេ​ស្ទី​ន​), Sirikan Charoensiri (​ថៃ​) និង Susana Raffalli Arismendi (​វេ​ណេ​ស៊ុយ​អេ​ឡា​)​។​
 
​កាលពី​ឆ្នាំ​២០១៦ លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ស្ថិតក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ចំនួន​១៥​នាក់ ដែល​ទទួលបាន​ពាន​ដូចគ្នានេះ នា​ពិធី​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង  ប្រទេស​អាល្លឺម៉ង់​។​
 
​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​តស៊ូរ និង​បរិច្ចាគ​ពេលវេលា​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក​៕

Tag:
 ចក់ សុភាព​
  សិទ្ធិមនុស្ស​
  បារាំង​
 ​អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com