ភ្នំពេញ៖ ក្នុងចំណោមនិស្សិតកម្ពុជាជាង១,៦សែននាក់ ដែលសិក្សាកម្រិតថ្នាក់បរិញ្ញបត្រ ក្នុងឆ្នាំ២០១៧-២០១៨ មាននិស្សិតជិត៥ពាន់នាក់ រៀនជំនាញកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ។
របាយការណ៍ បានបង្ហាញថា ចំនួននិស្សិត ដែលរៀនកម្រិតបរិញ្ញាបត្រក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣-២០១៤ ដល់២០១៧-២០១៨ មានជិត២ម៉ឺននាក់។ ក្នុងនោះមាន៖
ឆ្នាំសិក្សា២០១៣-២០១៤ មានជាង២៣០០នាក់ (ស្រីជាង៦០៣នាក់)។
ឆ្នាំសិក្សា២០១៤-២០១៥ មានជិត២ពាន់នាក់ (ស្រី៧៧១នាក់)។
ឆ្នាំសិក្សា២០១៥-២០១៦ មានជាង៤ពាន់នាក់ (ស្រីជាង១ពាន់នាក់)។
ឆ្នាំសិក្សា២០១៦-២០១៧ មានជាង៥,៥ពាន់នាក់ (ស្រីជាង២ពាន់នាក)។
ឆ្នាំសិក្សា២០១៤-២០១៥ មានជិត៥ពាន់នាក់ (ស្រីជាង១,៦ពាន់នាក់)។
ដោយឡែក របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា មាននិស្សិតជាង៣ពាន់នាក់ ក្នុងនោះស្ត្រីជាង១ពាន់នាក់ ដែលរៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំសិក្សា២០១៧-២០១៨។ ចំនួននេះ បានចែកចេញជា១០មហាវិទ្យាល័យ ដែលមានកម្រិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ចំណែក សាលាកសិកម្មនៅព្រែកលៀបវិញ មាននិស្សិតជាង៨០០នាក់ ក្នុងនោះមានស្ត្រីជាង៣០០នាក់ សិក្សាលើផ្នែកជលផល, ព្រៃឈើ, វិទ្យាសាស្ត្រ និងវេជ្ជាសាស្ត្រសត្វ, សាកវប្បកម្ម, ផ្សព្វផ្សាយនិងអភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ច និងគ្រប់គ្រងកសិកម្ម, កសិ-ឧស្សាហកម្ម និងសុរិយោដី និងមាននិស្សិត៥៨៧នាក់ ស្ត្រី ២៦១នាក់ នៅរៀនសាលាជាតិកសិកម្មកំពង់ចាម៕