រថយន្ត
អន្តរជាតិ
រថយន្ត​ប្រណីត Hypercar តម្លៃ​ពី​ជាង​២​លាន​ទៅ​៣​លាន​ដុល្លារ​ត្រៀម​បង្អួតរាង​នៅ​ឆ្នាំ​២០១៩
31, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​យ៉ាង​ណាស់​ក្រុមហ៊ុន​ផលិត​យានយន្ត​ចំនួន​៤​នៅលើ​ពិភពលោក បានប្រកាស​ពី​វត្តមាន​រថយន្ត​ម៉ូ​ដែល​ដ៏​ប្រណីត (Hypercar) ដ៏​ប្រណីត​របស់ខ្លួន សម្រាប់​ឆ្នាំ​២០១៩ ។

 
​យោងតាម​ការផ្សាយ​រប​ស់ msn.com រថយន្ត​ទាំងនោះ រួមមាន Aston Martin Valkyrie, McLaren Speedtail, Mercedes-AMG Project One និង Lamborghini LB48H​។​
 
១. Aston Martin Valkyrie
​ព័ត៌មាន​ទាក់ទង​នឹង Aston Martin Valkyrie បាន​លេចឮ​ឡើង​តាំងពី​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ដំឡើង​ថាមពល​ម៉ាស៊ីន ដែលមាន​កម្លាំងរ​ង្វិ​ល​ជុំ​១១ ០០០ PRM (Revolution per Minute) និង​រត់​បាន​ល្បឿន​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ របាយការណ៍​បង្ហាញថា រថយន្ត​នេះ​មានតម្លៃ​ប្រមាណ ៣,២​លាន​ដុល្លារ​អាមេរិក​។​


 
២. McLaren Speedtail
​រថយន្ត​មានតម្លៃ​ក្នុង​រង្វង់ ២,៤​លាន​ដុល្លារ​អាមេរិក​។ ការ​រចនា​លើ Speedtail គឺ​ដើម្បី​ជំនួស​ឲ្យ​ម៉ូ​ដែល McLaren P1 តាមរយៈ​ការដំឡើង​កម្លាំង​សេះ​ពី​៩០៣ hp ទៅ​១០៣៥ hp​។ វា​អាច​រត់​បាន​ល្បឿន​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ផងដែរ ដោយ​ក្រុមហ៊ុន​គ្រោង​បង្ហាញ​នៅ​ឆ្នាំ​២០១៩ ឬ​អាច​ឈានដល់​ឆ្នាំ​២០២០​។​


 
៣. Mercedes-AMG Project One
​នា​ព្រឹត្តិការណ៍ International Motor Show ឆ្នាំ​២០១៧​នៅ​ប្រទេស​អាល្លឺម៉ង់ Mecedes-AMG Project One បានធ្វើ​ឲ្យ​គេ​ចាំ​ទុក​ក្នុង​ចិត្ត​។ រថយន្ត​ប្រភេទ​កូនកាត់​នេះ ត្រូវបាន​រាយការណ៍​ថា នឹង​ដាក់លក់​ក្នុងតម្លៃ​ប្រមាណ​២,៧២​លាន​ដុល្លារ​អាមេរិក ដោយមាន​កម្លាំង​សេះ​ជាង​១០០០ hp និង​រត់​បាន​ល្បឿន​ប្រមាណ​៣៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​


 
៤. Lamborghini LB48H
​ថ្វី​ត្បិត​ក្រុមហ៊ុន​មិនទាន់​ប្រកាស​ដាក់លក់​ក៏ដោយ តែ​គេ​រំពឹងថា ម៉ូ​ដែល LB48H នេះ មានតម្លៃ​ប្រមាណ​២,៥​លាន​ដុល្លារ​អាមេរិក ហើយនឹង​បង្ហាញ​វត្តមាន​នៅលើ​ផ្លូវថ្នល់​នា​ឆ្នាំ​២០១៩​។ អ្វីដែល​អ្នកជំនាញ​ខាង​រថយន្ត​បានដឹង​នោះ Lamborghini LB48H ជា​ប្រភេទ​រថយន្ត​កូនកាត់ V12 ដ៏​ប្រណីត​៕
 



© រក្សាសិទ្ធិដោយ thmeythmey.com