កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
កីឡាករ​ប្រណាំង F1 ៥​រូប​ដែល​ជោគជ័យ និង​លេចធ្លោ​ជាងគេ​នៅ​ឆ្នាំ​២០១៨
31, Dec 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ការប្រកួត​កីឡា​ប្រណាំង​រថយន្ត Formula One ឬ​កាំជ្រួច​លើ​វាលរាប ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​លើ​ពិភពលោក ដោយ Lewis Hamilton ជា​កីឡាករ​ដែល​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​បំផុត​នៅ​ឆ្នាំ​២០១៨​។ ក្រៅពី​កីឡាករ​អង់គ្លេស​រូបនេះ សារព័ត៌មាន​កីឡា ESPN បានបង្ហាញ​ពី​កីឡាករ​លេចធ្លោ​៤​រូប​ទៀត​ប្រចាំឆ្នាំ បើទោះបីជា​ពួកគេ​មិនបាន​ដណ្តើម​ជើងឯក​ក៏ដោយ ប៉ុន្តែ​ពួកគេ​មាន​សមត្ថភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​កីឡាករ​វ័យក្មេង​។

 
​កីឡាករ​ទាំងនោះ រួមមាន​៖
 
១. LEWIS HAMILTON
​សមត្ថភាព​របស់ Hamilton នៅ​ឆ្នាំនេះ មិនមែន​ត្រឹម​ល្អឥតខ្ចោះ​ប្រចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​លទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​អាជីព​១២​ឆ្នាំ​របស់គេ​ក្នុង F1​។ ការនាំ​មុខ​១១​លើក​ពី​ការប្រកួត​២១​លើក ធ្វើ​ឲ្យ​កីឡាករ​អង់គ្លេស​ដែល​បើក​ឲ្យ Mercedes រូបនេះ ឈ្នះ​ជើងឯក F1 ជា​លើក​ទី​៥ ដែលមាន​កំណត់ត្រា​ស្មើ​វីរបុរស​អា​ហ្ស​ង់​ទីន Juan Manuel Fangio និង​តាម​ពីក្រោយ​វីរបុរស​អាល្លឺម៉ង់ Michael Schumacher ដែល​ឈ្នះ​៧​លើក​។ 


 
២. MAX VERSTAPPEN
​កីឡាករ​ហូ​ឡង់​ដែល​បើកបរ​ឲ្យ Red Bull រូបនេះ បញ្ចប់​ទី​លឿន​ជាងគេ​បំផុត​នា​ព្រឹត្តិការណ៍​ដំបូង​នៅ Sao Paulo​។ វ័យ​ត្រឹម​២១​ឆ្នាំ​ប៉ុណ្ណោះ Verstappen បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​ទៅ​ដល់ទី​មុនគេ​នា​ការប្រកួត​ក្នុងប្រទេស​អូទ្រីស និង​ម៉ិ​ក​ស៊ិ​ក ថែម​ទៀតផង​។​


 
៣. CHARLES LECLERC
​ទោះបី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១៣​ពិភពលោក​ក៏ដោយ ប៉ុន្តែ​កីឡាករ​ម៉ូ​ណា​កូ​វ័យ​២១​ឆ្នាំ​នៃ​ក្រុម Sauber-Ferrari រូបនេះ បង្ហាញ​នូវ​សមត្ថភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​កីឡាករ​ក្មេងៗ​។ Leclerc បានបញ្ចប់​ចំណាត់ថ្នាក់ Top 10 ចំនួន​១០​លើក​ក្នុងចំណោម​ការប្រកួត​២១​លើក ហើយ​លទ្ធផល​ដែល​ល្អ​បំផុត​គឺ​ចំណាត់ថ្នាក់​លេខ​៦​នៅ​ក្រុង​បា​គូ ប្រទេស​អា​សែ​បៃ​ហ្ស​ង់​។​


 
៤. DANIEL RICCIARDO
​កីឡាករ​អូស្ត្រាលី​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវ​ចូលរួម​ក្នុង​ក្រុម Renault នៅ​ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្រុម Red Bull ជាមួយ Verstappen​។ ជ័យជម្នះ​នៅ​ចិន និង​ម៉ូ​ណា​កូ រួមទាំង​ការបញ្ចប់​ចំណាត់ថ្នាក់​ល្អប្រសើរ​នៅ​ប្រទេស​ផ្សេងទៀត នាំ​ឲ្យ Ricciardo ទទួលបាន​លេខ​៦​លំដាប់​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ ។​


 
៥. Fernando Alonso៖ 
​ទោះបី​មិន​លេចធ្លោរ​ខ្លាំង ប៉ុន្តែ​កីឡាករ​ជើងចាស់​អេ​ស្ប៉ា​ញ​វ័យ​៣៧​ឆ្នាំ រូបនេះ នៅតែ​ជា​កីឡាករ​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍ F1 ជាមួយ​ក្រុម McLaren​។ Alonso ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១១​នៅ​ឆ្នាំ​២០១៨​។ ទោះបី​ប្រកាស​ចូលនិវត្តន៍​ពី​ព្រឹត្តិការណ៍​ជាច្រើន​ក៏ដោយ តែ Alonso នៅតែ​បន្ត​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ Toyota Gazoo Racing៕


 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com