ជាតិ
សង្គមអន្តរជាតិ​
២៥ខេត្ត/រាជធានី
កសិករ​ឡាវ​ដាំ​កាហ្វេ​បែ​បក​សិ​-​រុក្ខកម្ម បង្កើន​ជីវជាតិ​ដី និង​ទិន្នផល​កាន់តែច្រើន​
01, Jan 2019 , 2:19 pm        
រូបភាព
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ ការដាំ​ដំណាំ​តាមបែប​«​ក​សិ​-​រុក្ខកម្ម​» គឺជា​ការដាំដុះ​ដែលមាន​ដំណាំ​ចម្រុះ​ទាំង​ឈើ​ហូប​ផ្លែ​, បន្លែ និង​ដំណាំ​គម្រប​ដី នៅក្នុង​ចម្ការ​តែមួយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ប្រទេស​ឡាវ លោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​អង្គការ​សេ​ដាក បាន​បញ្ជាក់ថា ការដាំដុះ​បែប​«​ក​សិ​-​រុក្ខកម្ម​» នេះ បានផ្ដល់​ជីវជាតិ​ដល់​ដី និង​ដំណាំ​បានល្អ និង​ទទួលបាន​ទិន្នផល​ច្រើន​។​



​ការដាំ​ដំណាំ​ត្រូវការ​បច្ចេកទេស រួមផ្សំ​នឹង​ការថែទាំ ទើប​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បានល្អ​។ ម្យ៉ាងវិញទៀត សម្រាប់​ដំណាំ​កាហ្វេ និង​ដំណាំ​មួយចំនួនទៀត ក្រៅពី​ប្រើប្រាស់​ជីធម្មជាតិ​ដែល​ជួយ​គុណភាព​ដី​រួចហើយ ប្រជាកសិករ​គួរស្វែងយល់​ពី​ការដាំដុះ​ដំណាំ​ចម្រុះ​«​ក​សិ​-​រុក្ខកម្ម​»​។ បើតាម​លោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​អង្គការ​សេ​ដាក ពាក្យ​«​ក​សិ​-​រុក្ខកម្ម​» បានន័យថា ក្រៅពី​ដាំ​កសិផល​ជា​ដំណាំ​ហើយ កសិករ​មាន​ដាំ​ជាដើម​ឈើ​, ដំណាំ​គម្រប​ដី​, បន្លែ ដែល​ផ្ដល់​ជា​ម្លប់ និង​ជា​ជី​ដល់​ដាំ​ដំណាំ រួមទាំង​ជួយ​បង្កើន​ជីវ​ដល់​ដី​នោះ​ផងដែរ​។​

សំឡេងលោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​អង្គការ​សេ​ដាក ពន្យល់ពីពាក្យកសិ-រុក្ខកម្ម៖


  
 


(លោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​អង្គការ​សេ​ដាក)

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមការងារ​អង្គការ​សេ​ដាក​ទៅកាន់​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​កាលពី​ថ្ងៃទី​២៦-២៩​ធ្នូ​កន្លងទៅ ក្រុមការងារ​សេ​ដាក​, តំណាង​ហាង​កាហ្វេ​សរីរាង្គ​, អ្នក​ផលិត​កសិផល​សរីរាង្គ និង​អ្នកសារព័ត៌មាន បាន​ទស្សនា​នៅក្នុង​ចម្ការ​កាហ្វេ​របស់​កសិក​រ សំ​ប៊ុន សាយ​បរ​កែវ​។ ក្នុង​ចម្ការ​កាហ្វេ​ដែលមាន​ផ្ទៃដី​ប្រមាណ​៣​ហិកតា​របស់​កសិករ​ឡាវ​រូបនេះ បាន​ដំណាំ​កាហ្វេ​ប្រភេទ Arabica ប៉ុន្តែ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​ពី​ក្រុម​អ្នកជំនាញ​កសិកម្ម គឺ​ការដាំដុះ​បែ​បក​សិ​-​រុក្ខកម្ម​។​


 
​លោក សំ​ប៊ុន សាយ​បរ​កែវ កសិករ​ជនជាតិ​ឡាវ​ដាំ​កាហ្វេ Arabica បាន​លើកឡើងថា ការដាំ​បន្លែ ដើមឈើ​ធំៗ និង​ដំណាំ​គម្រប​ដី​បែបនេះ វា​ជួយ​ដល់​គុណភាព​ដី ជាពិសេស​ដំណាំ​កាហ្វេ​ដែល​ត្រូវការ​ម្លប់​។ កសិករ​ជនជាតិ​ឡាវ​រូបនេះ ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី​អ្នកជំនាញ​កសិកម្ម​ណែនាំ​លោក​ឲ្យ​ប្រើប្រាស់​វិធី​ដាំ​ដំណាំ​បែ​បក​សិ​-​រុក្ខកម្ម​។ លោក សំ​ប៊ុន សាយ​បរ​កែវ បន្តថា ការដាំ​ដំណាំ​កាហ្វេ​បែបនេះ បានធ្វើ​ឲ្យ​កាហ្វេ​របស់លោក​ទទួលបាន​ផល​ល្អ ម្យ៉ាងទៀត​ដំណាំ​ដែល​ដាំ​សម្រាប់​ផ្ដល់​ជីវជាតិ​ដល់​ដី ក៏​អាច​ប្រមូល​ផល​បានដែរ​។​


 
​ក្នុង​ចម្ការ​កាហ្វេ​របស់​កសិក​រ​ជនជាតិ​ឡាវ សំ​ប៊ុន សាយ​បរ​កែវ ក្រៅពី​ដាំ​ដំណាំ​កាហ្វេ គឺមាន​ដំណាំ​ហូប​ផ្លែ បន្លែ និង​ដំណាំ​គម្រប​ដី​ជាច្រើន​។ ដំណាំ​គម្រប​ដី​នៅក្នុង​ចម្ការ​កាហ្វេ​លោក សាយ​បរ​កែវ រួមមាន ពោត​, សណ្ដែកបារាំង​, សណ្ដែកខៀវ​, ក្រូចថ្លុង និង​ដំណាំ​ជាច្រើន​ទៀត​៕

អត្ថបទទាក់ទង
 


 

© រក្សាសិទ្ធិដោយ thmeythmey.com