ជាតិ
ខ្មែរ​៤​រូប​ ទទួលបាន​ពានរង្វាន់​​អន្តរជាតិ​នៅ​ឆ្នាំ​២០១៨!
01, Jan 2019 , 6:24 pm        
រូបភាព
ពីឆ្វេង៖ លោក ហ៊ុន ម៉ានី លោក ឆាំង យុ លោកស្រី ភឿង សកុណា និង​អ្នកស្រី ចក់ សុភាព
ពីឆ្វេង៖ លោក ហ៊ុន ម៉ានី លោក ឆាំង យុ លោកស្រី ភឿង សកុណា និង​អ្នកស្រី ចក់ សុភាព
​លោក ហ៊ុន ម៉ា​នី លោក ឆាំង យុ លោកស្រី ភឿង ស​កុ​ណា និង​អ្នកស្រី ចក់ សុភាព សុទ្ធតែ​ទទួលបាន​រង្វាន់​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៨​កន្លងមក ចំពោះ​កិច្ចប្រឹងប្រែង​លើ​វិស័យ​ជំនាញ​រៀងៗ​ខ្លួន​។ លោក ហ៊ុន ម៉ា​នី ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា ទទួលស្គាល់​ចំពោះ​ការលើកកម្ពស់​សកម្មភាព​យុវជន​ក្នុងសង្គម រីឯ​បេសកកម្ម​មិនចេះ​នឿយហត់​ក្នុងការ​ចងក្រង និង​រក្សាទុក​ឯកសារ​ខ្មែរក្រហម​របស់លោក ឆាំង យុ នាំ​ឲ្យ​លោក​បាន​ពានរង្វាន់​អន្តរជាតិ​របស់​ហ្វីលីពីន​។ ជាមួយគ្នានេះ អ្នកជំនាញ​អ៊ីតាលី បាន​មើលឃើញ​ពី​ការខិតខំ​ថែរក្សា​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​របស់លោក​ស្រី​ភឿង ស​កុ​ណា ខណៈដែល​សកម្មភាព​ក្នុងការ​ចូលរួម​លើកកម្ពស់​សិទ្ធិមនុស្សរ​បស់​អ្នកស្រី ចក់ សុភាព ត្រូវបាន​កត់សម្គាល់​ជា​វិជ្ជមាន​ដោយ​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់​។​

 
 
​លោក ហ៊ុន ម៉ា​នី  តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ស្ថិតក្នុង​ចំណោម​ឥស្សរជន​៨៥​រូប​ដែល​បានឈ្នះ​ពានរង្វាន់ ឬ​គ្រឿង​ឥស្សរិយយស Padma Shri Award​។ 
 
Padma Awards ជា​គ្រឿង​ឥស្សរិយ​ស​ដ៏​មាន​កិត្យានុភាព​មួយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ទៅ​ឥស្សរជន​ឆ្នើម​ក្នុង​បេសកកម្ម​បម្រើ​ជន​ស៊ីវិល​នៅ​ផ្នែក​ផ្សេងៗ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។ ជ័យលាភី​ទាំងអស់​សុទ្ធតែជា​អ្នក​ដែល​បាន​បំពេញបេសកកម្ម​គួរ​ឲ្យ​កត់សម្គាល់​ទៅតាម​ជំនាញ​របស់ខ្លួន ក្នុងនោះ​មានដូចជា​សិល្បៈ អក្សរសាស្ត្រ អប់រំ កីឡា វេជ្ជសាស្ត្រ ការងារ​សង្គម វិទ្យាសាស្ត្រ វិស្វកម្ម កិច្ចការ​សាធារណៈ សេវាកម្ម​ស៊ីវិល ជំនួញ និង​ឧស្សាហកម្ម​។ 
 



លោក ហ៊ុន ម៉ា​នី ស្ថិតក្នុង​ចំណោម​ជា​ជ័យលាភី​១៥​នាក់​ដែលជា​ជនបរទេស ដោយ​លោក​ទទួលបាន​ពាន Padma Shri Award ផ្នែក​កិច្ចការ​សាធារណៈ ដូច​លោក Thant Myint (​មី​យ៉ាន់​ម៉ា​) លោក Alexander Kadakin (​រុស្ស៊ី​) លោក Tommy Koh (​សិង្ហ​បុរី​) និង Bhabani Charan Pattanaik (​ឥណ្ឌា​)​។ តំណាង​យុវជន​ខ្មែរ​រូបនេះ ទទួលបាន​ពីរ​ង្វាន់​ដោយផ្ទាល់​ដៃ​ពី​លោក​ប្រធានាធិបតី​ឥណ្ឌា Ram Nath Kovind កាលពី​ថ្ងៃទី​២ ខែមេសា​។​
 
លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទទួលបាន​ពានរង្វាន់ Ramon Magsaysay Award ពី​ហ្វីលីពីន កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ។ លោក​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជ័យលាភី​៦​នាក់​សម្រាប់​ពានរង្វាន់​មួយ​នេះ​ដែល​ត្រូវបាន​ប្រដូច​ថា​ជា​ពានរង្វាន់​ណូបែល​អាស៊ី​។​
 
​ពានរង្វាន់​នេះ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៥៨​មក ដោយ​យកតាម​ឈ្មោះ​ប្រធានាធិបតី​ទី​៧​របស់​ហ្វីលីពីន លោក Ramon Magsaysay ដើម្បី​ចូលរួម​លើកកម្ពស់​អ្នកមាន​ថ្វីដៃ​ក្នុង​រួមចំណែក​ផ្តល់​សេវាកម្ម​រដ្ឋាភិបាល សេវាកម្ម​សាធារណៈ ភាពជា​អ្នកដឹកនាំ​សហគមន៍ សារព័ត៌មាន សិល្បៈ និង​បេសកកម្ម​ផ្សេងៗ​ក្នុង​កិច្ចពង្រឹង​សន្តិភាព​។​


 
​លោក ឆាំង យុ ទទួលបាន​ពានរង្វាន់​នេះ ដោយសារតែ​គណៈកម្មាកា​រ​វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក ក្នុងការ​រក្សា​ការចងចាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ក៏ដូចជា​ភាពជា​អ្នកដឹកនាំ និង​ចក្ខុវិស័យ​របស់លោក ក្នុងការ​ស្វែងរក​យុត្តិធម៌​។ ជ័យលាភី​៥​រូប​ទៀត​រួមមាន លោកស្រី Maria Lourdes Martins Cruz (​ទី​ម័​រ​ខាងកើត​) លោក Howard Dee (​ហ្វីលីពីន​) លោក Bharat Vatwani (​ឥណ្ឌា​) លោកស្រី Vo Thi Hoang Yen (​វៀតណាម​) និង លោក Sonam Wangchuk (​ឥណ្ឌា​)​។​
 
​ជនជាតិខ្មែរ​ដែល​ធ្លាប់​ទទួលបាន​ពាន Ramon Magsaysay Award កន្លងមក​រួមមាន អ្នកស្រី អ៊ុង ចាន់ថុល (​ឆ្នាំ​២០០១) អ្នកស្រី នួន ផល្លី (​ឆ្នាំ​១៩៩៨) លោក ឯក ស៊ុន​ចាន់ (​ឆ្នាំ​២០០៦) លោក គល់ បញ្ញា (​ឆ្នាំ​២០១១) និង​លោក យ៉ង សាំង​កុមារ (​ឆ្នាំ​២០១២)  ៕
 
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ពានរង្វាន់​បុរាណវិទ្យា​ប៉ា​ស្ទូ​ម ឆ្នាំ​២០១៨ (Paestum Archaeology Award) នៅ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
Paestum Archaeology Award ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដើម្បី​ផ្តល់ជូន​បុគ្គល​ដែល​រួមចំណែក​ក្នុងការ​ថែរក្សា​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ការលើកកម្ពស់​ទេសចរណ៍​ទៅកាន់​តំបន់​បុរាណវិទ្យា​។ 
 


នៅ​ឆ្នាំ​២០១៨​នេះ លោកស្រី ភឿង ស​កុ​ណា ស្ថិតក្នុង​ចំណោម​ជ័យលាភី​ឆ្នើម​ចំនួន​៣​នាក់ ដែល​ក្នុងនោះ​មាន លោកស្រី Irina Bokova អតីត​អគ្គនាយិកា​អង្គការ​យូណេស្កូ និង​លោក Paolo Verri អគ្គនាយក​មូលនិធិ Matera-Basilicata 2019 ។​
 
​អ្នកស្រី ចក់ សុភាព  នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ បារាំង​-​អាល្លឺម៉ង់ (Prix Franco-Allemand des droits de l’Homme et de l’Etat de droit) ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៨ ដោយសារ​ការចូលរួម​យ៉ាងសកម្ម ក្នុងការ​ការពារ​សក​ម្ម​ជន​សិទ្ធិមនុស្ស ព្រមទាំង​ការតស៊ូ​មតិ ដើម្បី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល​។ 
 


នៅ​ឆ្នាំ​២០១៨​នេះ អ្នកស្រី ចក់ សុភាព ស្ថិតក្នុង​ចំណោម​សកម្មជន​ជា​ជ័យលាភី​១៥​រូប​ទូទាំង​ពិភពលោក​។ ពានរង្វាន់​នេះ ត្រូវបាន​ប្រកាស​រួមគ្នា​ដោយ​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​បារាំង​ទទួល​កិច្ចការ​អឺរ៉ុប និង​ការបរទេស រួមជាមួយ​សម​ភាគី​អាល្លឺម៉ង់ លោក Heiko Mass​។ 
 
កាលពី​ឆ្នាំ​២០១៦ លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ស្ថិតក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ចំនួន​១៥​នាក់ ដែល​ទទួលបាន​ពាន​ដូចគ្នានេះ នា​ពិធី​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង  ប្រទេស​អាល្លឺម៉ង់​។​
 
​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​តស៊ូរ និង​បរិច្ចាគ​ពេលវេលា​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com