ជាតិ
សង្គមជាតិ
ភរិយាផលិតករភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ»បន្តរកអន្តរាគមន៍ពីស្ថានទូតរុស្សី
× ភរិយាលោក រ៉ាត់ រត្នមុនី និងសកម្មជនប្រមាណ១០ នាក់ បានជួបជុំគ្នាជាថ្មីម្ដងទៀតនៅមុខស្ថានទូតរុស្សីប្រចាំនៅកម្ពុជា ដើម្បីសុំឲ្យស្ថានទូតមួយនេះអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្វាមីរបស់អ្នកស្រី។
លោក រត្នមុនី ដែលបានផលិតវីដេអូឯកសារមួយជាមួយក្រុមការងារនៃទូរទស្សន៍រុស្ស៊ី RT ដោយដាក់ចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» ត្រូវបានតុលាការកម្ពុជាសម្រេចឃុំខ្លួន។
អ្នកស្រី ឡុង គឹមហ៊ាង ជាភរិយា ដែលកំពុងកាន់បដាទាមទារក្នុងដៃ ជាមួយនឹងសម្រែក ដោះលែងលោករត្នមុនី បានឲ្យដឹងថាអ្នកស្រីមកជាលើកទី២នេះដើម្បីតាមដានញ្ញត្តិរបស់អ្នកស្រីដែលត្រូវបានផ្ញើទៅកាន់ស្ថានទូតរុស្ស៊ីតាមរយៈសារអេឡិចត្រូនិក និង Twitter កាលពីពេលថ្មីនេះ។ អ្នកស្រីបានអំពាវនាវឲ្យស្ថានទូតរុស្ស៊ីជួយស្វាមីអ្នកស្រីឲ្យមានសេរីភាពវិញ។ ដែលស្នើឲ្យទូតជួយអន្តរាគមន៍ឲ្យមានការដោះលែងប្តីរបស់អ្នកស្រី។ អ្នកស្រីក៏បានឲ្យដឹងថាខាងទូរទស្សន៍រុស្ស៊ី RT ក៏បានដាក់ញ្ញត្តិទៅរដ្ឋាភិបាលរុស្ស៊ីនៅទីក្រុងម៉ូស្គូ។
អ្នកស្រីនិយាយថា៖« ពួកខ្ញុំមកនេះដើម្បីតាមដានញ្ញត្តិទាំងអស់នោះ ហើយក៏ស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីធ្វើអន្តរាគមន៍តាមការស្នើសុំរបស់ពួកខ្ញុំ និងតាមការស្នើរសុំរបស់កាសែត RT ដើម្បីទាមទារឲ្យមានការដោះលែងប្តីខ្ញុំចេញពីពន្ធនាគារ។ ប៉ុន្តែខ្ញុំមិនបានដឹងខ្លឹមសារញ្ញត្តិរបស់ការសែត RT ទេ គ្រាន់តែដឹងថាគេបានដាក់ញត្តិទៅរដ្ឋាភិបាលរុស្ស៊ីរួចរាល់ហើយ»។
អ្នកស្រីបានអះអាងថា អ្នកស្រីនឹងទាមទារនៅមុខស្ថានទូតរុស្ស៊ី រហូតមានការឆ្លើយតប។ អ្នកស្រី ក៏ស្នើឲ្យរដ្ឋបាភិបាលកម្ពុជា និងតុលាការ កោះហៅតំណាងទូរទស្សន៍ RT មកសួរដោយផ្ទាល់ដើម្បីរកការពិត ដោយមិនត្រូវចាប់ស្វាមីរបស់អ្នកស្រី តែម្នាក់នោះទេ។ អ្នកស្រីបារម្ភខ្លាំងពីសុខភាពប្តីរបស់អ្នកស្រីដោយលោកមានសភាពស្គមជាងមុន និងកំពុងមានជំងឺ ក្រោយអ្នកស្រីចូលសួរសុខទុក្ខកាលពីពេលថ្មីៗនេះ។
ក្រោយភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» ចេញផ្សាយជាសាធារណៈក្នុងខែតុលា ដោយទូរទស្សន៍ RT អាជ្ញាធរខ្មែរ អះអាងថា ភាពយន្តឯកសារនេះ ដែលនិយាយពីការជួញដូរផ្លូវភេទ គឺជារឿងប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា។ លោក រ៉ាត់ រត្នមុនី កំពុងជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស៕
Tag:
«ម្តាយខ្ញុំ លក់ខ្ញុំ»
ស្ថានទូតរុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com