ជាតិ
វេទិកា​ពិភពលោក ជំរុញឱ្យមាន​ការយក​ចិត្ត​ទុកដាក់​លើ​សុខភាព​មាតា ទារក និង​កុមារ​
02, Jan 2019 , 7:59 pm        
រូបភាព
វាគ្មិន​ដែល​ជា​អ្នកជំនាញ និង​មន្រ្តី​រដ្ឋាភិបាល​ កំពុង​ជជែក​ពិភាក្សា​លើ​ប្រធានបទស្តីពី «ការ​​វិភាគសកម្មភាពរួមគ្នាដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ» ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)
វាគ្មិន​ដែល​ជា​អ្នកជំនាញ និង​មន្រ្តី​រដ្ឋាភិបាល​ កំពុង​ជជែក​ពិភាក្សា​លើ​ប្រធានបទស្តីពី «ការ​​វិភាគសកម្មភាពរួមគ្នាដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ» ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវ​ដេលី ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០១៨។ (កាន់⁠ វិច្ឆិកា/VOA)
ដោយ: VOA
​ទីក្រុង ញូ​វ​ដេលី ឥណ្ឌា ៖ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា និង​អង្គការ​ដៃគូ​សំខាន់ៗ បានរៀបចំ​វេទិកា​ភាពជា​ដៃគូ​ស្តីអំពី​សុខភាព​មាតា ទារក និង​កុមារ (PMNCH) លើក​ទី​៤ មាន​ចំនួន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២-១៣ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាជាង​១,៥០០​នាក់ មកពី​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។ វេទិកា​នេះ មាន​កិច្ចពិភាក្សា​សំខាន់ៗ​ចំនួន​បួន ដែល​ផ្តោតលើ​ការដឹកនាំ​នយោបាយ សកម្មភាព​ពហុ​វិស័យ គណនេយ្យភាព និង​អំណាច​នៃ​ភាពជា​ដៃគូ​។​



 
​វេទិកា​ភាពជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា ទារក និង​កុមារ (PMNCH) ដែល​ធ្វើឡើង​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨ មាន​អ្នកចូលរួម​ប្រមាណ​ជា​១,៥០០​នាក់​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​រួមមាន​មន្ត្រី​រដ្ឋាភិបាល អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល សាស្ត្រាចារ្យ អ្នកជំនាញ និង​យុវជន​ជាដើម​។ អ្នកចូលរួម​ទាំងអស់​បាន​ពិភាក្សា ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ដោយបាន​ប្រមូល​នូវ​សន្ទុះ​នយោបាយ​កាន់តែខ្លាំង ដែលជា​របៀបវារៈ​នៃ​ផ្លាស់ប្តូរ ក្នុង​ការជួយ​ឲ្យ​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​សកល ដែលជា​ទិសដៅ​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​
 
​វេទិកា​ភាពជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា ទារក និង​កុមារ (PMNCH) លើក​ទី​៤ ដែល​រៀបចំ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​រដ្ឋាភិបាល​ឥណ្ឌា ព្រមទាំង​ដៃគូ​សំខាន់ៗ​ជាច្រើន​ទៀត បានធ្វើ​ឡើង​ចំនួន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២-១៣ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាជាង​១,៥០០​នាក់​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផង​។ វេទិកា​នេះ​មាន​កិច្ចពិភាក្សា​សំខាន់ៗ​ចំនួន​បួន ដែល​ផ្តោតលើ​ការដឹកនាំ​នយោបាយ សកម្មភាព​ពហុ​វិស័យ គណនេយ្យភាព និង​អំណាច​នៃ​ភាពជា​ដៃគូ​។​


 
​ក្នុង​កិច្ច​ចាប់ផ្តើម​វេទិកា​ដោយមាន​ការចូលរួម​បើក​ពី​នាយករដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា លោក Shri Narendra Modi ផង​នោះ ក្រុមមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​មន្ត្រី​នៃ​ស្ថាប័ន​អន្តរជាតិ​ធំៗ​តាម​បណ្តា​ប្រទេស​មួយចំនួន បានលើកឡើង​អំពី​សារសំខាន់​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ព្រមទាំង​ការរួម​គ្នា​ក្នុងការ​លើកកម្ពស់​សុខ​ភាព​ស្ត្រី ទារក និង​កុមារ​។​
 
​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​វេទិកា​ដែល​ផ្តោត​សំខាន់​លើ​ស្ត្រី និង​កុមារ​នោះ​លើកឡើងថា អ្នកតំណាងរាស្ត្រ ជាពិសេស​ស្ត្រី​ដែលជា​តំណាងរាស្ត្រ គឺជា​ក្រុមមនុស្ស​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ផ្នែក​សុខភាព​ស្ត្រី និង​កុមារ​ឲ្យ​មាន​ភាពប្រសើរឡើង​។​



​អ្នកស្រី Gabriela Cuevas Barron ប្រធាន​សហភាព​អន្តរ​សភា (IPU) ថ្លែង​ក្នុង​វេទិកា​ភាពជា​ដៃគូ​អន្តរជាតិ​នា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​ថា តំណាងរាស្ត្រ​ដែលជា​អ្នកធ្វើការ​ក្នុង​រដ្ឋសភា គឺជា​បុគ្គល​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​របស់​ស្ត្រី និង​កុមារ ដោយសារ​ពួកគេ​ជា​អ្នកតាក់តែង​ច្បាប់​សម្រាប់​អនុវត្ត​ក្នុងប្រទេស​។ អ្នកស្រី​បន្ថែមថា​តំណាងរាស្ត្រ​នៅលើ​ពិភពលោក​នេះ​មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​នាក់ និង​ថា ពិភពលោក​មិន​ត្រូវការ​ការចេញ​សេចក្តីថ្លែងការណ៍​នយោបាយ​ពី​តំណាងរាស្ត្រ​ទាំង​នោះទេ ប៉ុន្តែ​ពិភពលោក​ត្រូវការ​ការតាំង​ចិត្ត និង​ការបញ្ចេញ​សកម្មភាព​ការងារ​ដោយផ្ទាល់​របស់​ក្រុមតំណាងរាស្ត្រ​ទាំងនោះ ក្នុងការ​ជំរុញ​ឲ្យ​ស្ថានភាព​សុខភាព​ស្ត្រី កុមារ និង​មនុ​ស្សវ័យ​ជំទង់​មាន​ភាពប្រសើរឡើង​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​យើង​ត្រូវ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​។ យើង​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់​យើង​ក្នុងការ​ត្រួតពិនិត្យ​។ ហើយ​ជាការ​ពិត​មួយ​នៃ​អាណត្តិ​សំខាន់បំផុត​គឺត្រូវធ្វើ​ការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ដែល​យើង​តំណាង​ឲ្យ​។ មធ្យោបាយ​តែមួយគត់​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក គឺ​យើង​ចាប់ផ្តើម​ពី​សហគមន៍​ផ្ទាល់​របស់​យើង ហើយ​នោះ​ជា​មូល​ហេតុដែល​សមាជិកសភា​មាន​សារៈសំខាន់​ហើយ​ចាំបាច់​សម្រាប់​ការអនុវត្ត​នេះ​»​។​
 
​ក្នុង​កិច្ចពិភាក្សា​មួយ​ជជែក​អំពី​តួនាទី​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​នយោបាយ ដែលជា​កិច្ចពិភាក្សា​មួយ​នៃ​វេទិកា​ភាពជា​ដៃគូ​អន្តរជាតិ​នោះ អ្នកស្រី Gabriela Cuevas Barron បានលើកឡើង​អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុងការ​ដឹកនាំ​នយោបាយ​។ អ្នកស្រី​និយាយថា ស្ត្រី​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​នយោបាយ អាច​ផ្តល់នូវ​គំរូ​សំខាន់ៗ​សម្រាប់​ការតស៊ូ​មតិ​ដើម្បី​ផ្លាស់ប្តូរ និង​ធ្វើ​ច្បាប់​ដើម្បី​កែលំអរ​សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី​កុមារ និង​មនុ​ស្សវ័យ​ជំទង់​។ យ៉ាងណាក្តី អ្នកស្រី​ថា ការ​ប្រឡូក​ចូលក្នុង​វិស័យ​នយោបាយ​របស់​ស្ត្រី ជារឿយៗ​ត្រូវបាន​រារាំង​ដោយ​កង្វះ​ការអប់រំ និង​ប្រាក់ចំណូល ហើយ​សូម្បីតែ​នៅពេល​ពួកគេ​ចូលរួម​ក្នុង​នយោបាយ ក៏​ពួកគេ​មិនត្រូវ​បានតែងតាំង​ឲ្យ​មាន​តួនាទី​សំខាន់ ឬ​មាន​ឥទ្ធិពល​នោះដែរ​។​
 
​ចំណែក​អ្នកស្រី Helga Fogstad នាយិកា​ប្រតិបត្តិ​នៃ​វេទិកា​ភាពជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា ទារក និង​កុមារ (PMNCH) ប្រទេស​ស្វី​ស ប្រាប់ VOA ក្នុងអំឡុង​នៃ​ការ​ប្រា​ព្ធ​វេទិកា​ពិភពលោក​នោះ​ថា បច្ចុប្បន្ន​ការផ្តល់អំណាច​ដល់​ស្ត្រី គឺជា​ចំណុច​សំខាន់បំផុត​ដែល​គ្រប់គ្នា​ត្រូវ​ចូលរួម និង​ជំរុញ​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ភាពស្មើគ្នា និង​សុខភាព​របស់​ស្ត្រី និង​កុមារ​នៅ​ទូទាំង​ពិភពលោក​។ អ្នកស្រី​បន្តថា គ្រប់ភាគី គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សុទ្ធ​តែមាន​ភារកិច្ច​ក្នុងការ​ចូលរួម​លើកកម្ពស់​សុខភាព​ស្ត្រី និង​កុមារ ដែល​ក្នុងចំណោម​នោះ អ្នកតំណាងរាស្ត្រ​គឺជា​បុគ្គល​ដែល​សំខាន់​ជាងគេ​ក្នុងការ​អនុវត្ត​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​ខ្ញុំ​គិតថា តំណាងរាស្ត្រ​មាន​តួនាទី​យ៉ាងសំខាន់​។ ហើយ​ក្នុង​វេទិកា​អន្តរជាតិ​នេះ យើង​មាន​សន្និបាតសភា​មួយ​។ ពីព្រោះ​សភា​ជា​សំឡេង​របស់​សមាជិកសភា និង​ជា​សំឡេង​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជ្រើសរើស​ពួកគេ ដូច្នេះ​ពួកគេ​ត្រូវ​បន្ទាបខ្លួន​ក្នុងការ​ទទួលខុសត្រូវ​តាមរយៈ​ការតាមដាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​»​។​
 
​វេទិកា​ដៃគូ​អន្តជាតិ​នោះបាន​ធ្វើឡើង​ចំ​ទិវា​ផ្តល់​សេវា​សុខ​ភាពជា​សាកល ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១២ ខែធ្នូ និង​ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ។​


 
​ស្ត្រី និង​កុមារ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ស្ត្រី និង​កុមារ​ក្នុងប្រទេស​ក្រីក្រ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់​គ្រប់គ្រាន់​នោះទេ ជាពិសេស​លើ​ភាពស្មើគ្នា និង​បញ្ហា​សុខភាព​។​
 
​វីដេអូ​ឃ្លី​ប​មាន​រយៈពេល​ជិត​១​នាទី ដែលជា​ការ​ថ្លែង​របស់លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ត្រូវបាន​ចាក់ផ្សាយ​ក្នុង​វេទិកា​ដៃគូ​អន្តរជាតិ​ទាំងមូល​នោះ ដោយ​លើកឡើង​អំពី​ការរួម​គ្នា​របស់​ប្រទេស​នានា ដៃគូ​ពាក់ព័ន្ធ ម្ចាស់ជំនួយ និង​សង្គម​ស៊ីវិល ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព​ស្ត្រី និង​កុមារ​។​
 
​លោក António Guterres ថ្លែង​ក្នុង​វីដេអូ​នោះ​តាមន័យ​ដើម​ថា​៖ «​ឥឡូវនេះ​យើង​ត្រូវ​បន្ត​ជំរុញ​ទៅមុខ​នូវ​ដំណើរ​ការវិវត្ត​ទៅមុខ​នេះ ជាមួយនឹង​វិធានការ​អន្តរ​វិស័យ​ថ្មីៗ ដែល​គាំទ្រ​ពីក្រោយ​ដោយ​យន្តការ​ដូចជា អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ហើយ​យើង​ត្រូវការ​សកម្មភាព​ជារួម​ដ៏​រឹងមាំ​ពី​ភាពជា​ដៃគូ​សម្រាប់​ផ្នែក​សុខភាព​មាតា ទារក និង​កុមារ​។ អង្គការសហប្រជាជាតិ​ប្តេជ្ញា​នឹងធ្វើ​ការ​ជាមួយ​អ្នក​ដើម្បី​ធានា​ការលើកកម្ពស់​សុខា​ភាព​មនុស្ស​ទូទៅ និង​ការផ្តល់សេវា​សុខាភិបាល​ជា​សាកល​»​។​បើតាម​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លើកឡើង​ក្នុង​វេទិការ​នោះ​ថា យ៉ាងហោចណាស់ ពាក់កណ្តាល​នៃ​ប្រជាជន​នៅលើ​ពិភពលោក មិនអាច​ទទួលបាន​សេវា​សំខាន់ៗ ខណៈដែល​ស្ត្រី កុមារ និង​ក្មេង​ជំទង់ គឺ​ស្ថិត​ក្នុងចំណោម​ជន​ដែល​ងាយ​រងគ្រោះ​ជាងគេ​។ ស្ត្រី​ចំនួន​៨៣០​នាក់​នៅតែ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​នៅពេល​សម្រាល ឬ​ទាក់ទង​នឹង​ផលវិបាក​ផ្សេងៗ​។ ជា​រៀងរាល់ឆ្នាំ កុមារ​ចំនួន​៥​លាន​៦​សែន​នាក់​បាន​ស្លាប់​ក្នុងអំឡុង​ក្រោយ​ការ​សម្រាល​៥​ថ្ងៃ​។ ចំណែក​មនុស្ស​វ័យ​ជំទង់​ចំនួន​១​លាន​២​សែន​នាក់ ត្រូវ​បាត់បង់​ជីវិត​ជា​រៀងរាល់ឆ្នាំ​។​


 
​នៅ​កម្ពុជា ស្ត្រី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឆ្អឹងខ្នង​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។ យ៉ាងនេះ​ក្តី ស្ត្រី​នៅតែ​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ចាត់ទុកថា​ជា​ភេទ​ទន់ខ្សោយ និង​ត្រូវ​រង​ការរើសអើង ព្រមទាំង​មិនមាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​ឈានចូល​ក្នុង​វិស័យ​នយោបាយ​ជាដើម​។​
 
​អង្គការ​យូ​នី​សេ​ហ្វ​បាន​បង្ហាញថា ស្ត្រី​ស្លាប់​ដោយសារ​កង្វះ​ការ​ថែ​រទាំ​ពេល​សម្រាលកូន​នៅពេល​ដែលមាន​ស្ថានភាព​ត្រូវ​ជួយសង្គ្រោះ​បន្ទាន់ និង​ដោយសារតែ​កង្វះ​ក្រុម​បុគ្គលិក​ពេទ្យ​ដែលមាន​ជំនាញ​ថែទាំ​នៅពេល​ស្ត្រី​សម្រាលកូន​។​
 
​កញ្ញា សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​ដែលជា​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី លើកឡើងថា ស្ត្រី​នៅ​កម្ពុជា​មានការ​ប្រឈម​ច្រើន​ទាំង​ផ្នែក​សុខភាព និង​ការចូល​រូ​ម​ដឹកនាំ និង​សម្រេចចិត្ត​ក្នុងសង្គម ដោយសារ​ស្ត្រី​ត្រូវបាន​ចាត់ទុកថា​ជា​ភេទ​ទន់ខ្សោយ រួម​នឹង​ផ្នត់គំនិត​ដែលថា ស្ត្រី​គួរ​នៅផ្ទះ​ថែ​រទាំ​កូន​ជាដើម​។ កញ្ញា​បន្តថា កម្ពុជា​ចាំបាច់​ត្រូវ​លើកទឹកចិត្ត និង​ផ្តល់​អំណាច​ផ្នែក​នយោបាយ​ឲ្យ​បាន​កាន់តែច្រើន​ដល់​ស្ត្រី ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុងសង្គម​ឲ្យ​មាន​ភាពប្រសើរឡើង​។​
 
​កញ្ញា​លើកឡើងថា​៖
 
«​គោលនយោបាយ​នៃ​ច្បាប់​ហ្នឹង​មាន​ហើយ ប៉ុន្តែ​ផ្នត់គំនិត​ហ្នឹង​អត់​ទាន់​ផ្លាស់ប្តូរ​។ ដូច្នេះ​ការចាប់ផ្តើម​ផ្លាស់ប្តូរ​ផ្នត់គំនិត ការផ្តល់​វគ្គ​បណ្តុះបណ្តាល ស្តីអំពី​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ផ្នត់គំនិត​ថ្នាក់ដឹកនាំ​អ្នកនយោបាយ ក្នុងការ​ឲ្យ​មើលឃើញថា យេនឌ័រ​ជា​រឿង​អាទិភាព​មួយ ហើយ​យេនឌ័រ​មិនមែនជា​រឿង​របស់​ស្ត្រី យេនឌ័រ​មិនមែនជា​រឿង​របស់​កុមារ​ទេ ប៉ុន្តែ​សមភាព​យេនឌ័រ​គឺជា​រឿង​ដែលជា​កត្តា​ជំរុញ​ឲ្យ​វិស័យ​ផ្សេងៗ​ហ្នឹង អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​ដែល​ងាយ​រងគ្រោះ​»​។​
 
​នាយិកា​ប្រតិបត្តិ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​រូបនេះ​បន្ថែមថា នៅពេលដែល​ស្ត្រី​មាន​តួនាទី​ក្នុង​នយោបាយ ស្ត្រី​អាច​ជំរុញ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​តម្រូវការ និង​ផលវិបាក​របស់​ស្ត្រី និង​កុមារ​បាន​កាន់តែ​ប្រសើរ​។​
 
​កញ្ញា​បញ្ជាក់ថា​៖
 
«​ពេលដែល​យើង​ធ្វើ​គោលនយោបាយ​បាយ យើង​ត្រូវ​ឈរលើ​គោលការណ៍​មួយ​ថា តើ​គោលនយោបាយ ឬ​ច្បាប់​ហ្នឹង បាន​ឆ្លើយតប​នឹង​ឆន្ទៈ​រាស្ត្រ ឬមួយ​ក៏​ផលប្រយោជន៍​របស់​រាស្ត្រ ជាពិសេស​ក្រុម​ដែល​ងាយ​រង​គ្រោះជា​ស្ត្រី និង​កុមារ​នោះដែរ ឬ​អត់​? អញ្ចឹង​ប្រសិនបើ​ស្ត្រី​គាត់​ដែលជា​ថ្នាក់ដឹកនាំ ឬមួយ​ជា​អ្នកនយោបាយ​ហ្នឹង គាត់​មានឱកាស​នៅ​ខាងក្នុង​ហ្នឹង គាត់​នឹង​ពាំនាំ​បញ្ហា​ទាំងអស់​ហ្នឹង ដែល​ភាគច្រើន​បញ្ហា​ទាំងអស់​ហ្នឹង​អត់​ត្រូវបាន​មើលឃើញ​ឬទេ​»​។​
 
VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល​និង​កិច្ចការនារី​នៃ​រដ្ឋសភា​កម្ពុជា​ជាច្រើន​ដង តែ​រហូតមក​ដល់ពេលនេះ​នៅតែ​មិនមាន​ការឆ្លើយតប​។​


 
​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ប្រទេស​កម្ពុជា ជា​ញឹកញាប់​តែងតែ​រងគ្រោះ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​។ ជា​ឧទាហរណ៍ អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន បាន​រកឃើញថា យ៉ាងហោចណាស់ ពាក់កណ្តាល​នៃ​ស្ត្រី មាន​ផ្ទៃពោះ​ទាំងនោះ មាន​ជំងឺ​ស្លេក​ខ្លាំង​ដោយសារ​ការចុះ​ថយ​នៃ​គោ​លិ​កា​ក្រហម​របស់​ឈាម​។ ផលប៉ះពាល់​នេះ មិន​ត្រឹម​តែមាន​ទៅលើ​សុខភាព​របស់​មាតា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​ផងដែរ ជាមួយនឹង​ភាពទាក់ទង​គ្នា​រវាង​ជំងឺ​មាតា និង​ទារក​មិន​គ្រប់​ខែ និង​មិន​គ្រប់​ទម្ងន់​។​
 
​ក្នុង​វេទិកា​ដៃគូ​អន្តជាតិ​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ប្រទេស​ជាច្រើន​បាន​ឡើង​ថ្លែង​អំពី​ការ​តាំងចិត្ត​របស់ខ្លួន​ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ផ្នែក​សុខភាព និង​សិទ្ធិ​របស់​ស្ត្រី និង​កុមារ​តាម​បណ្តា​ប្រទេស​នីមួយៗ​។ ចំណែក​តំណាង​ពី​ប្រទេស​កម្ពុជា ដែលមាន​រដ្ឋលេខាធិកា​រ​ក្រសួងផែនការ និង​ស្ថិតិ​កម្ពុជា មិនបាន​ឡើង​ថ្លែង​អំពី​ការតាំង​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​វេទិកា​នោះទេ​។ យ៉ាងណាក្តី ក្នុង​គេហទំព័រ​របស់​ភាពជា​ដៃគូ​អន្តរជាតិ​ស្តីអំពី​សុខភាព​មាតា ទារក និង​កុមារ (PMNCH) បាន​ផ្សព្វផ្សាយ​អំពី​សេចក្តីថ្លែងការណ៍​នៃ​ការតាំង​ចិត្ត​របស់​ក្រសួងសុខាភិបាល​កម្ពុជា ផងដែរ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​គ្រាន់តែ​បញ្ជាក់ថា​ជា​របស់​ក្រសួងសុខាភិបាល​កម្ពុជា តែ​មិនមាន​ឈ្មោះ​រូបវ័ន្ត​បុគ្គល​ណា​ម្នាក់​នោះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្តេជ្ញា​ចាត់វិធានការ​ប្រកបដោយ​ចីរភាព ដើម្បី​បញ្ចប់​រាល់​ការស្លាប់​ដែល​អាច​ការពារ​បាន​លើ​ស្ត្រី កុមារ និង​ក្មេង​ជំទង់ ក្នុង​ជំនាន់​មួយ និង​ធានាបាន​នូវ​សុខុមាលភាព​របស់​ពួកគេ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ការតាំង​ចិត្ត​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ជា​ភាសា​អង់គ្លេស​នោះ ត្រូវបាន​បញ្ជាក់​ក្នុងន័យ​ដើម​ថា​៖
 
«​ក្នុងនាម​ក្រសួងសុខាភិបាល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី​នូវ​ការគាំទ្រ​របស់​យើង​ចំពោះ​យុទ្ធសាស្ត្រ​សកល​សម្រាប់​សុខភាព​កុមារ និង​យុវវ័យ (២០១៦-២០៣០) ដែលជា​ការខិតខំ​ប្រឹង​ប្រែង​ជា​សកល​មួយ ដើម្បី​នាំយក​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មក​ជាមួយគ្នា ក្នុងការ​គាំទ្រ​ដល់​ការងារ​របស់​ប្រទេស​នានា​ដើម្បី​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី​កុមារ និង​យុវវ័យ​»​។​
 
​ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ប្តេជ្ញា​ថា បង្កើត និង​អនុវត្ដ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែលជា​មជ្ឈមណ្ឌល​ស្ត្រី​កុមារ និង​វ័យ​ជំទង់​ដើម្បី​កែលម្អរ​សុខភាព​បន្ត​ពូជ​មាតា ទារក និង​ក្មេង​ជំទង់ និង​អាហារ​បំប៉ន (RMNCAH-N) រួមមាន​ការចាក់​ថ្នាំ​បង្ការ​រោគ បង្កើន​ការបែងចែក​ថវិកាជាតិ​ទៅ​វិស័យ​សុខាភិបាល​ស្របតាម​កំណើន​សេដ្ឋកិច្ចជាតិ និង​ក្នុង​ថវិកា​សុខភាព​ជាតិ​ដោយ​ផ្តោត​ជាពិសេស​លើ​សុខភាព​របស់​ស្ត្រី កុមារ និង​កុមា​រវ័យ​ជំទង់​។ បង្កើត​យន្តការ​ដើម្បី​ជួយ​ដល់​ការថែទាំ​សុខភាព​ស្បូន និង​ទារក និង​សេវា​ផែនការ​គ្រួសារ​សម្រាប់​ក្រុម​ងាយ​រងគ្រោះ​បំផុត រួមមាន​ទារក កុមារ កុមារ​វ័យ​ជំទង់ និង​ស្ត្រី​ពិការ តាមរយៈ​គម្រោង​ការពា​រ​សុខភាព​សង្គម​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​។​


 
​ក្នុងចំណោម​ប្រជាជន​កម្ពុ​ជាជាង​១៦​លាន​នាក់ ចំនួន​ស្ត្រី​មាន​ប្រមាណ​៥២​ភាគរយ ប៉ុន្តែ​ចំនួន​ស្ត្រី​ក្នុង​តំណែង​ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មាន​ចំនួន​ទាប​នៅឡើយ​។ ក្នុងចំណោម​សមាជិក​រដ្ឋសភា សរុប​ទាំង​១២៥​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មានតែ​ស្ត្រី​២៥​នាក់​តែប៉ុណ្ណោះ​គឺ​ស្មើនឹង​២០​ភាគរយ​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​ស្ត្រី​មាន​ប្រមាណ​១៨​ភាគរយ​។ សម្រាប់​តំណែង​មន្ត្រី​រដ្ឋាភិបាល ទាំងគ្រប់​កម្រិត​ភាគច្រើន​គ្រប់​ដណ្តប់​ដោយ​បុរស​។​
 
​សម្រាប់​ក្រុមប្រឹក្សាឃុំ​សង្កាត់​១១៥៧២​នាក់ ស្ត្រី​មាន​ចំនួន​២៣២៣​នាក់​គឺ​ស្មើនឹង​ប្រមាណ​២០​ភាគរយ​។ ហើយ​ក្នុងចំណោម​ឃុំ​សង្កាត់​ទូទាំងប្រទេស​សរុប​១៦៤៦​ឃុំ​សង្កាត់ មាន​ឃុំ​សង្កាត់​ជាង​៣០០​មិនមាន​ក្រុមប្រឹក្សា​ស្ត្រី​សូម្បីតែ​ម្នាក់​។ ប៉ុន្តែ​ការងារ​ដឹកនាំ​ឃុំ​សង្កាត់​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​ម្នាក់​ទទួលបន្ទុក​ផ្នែក​ស្ត្រី​និង​កុមារ នៅក្នុង​ឃុំ​៕

© រក្សាសិទ្ធិដោយ thmeythmey.com