ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ ក្លាយជា​អ្នក​ប្រយុទ្ធ​នារី​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី​មួយ​នៅ​មី​យ៉ាន់​ម៉ា​
03, Jan 2019 , 7:59 am        
រូបភាព
អាជ្ញាកណ្តាលលើកដៃកីឡាការិនី នៅ ស្រីពៅ ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះមីយ៉ាន់ម៉ា
អាជ្ញាកណ្តាលលើកដៃកីឡាការិនី នៅ ស្រីពៅ ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះមីយ៉ាន់ម៉ា
ដោយ: ថ្មីៗ
​កីឡាការិនី នៅ ស្រី​ពៅ បាន​ក្លាយជា​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី​ប្រដាល់ World Lethwei Championship (WLC)​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ កីឡាការិនី​វ័យ​២២​រូបនេះ​មិន​នឹកស្មានថា មី​យ៉ាន់​ម៉ា​ឲ្យ​តម្លៃ និង​ជ្រើសរើស​នាង​បែបនេះ​សោះ​។ ជាមួយ​ជោគជ័យ​នេះ ស្រី​ពៅ តាំងចិត្ត​ដណ្តើម​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ និង​សម្លឹង​ឱកាស​បញ្ចេញស្នាដៃ​នៅលើ​សង្វៀន​ក្បាច់គុន​ធំជាងគេ ONE Championship​។

 
«​ពេល​ខ្ញុំ​ឃើញ​ពត៌មាន​ភ្លាម និយាយ​ពី​រំភើប​ខ្លាំង​មែនទែន​! មិនគួរ​ឲ្យ​ជឿ​តែម្តង​។ ខ្ញុំ​មិន​នឹកស្មានថា​ប្រទេស​មី​យ៉ាន់​ម៉ា គេ​ឲ្យ​តម្លៃ​យើង​ដល់​ថ្នាក់​ហ្នឹង​សោះ ព្រោះ​អី​នៅ​ស្រុក​ខ្មែរ​យើង គេ​មិនសូវ​ឲ្យ​តម្លៃ​ស្រី​ដូច​គេ​ទេ​»​។ ការលើកឡើង​បែបនេះ​របស់​កីឡាការិនី នៅ ស្រី​ពៅ បន្ទាប់ពី​នាង​ជាប់​ជា​អ្នក​ប្រយុទ្ធ​នារី​ឆ្នើម​ប្រចាំឆ្នាំ​នៅ​មី​យ៉ាន់​ម៉ា​។ 


 
​ការទទួលបាន​ពាន​ជា​អ្នក​ប្រយុទ្ធ​នារី​ឆ្នើម​នេះ បន្ទាប់​កីឡាការិនី​របស់​ក្លិប Cambodia Top Team រូបនេះ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា Shwe Nadi ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ World Lethwei Championship កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨​។  
 
​សម្រាប់ នៅ ស្រី​ពៅ ភាពជោគជ័យ​ប៉ុណ្ណឹង​ពុំទាន់​គ្រប់គ្រាន់​នោះទេ ដោយ​នាង បានដាក់​គោលដៅ​ដណ្តើម​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ ជូន​កម្ពុជា​។ នាង ចង់បង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​វាយ​ដាក់​ទ្រុង ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី ONE Championship ទៀតផង​។ កីឡាការិនី​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​រូបនេះ រំពឹងថា ឆ្នាំ​២០១៩ នាង នឹង​ទទួលបាន​ជោគជ័យ​ជាង​ឆ្នាំ​២០១៨​។​
 
«​ខ្ញុំ​គិតថា ២០១៩ ខ្ញុំ​អាច​ល្បី​ខ្លាំង​ជាង​ឆ្នាំ​២០១៨​។ ខ្ញុំ​បានដាក់​ចិត្ត​ប្រដា​ល់ហើយ អីចឹង​ខ្ញុំ​ចង់​ប្រកួត​ឲ្យ​បាន​គ្រប់​វិញ្ញាសារ​ទាំងអស់​។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា​មិន​ឈប់​ពាក់​កណ្តាលផ្លូវ​ដាច់ខាត​។ និយាយ​ទៅធ្វើ​យ៉ាងណា​ឲ្យ​សម្រេច​គោលដៅ គឺ​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ច្រើន និង​គោរព​ទទួលស្គាល់​ខ្ញុំ​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡាការិនី នៅ ស្រី​ពៅ 


 
​ស្រី​ពៅ ជំរុញ​ទឹកចិត្ត​ស្ត្រី​ខ្មែរ​ត្រូវ​ហ៊ាន​ប្រើប្រាស់​សមត្ថភាព និង​ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​។ នាង​បន្ថែមថា​៖«​ជោគជ័យ​ដល់​កម្រិត​នេះ សម្រាប់​ខ្ញុំ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ខ្ញុំ​ចង់បង្ហាញ​ពិភពលោក​ថា ស្រី​ខ្មែរ​ក៏​ខ្លាំង​ដូច​គេ​ដែរ ហើយ​ខ្ញុំ​ចង់​ប្រាប់​ស្រីៗ​ទាំងអស់គ្នា​ថា កុំ​ខ្លាច កុំ​ខ្មាសអៀន បើ​ចង់​ហាត់​ប្រដាល់ ឬ​ធ្វើ​អ្វី​ក៏ដោយ​។ មនុស្ស​ស្រី​ក៏​ធ្វើបាន​ដូចគ្នា​»​។​
 
​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​រូបនេះ បាន​ចូលប្រឡូក និង​ហ្វឹកហាត់​កីឡាប្រដាល់​តាំងពី​អាយុ​១៦​ឆ្នាំ​។ តាមពិត​អាជីព​ប្រដាល់​មិនមែនជា​ក្តី​ស្រមៃ​របស់ ស្រី​ពៅ កាលពី​នៅ​ក្មេង​នោះទេ​។ ប៉ុន្តែ​តាមរយៈ​វិស័យ​កីឡាប្រដាល់​នេះ​ជួយ​ឲ្យ នាង មានឈ្មោះ​ល្បីល្បាញ​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។ លើសពីនេះ ជួយ​ឲ្យ​ជីវភាព​គ្រួសារ​របស់​នាង​មាន​ភាពប្រសើរឡើង​ទៀត​ផង​។      
 
​ស្រី​ពៅ បាន​រំលឹកថា​៖«​បងប្រុស​ខ្ញុំ នៅ ស៊ីថា គាត់​ជា​អ្នក​ប្រដាល់​ដែរ កាលនោះ​គាត់​ឡើង​ប្រដាល់ ហើយ​វាយ​ចាញ់​គេ​។ ខ្ញុំ​ឃើញ​អីចឹង​ខ្ញុំ​ខឹង​ណាស់ ហើយ​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា ចាំមើល​ណា៎ ខ្ញុំ​ទៅ​ហាត់​ដែរ ហើយ​ខ្ញុំ​ប្រកួត​មិន​ឲ្យ​ចាញ់​គេ​ទេ​»៕ 




 

Tag:
 ONE Championship
  នៅ ស្រី​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com