ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​ដំរី​ស្លាប់ ក្នុងស្រុក​កណ្តាលស្ទឹង ជួប​បញ្ហា​ខ្វះ​ទឹកស្អាត​នា​រដូវប្រាំង​
03, Jan 2019 , 8:19 am        
រូបភាព
​កណ្តាល​៖ ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា​មាន​ចម្ងាយ​ប្រមាណ​តែ​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​តាខ្មៅ តែ​តំបន់​ដែល​ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង​មួយ​នេះ មិនមាន​ប្រភព​ទឹកស្អាត​គ្រប់គ្រាន់​នោះឡើយ​។ ការទិញ​ទឹក​យកទៅ​ប្រើប្រាស់ ស្ថិតក្នុង​ខ្ទង់ចំណាយ​ដ៏​ធំ​សម្រាប់​អ្នកភូមិ​។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ បាន​អះអាង​ពី​ការ​ខំប្រឹងប្រែង​របស់ខ្លួន​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​ពលរដ្ឋ​ខ្លួន​។

 
​អ្នកស្រី សេង ផាត មើលទៅ​ហាក់ដូចជា​ស្តាយ​ទឹក​ខ្លាំងណាស់ ពេល​គាត់​ដង​ពីមួយ​ផ្តិល​ទៅមួយ​ផ្តិល​ពី​ក្នុង​ពាង​ដើម្បី​ងូត​ឲ្យ​ចៅប្រុស​របស់ខ្លួន​នៅមុខ​ជណ្តើរ​ផ្ទះ​។ ស្ត្រី​កសិករ​វ័យ​៦០​ឆ្នាំ​រូបនេះ បាន​ត្អូញត្អែរ​ពី​កង្វះ​ទឹក​ប្រើប្រាស់​នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​
 
​អ្នកស្រី បាន​បញ្ជាក់ថា សព្វថ្ងៃ​នៅក្នុង​ភូមិ សល់​តែ​អណ្តូងទឹក​រួមមួយ​ទេ ដែលមាន​ទឹក​ចេញ​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​វា​ចេញ​ទឹក​ច្រើនតែ​នៅ​រដូវវស្សា ខណៈ​នៅ​រដូវប្រាំង អ្នកភូមិ​ជួប​បញ្ហាលំបាក​ដដែល​។ 


 
«​ក្នុងអំឡុង​ខែប្រាំង ខ្ញុំ​ត្រូវ​ទិញ​ទឹកស្រះ ទឹក​អណ្តូង ឬ​ទឹកស្អាត​ពី​ភូមិ​គេ សម្រាប់​ប្រើប្រាស់​។ ទឹក​ទាំង​នោះគេ​ដឹកយក​ឲ្យ​ដល់ផ្ទះ ប៉ុន្តែ​ថ្លៃ​ដូច​មាស​អ៊ីចឹង​។ ខ្ញុំ​ទិញ​មួយ​ពាង​ក្នុងតម្លៃ​ពី​១២ ០០០ ទៅ​១៥ ០០០​រៀល ទៅតាម​ទំហំ​ពាង​»​។ នេះ​ជា​តម្អូញ​របស់​អ្នកស្រី សេង ផាត បន្ទាប់ពី​ចាក់ទឹក​ប្រមាណ​ពី​៤ ទៅ​៥​ផ្តិល​លើ​ចៅប្រុស​។​
 
 
​ស្ត្រី​កសិករ​រូបនេះ បាន​អះអាងថា គ្រាន់តែ​ចំណាយ​លើទឹក ក៏​អាច​ឲ្យ​គ្រួសារ​អ្នកស្រី ធ្លាក់​ក្រ​បានដែរ ព្រោះ​ទឹក​មួយ​ពាង​ប្រើ​បានតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ការប្រើប្រាស់​ត្រូវ​សន្សំសំចៃ​បំផុត ដោយ​សមាជិក​ម្នាក់ៗ អាច​ងូតទឹក​សំអាត​កាយ​បានតែ​ម្តង​ក្នុង​មួយថ្ងៃ​។​
 
​អ្នកស្រី ទួន សុខលី ដែលជា​អ្នកជិតខាង​របស់​អ្នកស្រី សេង ផាត ក៏​រៀបរាប់​មិន​ខុសគ្នា​នោះដែរ​។ គាត់​បញ្ជាក់ថា​៖ «​រាល់​ឆ្នាំ ចាប់ពី​ខែមីនា ដល់​ខែសីហា មិន​ថា​ខ្ញុំ មិន​ថា​គេ​ទេ គឺ​ត្រូវ​ទិញ​ទឹក​ប្រើ​ហើយ ព្រោះ​អី​នៅក្នុង​ភូមិ​រកតែ​ទឹក​ឲ្យ​សត្វ​ផឹក​សឹងតែ​គ្មាន​ផង​។ ផ្ទះ​ខ្ញុំ មាន​សមាជិក​៤​នាក់ និង​មាន​សត្វ​គោ​ពីរ​ក្បាល​»​។ 


 
​ដោយមាន​កូន​ពីរ​នាក់​ក្នុងបន្ទុក អ្នកស្រី សុខលី និង​ស្វាមី តែងតែ​បន់​ឲ្យ​ខែវស្សា​មាន​រយៈពេល​យូរ​ខុសពី​ធម្មជាតិ ពីព្រោះ​ពួកគាត់​ក៏ដូចជា​អ្នកភូមិ​ផ្សេងទៀត ត្រូវ​វេទនា​រឿង​ប្រើប្រាស់​ទឹក​ពេល​ដល់​រដូវប្រាំង​ម្តងៗ​។ ស្ត្រី​ដែលមាន​វ័យ​ប្រមាណ​៥០​ឆ្នាំ​រូបនេះ បាន​ទិញ​ទឹក​ពីរ​ប្រភេទ​ដើម្បី​ប្រើប្រាស់ ដែល​ក្នុងនោះ​មានទឹក​បឹង​ដែល​គេ​ដឹក​លក់​តាមផ្លូវ​តម្លៃ ១៥ ០០០​រៀល ក្នុង​ចំណុះ​១ ០០០​លីត្រ  និង​ទឹកបរិសុទ្ធ ដែលមាន​ធុង​ចំណុះ​២០​លីត្រ សម្រាប់​ផឹក​តម្លៃ​៣ ០០០​រៀល​ក្នុង​មួយ​ធុង​។ 
 
​អ្នកស្រី សុខលី បាន​អះអាងថា​៖ « ក្នុង​មួយខែ​គ្រួសារ​ខ្ញុំ​ចំណាយ​ជា​មធ្យម​១០០​ដុ​លា្ល​រ ឬ​លើសពីនេះ ព្រោះ​២​ទៅ​៣​ថ្ងៃ​ខ្ញុំ​ប្រើ​អស់​មួយ​ពាង​ទៅហើយ​។ វា​ពិតជា​ការចំណាយ​ខ្ពស់​ណាស់ សម្រាប់​គ្រួសារ​ខ្ញុំ​»​។​
 
​ទាក់ទង​បញ្ហា​នេះ មេភូមិ​ដំរី​ស្លាប់ លោក អ៊ុន លន់ បាន​បញ្ជាក់ថា លោក​មិនដែល​មើលរំលង​ឡើយ ដោយ​លោក​បានស្នើ​ទៅ​អាជ្ញាធរ​ឃុំ​ជារឿយៗ​ដើម្បី​រក​ដំណោះស្រាយ​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​នៅ​មូលដ្ឋាន​ខ្លួន ក៏ដូចជា​ភូមិ​ផ្សេងទៀត​នៅក្នុង​ឃុំ​ទ្រា​ទាំងមូល​។​


 
​លោក​មេភូមិ​បាន​រំលឹកថា​៖ «​កន្លងមក​ក៏មាន​ការជីក​អណ្ដូងទឹក​ជូន​ពលរដ្ឋ​នៅ​តំបន់​ខ្លះ​ក្នុងភូមិ​ដែរ តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គការ​ជា​ដៃគូ  ប៉ុន្តែ​អណ្តូង​លូ និង​អណ្តូងស្នប់​ទាំងនោះ សុទ្ធតែ​មិនអាច​ប្រើប្រាស់​បាន ព្រោះ​ក្នុងភូមិ​ខ្លះ ការជីក​ជម្រៅ​ពី​២៥ ទៅ​៣០​ម៉ែត្រ​ហើយ នៅតែ​មិន​មានទឹក ឯ​ភូមិ​ខ្លះ អណ្តូង​មានទឹក​ហើយ តែ​មិនអាច​ប្រើប្រាស់ ដោយសារ​មាន​សារជាតិ​អាសេនិច​។​
​លោក អ៊ុន លន់ បានស្នើ​ទៅ​ថ្នាក់ឃុំ​សម្រាប់​ផែនការ​ទឹកស្អាត​ឆ្នាំ​២០១៩​។  លោក​ពន្យល់ថា​៖ «​ខ្ញុំ​តែងតែ​បារម្ភ​ជានិច្ច មិនដឹងថា​នៅ​ឆ្នាំ​២០១៩​ខាងមុខ ភូមិ​ខ្ញុំ​មាន​សេវា​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ ឬ​យ៉ាងណា​នោះឡើយ​»​។​
 
​ជាការ​ឆ្លើយតប អ្នកស្រី តន់ ស៊ុន​ណា​រី មេឃុំ​ទ្រា លើកឡើងថា អាជ្ញាធរ​ឃុំ និង​ភាគី​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​លើ​ករណីនេះ តាមរយៈ​ការភ្ជាប់​សេវា​ទឹកស្អាត​ចូល​ឃុំ ប៉ុន្តែ​អ្នកជំនាញ​កំពុង​សិក្សា​ទីតាំង​ភូមិសាស្ត្រ​ឲ្យ​បាន​ច្បាស់​ជាមុនសិន​។​
 
​ចំពោះ​ដំណោះស្រាយ​បឋម អភិបាលស្រុក​កណ្តាលស្ទឹង លោក បូ សារ៉េត បានស្នើ​ឲ្យ​អ្នកភូមិ​ចេះ​សហការ​ក្នុងការ​ថែរក្សា​អណ្តូងទឹក​រួម​ដែលមាន​ស្រាប់​ឲ្យ​ល្អប្រសើរ មុនពេល​ដែល​សេវា​ទឹកស្អាត​ចូលទៅ​ដល់​។ លោក​លើកឡើងថា ការធ្វើ​បែបនេះ អាចជួយ​កាត់បន្ថយ​ការចំណាយ​មួយចំនួន​។​


 
​លោក​អភិបាលស្រុក បាន​បន្តថា កម្មវិធី​ទឹកស្អាត​ថ្នាក់ស្រុក​នឹងដាក់​ចេញ ក្នុង​រយៈពេល​៣​ឆ្នាំក្រោយ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ក្រោម​កិច្ចសហការ​ជាមួយ​សេវា​រដ្ឋាករទឹក​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​លោក បូ សារ៉េត មិន​ហ៊ាន​អះអាងថា ពលរដ្ឋ​នៅក្នុង​ឃុំ​ទ្រា នឹង​បានទទួល​ទឹកស្អាត​ប្រើប្រាស់​ទៅតាម​ផែនការ​នោះឡើយ ព្រោះ​ឃុំ​នេះ​ជា​តំបន់​ស្រយាល​ដែល​ស្ថិតនៅ​ចន្លោះ​ឃុំ​ព្រែករកា ហើយ​មាន​ទីតាំង​ភូមិសាស្ត្រ ដែល​ធ្វើ​ឲ្យ​សេវាករ​ទឹកស្អាត​ពិបាក​ទៅដល់​។ 
 
​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨ ប្រព័ន្ធ​សេវា​ទឹកស្អាត បាន​គ្រប​ដណ្តប់​ទៅលើ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទូទាំង​ខេត្តកណ្តាល​មាន ៦០,៤៨​ភាគរយ ក្នុងនោះ​ទីប្រជុំជន​មាន​ជាង ៩០​ភាគរយ ខណៈដែល​ទីជនបទ​មាន​ជិត ៣៩​ភាគរយ ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តកណ្តាល ដោយ​បញ្ជាក់ថា  ស្រុក​កណ្តាលស្ទឹង ស្ថិតក្នុង​ចំណោម​ស្រុក​ទាំង​១០​នៃ​ខេត្តកណ្តាល មាន​ប្រព័ន្ធ​ទឹកស្អាត​នៅតាម​ទីជនបទ​ទាប​ជាងគេ​បំផុត ពោល​គឺមាន​ត្រឹមតែ ១១,៤៧​ភាគរយ​ប៉ុណ្ណោះ​។​
 
​ថ្លែង​ក្នុង​សន្និសីទ និង​ពិ​ព័រ​ណ៌​ទឹកស្អាត​កម្ពុជា​លើក​ទី​ពីរ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដាក់​ផែនការ​ជំរុញ​ការប្រើប្រាស់​ទឹកស្អាត​ឲ្យ​បាន​១០០​ភាគរយ​នៅ​ភ្នំពេញ និង​ទីប្រជុំជន​ធំៗ ចាប់ពី​ឆ្នាំ​២០២៥ តាមរយៈ​ស្ថានីយ៍​ទឹកស្អាត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​
 
​ចំណែក​នៅតាម​ជនបទ ជាពិសេស​តំបន់​ដាច់ស្រយាល លោក ចម ប្រសិទ្ធ ត្រូវការ​ការចូលរួម​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដោយ​ត​ភ្ជាប់​បណ្តាញ​បូមទឹក​ពី ប្រឡាយ ស្ទឹង បឹង​ជាដើម ទៅកាន់​ស្ថានីយ​ចម្រោះ ហើយ​បាន​ចែកចាយ​លក់​ទៅដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។​
 
​យោងតាម​លទ្ធផល​ជំរឿន​ទូទៅ​កាលពី​ឆ្នាំ​២០០៨ អត្រា​គ្របដណ្តប់​ទឹកស្អាត​មាន​ត្រឹមតែ​៤១​ភាគរយ និង​អនាម័យ​ជនបទ ​មាន​ត្រឹមតែ​២៣​ភាគរយ​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​ទទួលស្គាល់​ថា បើ​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ទឹកស្អាត និង​អនាម័យ​ទេនោះ វា​នឹង​ជះឥទ្ធិពល​ដល់​បញ្ហា​មួយចំនួន ដូចជា​បញ្ហា​សុខភាព ការអប់រំ និង​ភាពក្រីក្រ​។​


 
​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ​ ឆ្នាំ​២០១៤-២០២៥ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា នៅ​ឆ្នាំ​២០២៥ ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព​៕

Tag:
 ទឹកស្អាត​
  រដូវប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com