លោក គង់ គាំ និង លោក សម រង្ស៊ី ដែលធ្លាប់រួមរស់ជាមួយគ្នារាប់ទសវត្សរ៍ ដើម្បីប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា បានក្លាយជាអ្នកដទៃទៅវិញ ដែលមនុស្សមួយចំនួនស្ទើរតែមិនជឿ។ ហើយមកដល់ពេលនេះ សម្តីវាយប្រហាររវាងអ្នកទាំងពីរកាន់តែក្តៅគគុក។
ឈានដល់កាលៈទេសៈនេះ លោក គង់ គាំ លែងនិយាយបញ្ឆិតបញ្ឆៀងទៀតហើយ ដោយលោក ប្រកាសចំៗតែម្តង ពីការផ្តាច់មិត្តភាពជាមួយលោក សម រង្ស៊ី។ លោក ថែមទាំងអះអាងថា លោក រង់ចាំការវិលត្រឡប់របស់លោក សម រង្ស៊ី ដើម្បីធ្វើនយោបាយតទល់គ្នា។
លោក គង់ គាំ បានសរសេរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«រង់ចាំជួបគ្នានៅសមរភូមិនយោបាយថ្មី ដែលលែងជាមិត្តជិតស្និទ្ធ ប៉ុន្តែជាគូបដិបក្សដ៏ខ្លាំងក្លានឹកស្មានមិនដល់ឡើយ»។
សាររបស់លោក គង់ គាំ នៅបង្កប់ន័យផ្សេងទៀត ដែលមានលក្ខណៈឌឺដងឲ្យលោក សម រង្ស៊ី។ លោកបានសរសេរចំអកបែបនេះថា៖«សមាសភាពរបស់ CNRP លេចធ្លោនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាននិងកំពុងរង់ចាំការចូលស្រុករបស់ប្រធានស្តីទីរួចហើយ។ សូមអ្នកក្លាហានប្រវត្តិសាស្ត្រ កុំក្រឡាស់សម្តី។ ឆ្លងឆ្នាំថ្មី មិនចូលពីមួយថ្ងៃទៅមួយថ្ងៃ តម្លៃក្លាហាន កាន់តែចុះខ្សោយទៅៗ រហូតមានឈ្មោះជាមេដឹកនាំនយោបាយកុហក បោកប្រាស់ គ្មានគូប្រៀបក្នុងប្រវត្តិសាស្ត្រ»។
ចំណែកលោក គង់ បូរ៉ា កូនប្រុសច្បងរបស់លោក គង់ គាំ ក៏មិននៅស្ងៀមដែរ។ លោក បានរួមជាមួយឪពុក ឆ្លើយតបនឹងលោក សម រង្ស៊ី ដែលចោទលោក និង ឪពុក ដោយប្រយោល ថាជាជនក្បត់បក្ស។
លោក គង់ បូរ៉ា បានសរសេរលើទំព័រហ្វេសប៊ុកថា៖«ម៉េចក៏ត្រូវក្បត់ បើគណបក្សសង្គ្រោះជាតិត្រូវរលាយហើយ? បើក្បត់ប្រធានស្តីទីប្រហាក់ប្រហែលត្រឹមត្រូវជាង ព្រោះខ្ញុំមិនបានគាំទ្រមែន»។
ចំណុចចាប់ផ្តើម ដែលនាំឲ្យមិត្តភាពរវាងលោក គង់ គាំ និង លោក សម រង្ស៊ី ឈានដល់ការប្រេះឆា គឺនៅពេលលោក សម រង្ស៊ី យកករណីលោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់គ្នាជាមួយសម្តេច ហ៊ុន សែន។ លោក គង់ គាំ មិនពេញចិត្តសោះឡើយចំពោះទង្វើបែបនេះ ដោយចាត់ទុកថា វាជាការរំលោភលើសេរីភាពរបស់លោក កឹម សុខា។
ចាប់តាំងពីពេលនោះមក គេក៏សង្កេតឃើញលោក គង់ គាំ ចាប់ផ្តើមប្រឆាំងនឹងអ្វីដែលលោក សម រង្ស៊ី និយាយ។ បន្ទាប់មកទៀត លោក គង់ គាំ ក៏ចាប់ផ្តើមនិយាយ និងធ្វើអ្វីដែលផ្ទុយពីលោក សម រង្ស៊ី ។
ជាពិសេសនៅពេលលោក សម រង្ស៊ី ឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានប្រឆាំងរឹតតែខ្លាំង។
ដំណាក់កាលចុងក្រោយនេះ លោក គង់ គាំ និង លោក គង់ បូរ៉ា ក៏បានប្រតិកម្មខ្លាំងៗដែរ ក្រោយឮលោក សម រង្សី និយាយថា បើអ្នកណាបន្ទាបខ្លួនទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល អ្នកនោះ គឺជាជនក្បត់បក្ស។ លោក គង់ គាំ និងកូនប្រុស បានប្រកាសរួចហើយថា នឹងធ្វើសំណើទៅរដ្ឋាភិបាល ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ ដែលជាទង្វើមួយបញ្ច្រាសពីបំណងរបស់លោក សម រង្ស៊ី។
លោក សម រង្ស៊ី ប្រឹងអំពាវនាវជាញឹកញាប់ទៅអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ (សល់១១៧នាក់ ព្រោះទទួលមរណភាពម្នាក់) ឲ្យបន្តរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយចាំគិតពីរឿងទទួលសិទ្ធិនយោបាយតាមក្រោយ។
ទំនងជាខឹងលោក គង់ គាំ និង លោក គង់ បូរ៉ា ដែលប្រកាសសុំសិទ្ធិនយោបាយ លោក សម រង្ស៊ី ក៏ប្រើពាក្យថា មានមនុស្សក្បត់តែ២នាក់ទេ ក្នុងចំណោមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ១១៧នាក់។ ទោះមិននិយាយចំឈ្មោះក្តី តែលោក សម រង្ស៊ី មិនសំដៅទៅអ្នកណាផ្សេង ក្រៅពីលោក គង់ គាំ និង កូនប្រុសនោះទេ។
«មន្ត្រីគណបក្សសង្គ្រោះជាតិ១១៥នាក់ លើ១១៧នាក់ ដែលត្រូវបានគេដកសិទ្ធិធ្វើនយោបាយ មិនចាញ់បោក ឬមិនលក់ខ្លួនឲ្យលោក ហ៊ុន សែន ទេ លើកលែងតែមនុស្សថោកទាប ល្ងង់មើលខ្លី តែ២នាក់ប៉ុណ្ណោះ»។ នេះជាសារដែលលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុក។
ក្រោយមានជម្លោះជាមួយលោក សម រង្ស៊ី លោក គង់ គាំ ក៏ត្រូវបានគេសង្ស័យថា លោក ជារនុកក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ លោកធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនមែនជារនុកក្នុងរបស់គណបក្សប្រជាជនកម្ពុជានោះទេ តែមន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏មិនដែលចាត់ទុកលោក ជាសត្រូវដែរ។
ទោះជាលោក គង់ គាំ និង លោក សម រង្ស៊ី បង្ហាញពីការទាស់គ្នាយ៉ាងនេះក្តី តែមានសាធារណៈមតិខ្លះ នៅតែមិនជឿ ហើយអាចនឹងលួចគិតថា នេះជាយុទ្ធសាស្ត្ររបស់ពួកលោកទាំងពីរ។ យ៉ាងណាក៏ដោយចុះ ឈ្លោះគ្នាមែនទែនឬក៏ជាយុទ្ធសាស្ត្រនយោបាយ គឺមានតែពេលលោក សម រង្ស៊ី វិលមកកម្ពុជាវិញប៉ុណ្ណោះ ទើបគេអាចដឹងច្បាស់៕