ជាតិ
លោក ស សុខា រិះគន់​ក្រុមហ៊ុន​ចាក់​បេតុង​មួយ ដែល​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​
03, Jan 2019 , 10:20 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា រិះគន់​ក្រុមហ៊ុន​ចាក់​បេតុង​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សោ​ភណ្ឌ​ភាព​ផ្លូវ ដោយសារ​ការបំពេញ​ការងា​រ​បែប​ខ្ជីខ្ជា​នៅលើ​ផ្លូវ​សាធារណៈ​។​

 
​លោក ស សុខា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក រៀបរាប់​សកម្មភាព​ក្រុមការងារ​របស់​ក្រុមហ៊ុន​ចាក់​បេតុង​មួយ ដែល​បំពេញភារកិច្ច​បែប​ខ្ជះខ្ជាយ ធ្វើ​ឲ្យ​កាក​ស៊ីម៉ងត៍​ធ្លាក់​រប៉ាត់រប៉ាយ​លើ​ដងផ្លូវ នៅ​កន្លែង​ការដ្ឋាន​សំណង់​មួយ នៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ លោក ស សុខា ចាត់ទុក​សកម្មភាព​ការងារ​បែប​ខ្ជីខ្ជា​របស់​ក្រុមហ៊ុន​ចាក់​បេតុង​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​។​
 
​អម​ជាមួយ​រូបថត​៤​សន្លឹក ដែល​បង្ហោះ​ពី​សកម្មភាព​ការងារ​របស់​ក្រុមហ៊ុន​ចាក់​បេតុង​ខាងលើ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ និង​ភរិយា ចាប់អារម្មណ៍​ត្រង់​ថា ទឹក និង​កាក​ស៊ីម៉ងត៍​ធ្លាក់​រប៉ាត់រប៉ាយ​លើផ្លូវ​ដ៏​ស្រស់ស្អាត ដោយ​មិនមាន​ការសម្អាត​។​តាមមើលទៅ​រថយន្ត​បាញ់​បេតុង​នេះ​ជា​របស់​ក្រុមហ៊ុន​បរទេស​។ នៅ​ប្រទេស​ខ្លួន​មានច្បាប់​គ្រប់គ្រង​បញ្ហា​នេះ ចេះ​គោរព​ច្បាប់ និង​អនុវត្ត​។ នៅ​កម្ពុជា​ក៏មាន​ច្បាប់ទម្លាប់​បែបនេះ​ដែរ ចុះ​ហេតុអ្វី​មិន​ព្រម​គោរព​ច្បាប់​ផង​ទៅ​? រឿង​យក​ចិញ្ចើមផ្លូវ ទ្រូងផ្លូវ ចត​ឡាន​បាញ់​បេតុង ប៉ះពាល់​ចរាចរណ៍ សណ្ដាប់ធ្នាប់ សុវត្ថិភាព​អ្នកធ្វើដំណើរ​ជា​រឿង​មួយ​ទៅហើយ ខ្ញុំ​មិន​និយាយ​ទេ ព្រោះថា ធ្វើ​ដូចម្ដេច​ការអភិវឌ្ឍន៍ តែងតែ​បែបនេះ តែ​សំខាន់​គប្បី​ទទួលខុសត្រូវ​ទាំង​ការធ្លាក់​ស៊ីម៉ងត៍​ពាសពេញ​ផ្លូវ និង​សម្អាត​ផ្លូវ​ឡើងវិញ​ផង​ក្រោយ​ធ្វើ​រួច​»​។​
 
​បន្ទាប់ពី​រិះគន់​លើ​បញ្ហា​នេះហើយ លោក ស សុខា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី​ទាំងអស់ ចុះ​ពិនិត្យ​រាល់​ការដ្ឋាន​តាម​ចិញ្ចើមផ្លូវ​ជាប្រចាំ ដោយ​យកចិត្តទុកដាក់ ក្នុងទិសដៅ​បញ្ចៀស​ការស្ទះ​ចរាចរណ៍ រួម​ទាង​ការពារ​សណ្ដាប់ធ្នាប់ សុវត្ថិភាព សោ​ភ័​ណ្ឌ​ភាព និង​គុណភាព​ផ្លូវ ដែល​បាន​ចំណាយ​ថវិកា​រាប់លាន​ដុល្លារ​សាងសង់​នោះ​ផង​។​
 

Tag:
 ស សុខា​
  សំណង់​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com