ជាតិ
អាជ្ញាធរ​ខ្មែរ​៖ បទល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៨​មានការ​ថយចុះ តែ​បរិមាណ​គ្រឿងញៀន​ដែល​ចាប់បាន​មានការ​កើនឡើង​
03, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​សរុប​ក្នុង​ឆ្នាំ​២០១៨ បាន​ជាង​៥០០​គីឡូក្រាម​គឺមាន​ការកើនឡើង​៣៦០​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ខណៈ​បទល្មើស​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​ជាង​៨​ពាន់​ករណី ថយចុះ​ជាង​១០០​ករណី​។​

 
​របាយការណ៍​សរុបរ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល VOA ទទួលបាន​នៅ​ថ្ងៃ​ពុធ​នេះ បញ្ជាក់ថា ក្នុង​មួយឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី​(៨.០១៨​ករណី​)​ថយចុះ​ជាង​១០០​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ឃាត់ខ្លួន​មនុស្ស​១៦.២៣២​នាក់​(​ស្រី​១.៣៤៣​នាក់​)​ក្នុងនោះ​មាន​ជនបរទេស​៣១០​នាក់ ត្រូវ​នឹង​២៤​សញ្ជាតិ​។​
 
​ក្នុងចំណោម​បទល្មើស​ដែល​បង្ក្រាបបាន​ទាំង​ជាង​៨​ពាន់​ករណី មាន​ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ដាំ​ដុះ​ចំនួន​៥.០៦១​ករណី ឃាត់ខ្លួន​ចំនួន​៩.០៩៩​នាក់ និង​ករណី​ប្រើប្រាស់​ចំនួន​២.៩៥៧ ឃាត់ខ្លួន​មនុស្ស​ចំនួន​៧.១៣៣​នាក់ (​ស្រី​៤២៦​នាក់​)​។​
 
​សមត្ថកិច្ច​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម និង​៣៧០​កញ្ចប់ កញ្ឆា​ក្រៀម​ជាង​៧៤​គីឡូក្រាម និង​១៦.៤៩២៥​ដើម​។​
 
​យោងតាម​របាយការណ៍​នេះ គេ​ឃើញថា ចំនួន​នៃ​បទល្មើស​គ្រឿងញៀន​មានការ​ថយចុះ ប៉ុន្តែ​គ្រឿងញៀន​ដែល​ចាប់​យកបាន​មាន​ចំនួន​៥៣៣​គីឡូក្រាម កើនឡើង​ចំនួន​៣៦០​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ចាប់បាន​ចំនួន​១៧៣​គីឡូក្រាម​។​
 
​លោក​មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រាប់ VOA នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា មូល​ហេតុដែល​បទល្មើស​គ្រឿងញៀន​ថយចុះ ប៉ុន្តែ​ចំនួន​គ្រឿងញៀន​កើនឡើង​គឺ​ដោយសារ​សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​ធំៗ​ច្រើន ស្រប​ពេលដែល​ស្ថានភាព​នៃ​ការជួញដូរ​គ្រឿងញៀន​ក្នុង​ពិភពលោក​នៅតែ​បន្ត​កើតមាន​។​
 
​លោក​បញ្ជាក់ថា​៖
 
«​ស្រប​ពេលដែល​និន្នាការ​គ្រឿងញៀន​ពិភពលោក​មាន​សកម្មភាព​ហាក់ដូចជា​គ្រោះថ្នាក់ មិនមាន​សញ្ញា​ណាមួយ​ថមថយ អ៊ីចឹង​កម្ពុជា​ក៏​មិនអាច​គេចផុត​អំពី​ការ​សាយភាយ ដោយសារ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ពី​តំបន់​ផលិត​ក៏​ដូច​ទីផ្សារ​នៃ​ការប្រើប្រាស់​។ ដូច្នេះ​សមត្ថកិច្ច​ត្រូវខិតខំ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ទោះបី​យើង​សម្រេចបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក៏ពិតមែន​»​។​
 
​របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ចេញ​កាលពី​ឆ្នាំមុន បញ្ជាក់ថា ក្នុង​មួយឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី​(៨.១៧៣​ករណី​) ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ជិត​១​ម៉ឺន​៨​ពាន់​នាក់​(១៧.៧៩៥​នាក់​) គ្រឿងញៀន​ដែល​ចាប់បាន​មាន​ចំនួន​១៧៣​គីឡូក្រាម និង​៨៨៦​កញ្ចប់ កញ្ឆា​ក្រៀម​ជាង​១១៣​គីឡូក្រាម និង​២៧៥.៨១៥​ដើម និង​មាន​អ្នកប្រើប្រាស់​សរុប​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ (១៤.៣៥៣​នាក់​)​។​
 
​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​ចុងឆ្នាំ​២០១៦​មក​។ ក្រោយ​ការប្រកាស​បើក​យុទ្ធនាការ​នោះ គេ​ឃើញថា ករណី​គ្រឿងញៀន​ត្រូវ​បង្ក្រាបបាន​យ៉ាងគំហុក ដោយមាន​ទាំង​ការរក​ឃើញថា មានការ​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ និង​ការបញ្ជា​ឲ្យ​មានការ​ជួញដូរ​ពី​ក្នុង​ពន្ធនាគារ​ជាដើម​។ ការបង្ក្រាប​យ៉ាងគំហុក​នេះ​ក៏បាន​បណ្តាល​ឲ្យ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បង្ហាញ​ការបារម្ភ​ថា កម្ពុជា​ខ្វះ​ពន្ធនាគារ​សម្រាប់​ដាក់​ជ​ន​ល្មើស​ទៀតផង​។​
 
​ខណៈ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​ចាប់ផ្តើម​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​នោះ អ្នកឃ្លាំមើល​សង្គម​បាន​រិះគន់ថា រដ្ឋាភិបាល​បង្ក្រាបបាន​តែ​អ្នកប្រើប្រាស់ និង​អ្នកជួញដូរ​តូចតាច តែ​មិន​បង្ក្រាបបាន​អ្នកជួញដូរ​ធំៗ​។ ពួកគេ​ក៏បាន​លើកឡើងថា ការបង្ក្រាប​ដែលមាន​ប្រសិទ្ធភាព​បំផុត​គឺ​ត្រូវ​ផ្ដោតលើ​អ្នកជួញដូរ​គ្រឿងញៀន​ធំៗ ដែលជា​ឫសគល់​នៃ​ការកើនឡើង​នៃ​ចរាចរ និង​ប្រើប្រាស់​គ្រឿងញៀន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com